អគ្គីភ័យក្នុងភូមិលើទឹក Borneo ឆ្នេរសមុទ្រម៉ាឡេស៊ីបានបំផ្លាញផ្ទះឈើជាប់គ្នារដឹកប្រហែលជា១០០០ខ្នង និងបណ្តាលឱ្យមនុស្ស៩០០០នាក់ត្រូវជម្លៀសភ្លាមៗ

អាជ្ញាធរបាននិយាយថា អគ្គីភ័យដែលបានឆាបឆេះទីតាំងលំនៅដ្នានឆ្នេរសមុទ្រម៉ាឡេស៊ីដែលស្ថិតនៅលើកោះ Borneo (ប៊ូណេអូ) បានបំផ្លាញផ្ទះប្រហែលជា១០០០ខ្នង និងបានធ្វើឱ្យមនុស្សជាង ៩០០០នាក់ត្រូវផ្លាស់ទីលំនៅភ្លាមៗ។ យោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យ និងជួយសង្គ្រោះ អគ្គីភ័យបានចាប់ផ្តើមនៅព្រឹកថ្ងៃអាទិត្យក្នុងស្រុក Sandakan (សាន់ដាកាន់)ហើយវាបានរាលដាលយ៉ាងឆាប់រហ័សតាមរយៈជួរផ្ទះឈើដែលសាងសង់នៅលើសសរខ្ពស់ៗពីលើសមុទ្រ។ មន្ត្រីបាននិយាយថា ខ្យល់បក់ខ្លាំង និងសភាពផ្ទះជាប់ជិតគ្នាពេក គឺជាកត្តាជំរុញភ្លើងឲ្យកាន់តែឆាប់ឆេះលឿនបំផុត ខណៈដែលផ្លូវចូលតូចចង្អៀត និងស្ថានភាពទឹកសមុទ្រទាបបានធ្វើឱ្យក្រុមសង្គ្រោះបន្ទាន់ពិបាកទៅដល់តំបន់ដែលរងផលប៉ះពាល់នោះ និងមិនអាចទប់ស្កាត់អណ្តាតភ្លើងបាន។ មិនមានរបាយការណ៍អំពីចំនួនស្លាប់នៅឡើយទេ ប៉ុន្តែទោះបីជាប្រជាជនរាប់ពាន់នាក់ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេក្តី ក៏ការផ្លាស់ទៅកាន់កន្លែងស្នាក់នៅបណ្តោះអាសន្នត្រូវធ្វើជាបន្ទាន់ដែរ។ មូលហេតុនៃអគ្គីភ័យមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ហើយនៅតែស្ថិតក្រោមការស៊ើបអង្កេតដដែល។ ភូមិទឹកដែលជាការតាំងទីលំនៅក្រៅផ្លូវការនេះ បានសាងសង់នៅលើផ្ទៃសមុទ្រ និងត្រូវបានគេរកឃើញតាមបណ្តោយឆ្នេរសមុទ្រភាគច្រើននៃរដ្ឋ Sabah (សាបា) ដែលជារដ្ឋមួយក្នុងចំណោមរដ្ឋដ៏ក្រីក្របំផុតនៅក្នុងប្រទេសម៉ាឡេស៊ី។ ផ្ទះទាំងនោះត្រូវបានហ៊ុមព័ទ្ធយ៉ាងតឹងរ៉ឹង ធ្វើពីវត្ថុធាតុដើមងាយនឹងឆាបឆេះ និងជារឿយៗតែងតែខ្វះនូវរបៀបនៃហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន។ ប្រជាពលរដ្ឋជាច្រើនមកពីសហគមន៍ដែលមានប្រាក់ចំណូលទាប ឬងាយរងគ្រោះ រួមទាំងក្រុមជនជាតិដើមភាគតិច និងមនុស្សដែលគ្មានឋានៈដែរ គឺជាពលរដ្ឋដែលបានតាំងលំនៅខ្លួនឯងផ្លូវការនៅទីនេះ។ លោក Sharif Hashim Sharif Iting ជាប្រធានភូមិ ត្រូវបានកាសែត Daily Express របស់រដ្ឋ Sabah ដកស្រង់សម្តីថា៖ មូលហេតុបឋមគឺមកពីភ្លើងចម្អិនអាហារដែលឆេះហួសពីការគ្រប់គ្រង។ ប៉ុន្តែមូលហេតុនៃអគ្គីភ័យមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ហើយវានៅតែស្ថិតក្រោមការស៊ើបអង្កេតយ៉ាងម៉ត់ចត់ផងដែរ។ មកដល់ពេលនេះលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim បាននិយាយថា ទីភ្នាក់ងារសហព័ន្ធ និងរដ្ឋកំពុងសម្របសម្រួលចំពោះកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ដោយមានទាំងជំនួយភ្លាមៗផ្តោតទៅលើគ្រួសារដែលត្រូវបានផ្លាស់ទីលំនៅជាង៩ពាន់នាក់នោះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ