អាជីវកម្មសេវាកម្មទេសចរណ៍ ក្នុងក្រុងកំពង់ចាម  ទទួលបានការផ្សព្វផ្សាយ ដើម្បីពង្រឹងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន និងApp NoDrug

ខេត្តកំពង់ចាម ៖ អនុវត្តតាមផែនការពហុវិស័យ និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀន​ ចាប់តាំងរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានសហការជាមួយក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តកំពង់ចាម ដើម្បីចូលរួមចុះផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់ប្រតិបត្តិករ និងបុគ្គលិកបម្រើការនៅតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម បានចំនួន២២ទីតាំង គ្របដណ្តប់ចំនួនមនុស្ស ៣៤៥នាក់។

លោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម បានមានមតិស្វាគមន៍ដោយបានបង្ហាញពីសភាពការណ៍ទេសចរណ៍នៅក្នុងខេត្តក៏ដូចជាកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីធានាសុវត្ថិភាពនិងទាក់ទាញអ្នកទេសចរណ៍ឲ្យមកលេងខេត្តកំពង់ចាមដងទន្លេមេគង្គមួយនេះ ហើយលោកនឹងបន្តអនុវត្តនៅរាល់គោលនយោបាយទាក់ទាញទេសចរណ៍រដូវកាលបៃតង ។

ថ្លែងក្នុងនាម ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក្នុងឱកាសនោះលោក ឡោ សុវិជ្ជា អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិតំណាងក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍ បានផ្សព្វផ្សាយផែនការលេខ ០១ ផក ចុះថ្ងៃទី១៣ ខែឆ្នាំកុម្ភ: ២០២៦ ស្តីពីផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ របស់រាជរដ្ឋាភិបាលលើកទី១១ ។

ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នាឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ  នៃអគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណ និងកោតសសើររបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជូនដល់វិស័យទេសចរណ៍ ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយគោលបំណងពេលនេះ គឺដើម្បីត្រួតពិនិត្យការចូលរួមរបស់វិស័យឯកជន ជួយបង្ការ ទប់ស្កាត់ការរីករាលបញ្ហាគ្រឿងញៀន និងផ្តល់យុទ្ធសាស្រ្តបន្ថែម។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងបញ្ជាក់ម្ចាស់ទីតាំងអាជីវកម្មសេវាកម្មទេសចរណ៍ចំពោះកិច្ចសហការ និងបង្ហាញពីអារម្មណ៍រីករាយសាទរដល់ក្រុមការងារ ដែលបានយកចិត្តទុកដាក់ដល់ពួកគាត់ បង្កើនការយល់ដឹងបន្ថែមទៀតតាមរយ:ការផ្តល់នូវខិតបណ្ណ សៀវភៅច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ស្ទីកឃ័រណែនាំឱ្យទៅទទួលសេវាព្យាបាលដោយផ្អែកលើសហគមន៍ នៅមូលដ្ឋានសុខាភិបាល និងបំផុសការប្រើប្រាស់ App NoDrug ។

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៥ កម្ពុជាបានសម្រេចនូវសមិទ្ធផលលេចធ្លោជាច្រើនក្នុងនោះបានចុះអប់រំទីតាំងអាជីវកម្មនៅតាមសណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល បារ ខេធីវី និងក្លឹបបានចំនួន១៤.១៩៤លើក បិទអាជីវកម្មបាន ចំនួន១២ទីតាំងនិងឆ្មក់ធ្វើតេស្តអ្នកសង្ស័យបានចំនួន ១.១៦៣លើក ស្មើនឹង ១៣.៧៩៦នាក់ មានវិជ្ជមានចំនួន ១.៥១០នាក់ ក្នុងនោះបានបញ្ជូនទៅតុលាការចំនួន ១.៤៣១នាក់ និងធ្វើសមាហរណកម្មបានចំនួន ១០.៦៤០នាក់។