រាជរដ្ឋាភិបាល ផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគចំនួន ៦ នៅភូមិភាគឦសាន ក្រោមទុនវិនិយោគប្រមាណ ៨៣ លានដុល្លារអាម៉េរិក និង អាចបង្កើតការងារថ្មី ២ ៥៨៧ កន្លែង

នាព្រឹកថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចប្រជុំពិនិត្យសម្រេច លើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ជាលើកទី ៥ សម្រាប់គម្រោងវិនិយោគចំនួន ៦ ក្រោមទុនវិនិយោគប្រមាណ ៨៣ លានដុល្លារអាម៉េរិក និង អាចបង្កើតការងារថ្មី ២ ៥៨៧ កន្លែង នៅពេលដំណើរការ ។
គម្រោងទាំងនេះ រួមមាន ៖ ២ គម្រោង នៅខេត្តរតនគិរី, ២ គម្រោង នៅខេត្តមណ្ឌលគិរី, ១ គម្រោង នៅខេត្តស្ទឹងត្រែង និង ១ គម្រោង នៅខេត្តក្រចេះ ដែលមានសកម្មភាពចម្រុះ មានជាអាទិ៍ គម្រោងវិនិយោគរោងចក្រផលិតម្សៅដំឡូងមីស្រស់, រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី, គម្រោងដាំដុះដំណាំកៅស៊ូ និង រោងចក្រកែច្នៃជ័រកៅស៊ូ, គម្រោងទេសចរណ៍ធម្មជាតិ, និង គម្រោងដំាដុះ និង រោងចក្រកែច្នៃកាហ្វេ ។
ថ្លែងក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន នឹងនៅបន្តគាំទ្រ សម្របសម្រួល និង ស្វែងរកដំណោះស្រាយ ពាក់ព័ន្ធនឹងការអនុវត្តគម្រោងវិនិយោគជាប្រចាំ ហើយវិនិយោគិនឯកជន ដែលទទួលបានគោលការណ៍វិនិយោគ ត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងជាក់ស្តែង តាមផែនការដែលបានស្នើសុំ, ជាពិសេស ត្រូវសង្កត់ធ្ងន់លើការបង្កើតការងារ, ការផ្ទេរជំនាញ, ការខិតខំកែច្នៃ និង ការប្រើប្រាស់បច្ចេកទេសថ្មីៗ ក្នុងខ្សែច្រវាក់ផលិតកម្ម, និង ត្រូវជំរុញបរិវត្តកម្ម ពីការផ្តោតតែលើការផលិត ឈានទៅរកការកែច្នៃ ដែលមានតម្លៃបន្ថែមកាន់តែប្រសើរ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ មានសុទិដ្ឋិនិយមថា ជាមួយនឹងការធ្លាក់ចុះជាបណ្តើរៗនៃតម្លៃប្រេង ដែលជាផ្នែកចម្បងនៃថ្លៃផលិតកម្មក្នុងវិស័យកសិកម្ម និងការកែច្នៃ, វិនិយោគិននឹងអាចមានស្ថិរភាពប្រតិបត្តិការឡើងវិញ ហើយមានចាប់អារម្មណ៍ពង្រីកអាជីវកម្មរបស់ខ្លួន ។
ជាមួយនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានបង្ហាញសេចក្តីសោមនស្ស ជាមួយនឹងការកើនឡើងជាលំដាប់នូវសមត្ថភាពសម្របសម្រួល និង ចូលរួមគ្រប់គ្រងគម្រោង ពីសំណាក់អនុគណៈកម្មាធិការវិនិយោគរបស់ខេត្ត, ព្រមទាំងបានអបអរសាទរដល់រដ្ឋបាលខេត្តស្ទឹងត្រែង ដែលសម្រេចបានការចុះបញ្ជី គ.ល.គ ដំបូង សម្រាប់គម្រោងដែលមានទុនវិនិយោគក្រោម ៥ លានដុល្លារ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបង្ហាញក្តីសង្ឃឹមថា រដ្ឋបាលខេត្តទាំង ៤ នឹងខិតខំជំរុញបន្ថែមទៀតឱ្យមានការចុះបញ្ជី គ.ល.គ ជាបន្តបន្ទាប់ ដើម្បីជំរុញភាពផុសផុល និង លេចធ្លោរបស់តំបន់ភូមិភាគឦសាន ។
គួរបញ្ជាក់ជូនថា បន្ទាប់ពីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥, ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ទទួលបានសំណើគម្រោងវិនិយោគសរុបចំនួន ៦៦ គម្រោង ក្រោមទុនវិនិយោគសរុប ២ ៤៧៨,៦ លានដុល្លារអាម៉េរិក និង បានឯកភាពផ្តល់គោលការណ៍ជូនគម្រោងវិនិយោគចំនួន ៤៥ គម្រោង ក្រោមទុនវិនិយោគជាង ២ ០០០ លានដុល្លារអាម៉េរិក ។ ក្នុងនោះ, សំណើគម្រោងវិនិយោគតាមបណ្តាខេត្តនីមួយៗ មានដូចខាងក្រោម៖
• ខេត្តក្រចេះ ទទួលបានសំណើគម្រោងចំនួន ១៦ គម្រោង ក្រោមទុនវិនិយោគ ១ ០៧១ លានដុល្លារអាម៉េរិក និង បង្កើតការងារ ២៥ ២៣១ កន្លែង,
• ខេត្តស្ទឹងត្រែង ទទួលបានសំណើគម្រោងចំនួន ១៩ គម្រោង ក្រោមទុនវិនិយោគ ១៣៧,៩ លានដុល្លារអាម៉េរិក និង បង្កើតការងារ ៣ ៣១០ កន្លែង,
• ខេត្តមណ្ឌលគិរី ទទួលបានសំណើគម្រោងចំនួន ២០ គម្រោង ក្រោមទុនវិនិយោគ ៤០៦,៥ លានដុល្លារអាម៉េរិក និង បង្កើតការងារ ៤ ៧៧៣ កន្លែង និង
• ខេត្តរតនគិរី ទទួលបានសំណើគម្រោងចំនួន ១១ គម្រោង ក្រោមទុនវិនិយោគ ៨៦៣,២ លានដុល្លារអាម៉េរិក និង បង្កើតការងារ ៤២ ៩៥១ កន្លែង ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តឱ្យរដ្ឋបាលខេត្តនីមួយៗ ឱ្យខិតខំចូលរួមទាក់ទាញវិនិយោគិន តាមដែលអាចធ្វើទៅបាន, ជាពិសេស ការខិតខំបង្ហាញអំពីសក្តានុពលវិនិយោគរបស់ខេត្ត ដើម្បីទាក់ទាញ និង ទទួលវិនិយោគិន ព្រមទាំងបានស្នើឱ្យរដ្ឋបាលខេត្តនីមួយៗ រៀបចំកិច្ចប្រជុំអនុគណៈកម្មាធិការ​វិនិយោគ ឱ្យបានជាប្រចាំ ដើម្បីដាក់ចេញយុទ្ធសាស្ត្រ និង ផែនការទាក់ទាញ និង ជំរុញវិនិយោគឱ្យបានច្បាស់លាស់ ដោយមិនត្រូវរង់ចាំតែទទួលគម្រោង ដែលវិនិយោគិនបានដាក់ស្នើឡើយ ។
ជាចុងក្រោយ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំឱ្យក្រុមការងារខិតខំបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមរយៈយន្តការ “ច្រកចេញចូលតែមួយ” និង អភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ព្រមទាំងគោរពគោលការណ៍ចូលរួមសម្រេចចិត្តរួមគ្នា ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព និង ត្រូវខិតខំជួយសម្របសម្រួលដល់វិនិយោគិន ក្នុងការដោះស្រាយបញ្ហាប្រឈម និង ផ្តល់ការគាំទ្រចាំបាច់នានា តាមដែនសមត្ថកិច្ចរៀងៗខ្លួន ក្នុងគោលដៅរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច បង្កើនការងារ និង បង្កើនជំនាញសម្រាប់តំបន់ភូមិភាគឦសានទាំងមូល ។
វិនិយោគិន ដែលមានបំណងទទួលបានការលើកទឹកចិត្តពិសេស, ការសម្របសម្រួល និង ការសម្រួលនីតិវិធី, សូមដាក់ពាក្យ ឬ ស្នើមកកាន់ក្រុមការងារ ដោយឥតគិតថ្លៃ តាមរយៈការិយាល័យរបស់ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) ដែលមាន ៥ ទីតាំង ដូចខាងក្រោម៖
ទីតាំងទី១. ស្ថិតនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) ជាន់ទី ២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខទំនាក់ទំនង (+855) 76 36 52 775/ 97 25 67 174,
ទីតាំងទី២. ការិយាល័យស្ថិតនៅខេត្តក្រចេះ មានអាសយដ្ឋាននៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ (សាលមហោស្រពខេត្តក្រចេះ) ដែលមានលេខទំនាក់ទំនង (+855) 97 22 00 664,
ទីតាំងទី៣. ការិយាល័យស្ថិតនៅខេត្តស្ទឹងត្រែង មានអាសយដ្ឋាននៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង (ក្នុងសាលាខេត្តស្ទឹងត្រែង) ដែលមានលេខទំនាក់ទំនង (+855) 97 22 00 663,
ទីតាំងទី៤. ការិយាល័យស្ថិតនៅខេត្តមណ្ឌលគិរី មានអាសយដ្ឋាននៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (ក្នុងសាលាខេត្តមណ្ឌលគិរី) ដែលមានលេខទំនាក់ទំនង (+855) 97 22 11 663, និង
ទីតាំងទី៥. ការិយាល័យស្ថិតនៅខេត្តរតនគិរី មានអាសយដ្ឋាននៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី (ក្នុងសាលាខេត្តរតនគិរី) ដែលមានលេខទំនាក់ទំនង (+855) 97 22 11 664 ៕