CMAC បង្ហាញស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាម របស់យោធាថៃនៅលើបូរណភាពទឹកដីកម្ពុជា ក្នុងសង្គ្រាមឆ្នាំ២០២៥ ជូនដល់មន្ត្រីសេនានុព័ន្ធយោធា និងក្រុមអ្នក សង្កេតការណ៍អាស៊ាន ១៤ប្រទេស

CMAC បង្ហាញស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាម របស់យោធាថៃនៅលើបូរណភាពទឹកដីកម្ពុជា ក្នុងសង្គ្រាមឆ្នាំ២០២៥ ជូនដល់មន្ត្រីសេនានុព័ន្ធយោធា និងក្រុមអ្នក សង្កេតការណ៍អាស៊ាន ១៤ប្រទេស ដឹកនាំដោយលោកវរនាវីឯក Glenn Z. Dizon ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) នៃសាធារណរដ្ឋហ្វីលីពីន និងតំណាងក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) រួមមានសហរដ្ឋអាម៉េរិក ចិន បារាំង ឥណ្ឌា ជប៉ុន អូស្ត្រាលី រុស្ស៊ី កូរ៉េខាងត្បូង និងបណ្តាប្រទេសសមាជិកអាស៊ាន។ ការបង្ហាញនូវស្ថានភាពនេះ ត្រូវបានធ្វេីឡេីងនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ធ្វេីបទបង្ហាញដោយផ្ទាល់ ពីសំណាក់ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅទីបញ្ជាការCMAC រាជធានីភ្នំពេញ។

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានធ្វើបទបង្ហាញស្តីពីបច្ចុប្បន្នភាពនៃ សង្គ្រាមថៃឈ្លានពានឆ្នាំ២០២៥ (២៤-២៨ កក្កដា និង ០៧-២៧ ធ្នូ ឆ្នាំ២០២៥) ដែលបានគំរាមកំហែងដោយផ្ទាល់ដល់ប្រជាពលរដ្ឋចំនួន៣៦៤.៩៨៤នាក់ នៅក្នុងភូមិចំនួន៣៤៩ នៃខេត្តចំនួន៧ រួមមានខេត្ត ព្រះវិហារ ឧត្តរ មាន ជ័យ បន្ទាយ មាន ជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្ត កោះកុង ដោយបានបង្ខំឱ្យប្រជាពលរដ្ឋជាង ៦៤០.០០០នាក់ ផ្លាស់ប្តូរទីលំនៅ និងជម្លៀសទៅកាន់តំបន់សុវត្ថិភាព។

សូមបញ្ជាក់ជូនថា អង្គភាពCMACបានបញ្ចប់ការស្រាវជ្រាវព័ត៌មានចំនួន៣៣៥ភូមិ ក្នុងចំណោម៣៤៩ភូមិ ដោយបានកំណត់តំបន់រងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមថៃសរុបចំនួនជាង៣៨៦.៨៨០ហិកតា គ្របដណ្តប់លើ៥.៤០៩តំបន់ (Polygons) ក្នុងនោះផ្ទៃដីជាង ២៩៥.០៩៦ហិកតា រងការគំរាមកំហែងដោយសារគ្រាប់បែកចង្កោម ដូចជាគ្រាប់កាំភ្លើងធំ ១៥៥ ម.ម ផ្ទុកកូនគ្រាប់ប្រភេទM46 និងM85 ព្រមទាំងគ្រាប់បែកទម្លាក់ពីយន្ដហោះប្រភេទMK ជាពិសេសMK-82 និងMK-84។ ការឈ្លានពាននេះ របាយការណ៍ក៏បានគូសបញ្ជាក់ពីការខូចខាតយ៉ាងធ្ងន់ធ្ធរនៅប្រាសាទព្រះវិហារ ដែលជាបេតិក ភណ្ឌពិភពលោក។ អង្គភាពCMACបានកត់ត្រារណ្តៅគ្រាប់ចំនួន៥០១រណ្តៅ នៅទូទាំងរមណីយដ្ឋានប្រាសាទ។

បច្ចុប្បន្ន អង្គភាពស៊ីម៉ាក់កំពុងបន្តប្រតិបត្តិការបោសសម្អាតបន្ទាន់ ដោយប្រើប្រាស់កម្លាំងបោសសម្អាតដោយមនុស្ស ក្រុមសុនខហិតមីន និងគ្រឿងចក្របោសសម្អាតមីន ដើម្បីរុករក និងកម្ទេចគ្រាប់យុទ្ធភណ្ឌ ព្រមទាំងអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យថ្កោលទោសការប្រើប្រាស់គ្រាប់បែកចង្កោម និងបន្តគាំទ្រប្រតិបត្តិការរំដោះដីធ្លីដើម្បីសុវត្ថិភាពសហគមន៍៕