ម្ចាស់ផ្ទះម៉ិកស៊ិកអបអរសាទរជ័យជម្នះរបស់ខ្លួន២ទល់នឹង០លើអាហ្វ្រិកខាងត្បូងក្នុងថ្ងៃបើកឆាកព្រឹត្តិការណ៍ World Cup 2026 ដែលជាការប្រកួតប្រើប្រាស់កាតក្រហមច្រើនជាងគេ

ក្រុមជម្រើសជាតិម៉ិកស៊ិក បានបើកសម្ពោធយុទ្ធនាការប្រកួតបាល់ទាត់ World Cup ឆ្នាំ 2026 របស់ខ្លួនជាមួយនឹងជ័យជម្នះកាលពីយប់ថ្ងៃព្រហស្បតិ៍នេះ ដែលធ្វើឲ្យប្រជាជនជាអ្នកគាំទ្ររអបអរសាទរយ៉ាងភ្លូកទឹកភ្លូកដីនៅទីក្រុងម៉ិកស៊ិកូដែរ។ អ្នកគាំទ្របានប្រមូលផ្តុំគ្នានៅទីលាន Plaza Garibaldi ដែលជាទីលាន mariachi ដ៏ល្បីល្បាញបំផុតមួយក្នុងប្រទេសនេះ ដើម្បីទស្សនាការប្រកួតបើកឆាកនៅក្នុងតំបន់ដែលរៀនចំសម្រាប់ក្រុមអ្នកគាំទ្រដោយអាជ្ញាធរក្រុង។ ពួកគេងើបស្ទុះឡើងស្រែកហ៊ោកញ្រ្ជៀវអបអរសាទរ នៅពេលដែលម៉ិកស៊ិករកបានគ្រាប់បាល់២ទល់នឹង០អាហ្វ្រិកខាងត្បូង ដោយមនុស្សជាច្រើនបានគ្រវីទង់ជាតិ ស្រែកច្រៀង និងចូលរួមបង្កើតរូបភាពជាទឹករលកទង់ជាតិម៉ិកស៊ិកជាដើម ខណៈដែលក្រុមជម្រើសជាតិម៉ិកស៊ិកគឺទទួលបាន៣ពិន្ទុដំបូងក្នុងកិច្ចបើកឆាកក្នុងនាមជាម្ចាស់ផ្ទះស្ថិតក្នុងពូល A ថែមទៀតផង។ ការប្រកួតនេះអាជ្ញាកណ្តាលបានកាតផាកពិន័យទាំងក្រហម និង កាតលឿងច្រើនខុសពីធម្មតា ដោយកាតប្រហម២សម្រាប់កីឡាករអាហ្វ្រិកខាងត្បូង និងមួយសម្រាប់កីឡាករម៉ិកស៊ិក។ គ្មានការប្រកួត World Cup ណាមួយដែលគេធ្លាប់បានឃើញនូវការបណ្តេញចេញកីឡាករដោយប្រើកាតក្រហមច្រើននោះទេ ចាប់តាំងពីការប្រកួតរវាងព័រទុយហ្គាល់ និងហូឡង់ជួបគ្នាក្នុងឆ្នាំ ២០០៦មក នៅពេលដែលកីឡាករចំនួន៤រូប ត្រូវបានអាជ្ញាកណ្តាលបង្ហាញកាតក្រហម ជាកំណត់ត្រាក្នុងការប្រកួតដ៏តឹងតែងដែរ។ បើប្រៀបធៀបជាមួយនឹងព្រឹត្តិការណ៍ World Cup ឆ្នាំ 2022 ទាំងមូលនៅប្រទេសកាតា ការប្រើកាតក្រហមមានត្រឹមតែបួនប៉ុណ្ណោះ។ អ្នកគាំទ្រមួយចំនួនបាននិយាយថា លទ្ធផលគឺវិជ្ជមាន ប៉ុន្តែមានអារម្មណ៍ថាម៉ិកស៊ិកអាចប្រើប្រាស់អត្ថប្រយោជន៍លេខរៀងរបស់ខ្លួនបានកាន់តែល្អប្រសើរឡើង អំឡុងពេលនៃការប្រកួតវគ្គបន្ទាប់។ លោក Humberto Martinez និងកូនប្រុសរបស់គាត់ឈ្មោះ Alejandro ស្ថិតក្នុងចំណោមអ្នកដែលមានសំណាងដែលបានមកកាន់ពហុកីឡដ្ឋានម៉ិកស៊ិកស៊ីធី ជាទីកន្លែងនៃការប្រកួតលើកដំបូងរបស់ប្រទេសនេះក្នុងនាមជាសហម្ចាស់ផ្ទះ។ លោក Martinez បាននិយាយនៅពេលចាកចេញពីពហុកីឡដ្ឋានថា “វាជាអារម្មណ៍មួយដែលធ្វើឲ្យខ្ញុំរំភើបខ្លាំងណាស់! ខ្ញុំមិនដែលច្រៀងចម្រៀងជាតិរំភើបដូចថ្ងៃនេះទេ”។ សូមបញ្ជាក់ថាក្រុមម៉ិកស៊ិកនឹងត្រូវជួបប្រកួតគ្នាបន្តជាមួយក្រុមជម្រើសជាតិកូរ៉េខាងត្បូងនៅ Guadalajara ខណៈដែលអាហ្វ្រិកខាងត្បូងត្រូវបានគ្រោងនឹងលេងជាមួយសាធារណរដ្ឋឆែកនៅ Atlanta ផងដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ