អភិបាលខេត្តមណ្ឌលគិរី អញ្ជើញជួបសំណេះសំណាលជាមួយអាជីវករ និងពិនិត្យវឌ្ឍនភាព នៅរមណីយដ្ឋានទឹកជ្រោះប៊ូស្រា

ខេត្តមណ្ឌលគិរី ៖ នាថ្ងៃអាទិត្យទី៣០ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្ដម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានចំណាយពេលវេលាដ៏មានតម្លៃ បន្ទាប់ពីមមាញឹកលើភារកិច្ច និងការងាររដ្ឋបាលប្រចាំថ្ងៃ ដើម្បីចុះពិនិត្យស្ថានភាពជាក់ស្តែង ឈ្វេងយល់ពីការអភិវឌ្ឍ និងវាយតម្លៃសក្តានុពលទេសចរណ៍នៅរមណីយដ្ឋាន «ទឹកជ្រោះប៊ូស្រា» ដែលជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បីល្បាញ និងជាបេះដូងទេសចរណ៍ ដ៏មានសក្តានុពលបំផុតមួយប្រចាំខេត្តមណ្ឌលគិរី។

ក្នុងឱកាសអញ្ជើញចុះទស្សនកិច្ចដោយផ្ទាល់នោះ ឯកឧត្តម អភិបាលខេត្ត បានជួបសំណេះសំណាលយ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ អាជីវករ និងអ្នកផ្តល់សេវាកម្មទេសចរណ៍នានា ព្រមទាំងបានផ្តល់នូវអនុសាសន៍ណែនាំសំខាន់ៗជាច្រើន ដើម្បីលើកកម្ពស់មុខមាត់ទេសចរណ៍ក្នុងខេត្ត។ ឯកឧត្តម បានជំរុញ និងរំលឹកដល់បងប្អូនអ្នកផ្តល់សេវាកម្មទាំងអស់ នៅក្នុងរមណីយដ្ឋានទឹកជ្រោះប៊ូស្រា ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ កុំតម្លើងថ្លៃទំនិញ/សេវាកម្មខុសប្រក្រតី ដោយត្រូវផ្តល់សេវាប្រកបដោយក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់ ជូនដល់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដើម្បីបង្កើតអនុស្សាវរីយ៍ល្អៗ និងទាក់ទាញពួកគេ ឱ្យត្រឡប់មកកម្សាន្តម្តងទៀត។ ចំពោះក្រុមការងារគ្រប់គ្រងរមណីយដ្ឋាន ឯកឧត្តម បានណែនាំឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុតលើបញ្ហាសុខសុវត្ថិភាព និងអនាម័យបរិស្ថាន ព្រមទាំងត្រូវបន្តពង្រឹងគុណភាពសេវាកម្មនានា ក្នុងដែនគ្រប់គ្រងរបស់ខ្លួនឱ្យកាន់តែមានស្តង់ដារ និងរៀបចំការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរ។ ឯកឧត្ដម គង់ គឹមនី បានគូសបញ្ជាក់ថា «រដូវកាលបៃតង (Green Season) នាពេលនេះ គឺជារដូវកាលដែលខេត្តមណ្ឌលគិរីមានសម្រស់ស្រស់ស្អាតបំផុត» ដោយសារព្រៃឈើ ខ្នងភ្នំ និងរមណីយដ្ឋានធម្មជាតិទាំងអស់ត្រូវបានគ្របដណ្តប់ដោយពណ៌បៃតងស្រស់ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ព្រមទាំងមានបរិមាណទឹកធ្លាក់យ៉ាងស្រស់ស្អាត ។ ជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវយ៉ាងទទូច ដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជិតឆ្ងាយ ឱ្យរៀបចំដំណើរផ្សងព្រេង និងមកកម្សាន្តនៅខេត្តមណ្ឌលគិរីឱ្យបានច្រើនកុះករ។

ជាចុងក្រោយ ឯកឧត្តម អភិបាលខេត្តមណ្ឌលគិរី បានធានាជូន ១០០% លើបញ្ហាសន្តិសុខ និងសុខសុវត្ថិភាពជូនដល់ភ្ញៀវទេសចរទាំងអស់ ដែលអញ្ជើញមកកម្សាន្តក្នុងមូលដ្ឋាន និងតាមរមណីយដ្ឋាននានាទូទាំងខេត្ត។ ឯកឧត្តម បានអះអាងថា កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ មានសមត្ថកិច្ចគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវបានរៀបចំ និងត្រៀមលក្ខណៈរួចជាស្រេច ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលការធ្វើដំណើរជូនពុកម៉ែបងប្អូនទាំងអស់គ្នា ឱ្យទទួលបាននូវក្តីសប្បាយរីករាយ និងភាពកក់ក្តៅបំផុតក្នុងអំឡុងពេលលំហែកាយនៅដែនដីភូមិភាគឦសាននៃខេត្តមណ្ឌលគិរីមួយនេះ ៕