ព្រឹត្តិការណ៍ “១ម៉ឺនជំហានដើម្បីសិស្ស១ម៉ឺននាក់” ក្រោមប្រធានបទ”រត់ ដើរដើម្បីលើកកម្ពស់ការអាន និង ការយល់ដឹងអំពីប្រវត្តិសាស្ត្ររូបិយវត្ថុខ្មែរនៅសារមន្ទីរ ស.ស.រ
ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត សហការរួមគ្នា រៀបចំ យុទ្ធនាការ លើកកម្ពស់ការអាន និង ការយល់ដឹងអំពីប្រវត្តិសាស្ត្រ រូបិយវត្ថុខ្មែរ នៅសារមន្ទីរ ស.ស.រ តាមរយៈការរៀបចំ កម្មវិធីមួយឈ្មោះថា “១ ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់” ក្រោមប្រធានបទ “រត់ ដើរ ដើម្បី លើកកម្ពស់ការអាន និង សារមន្ទីរ ស.ស.រ” ដែលគ្រោង នឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅបរិវេណកោះ ពេជ្រ និង កោះនរា។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី “១ ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់” ក្រោមប្រធានបទ “រត់ ដើរ ដើម្បី លើកកម្ពស់ការអាន និង សារមន្ទីរ ស.ស.រ” ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានបញ្ជាក់ថា កម្មវិធីនេះ គឺជាផ្នែកមួយ នៃយុទ្ធនាការផ្សព្វផ្សាយដំបូងបង្អស់នៅកម្ពុជា ផ្តួចផ្តើមឡើងដោយគ្រឹះស្ថាន អម្រឹត រួមសហការជាមួយ ក្រសួងអប់រំ យុវជន និងកីឡា និង សារមន្ទីរ ស.ស.រ ក្នុងគោលបំណងសំខាន់ចំនួន៣៖ ទី១) ចូលរួមចំណែកបន្តលើកកម្ពស់ វិស័យអប់រំ ដែលជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល ទី២) ចូលរួមផ្សព្វផ្សាយសារៈសំខាន់នៃការអាន ដើម្បីបណ្តុះទម្លាប់អានក្នុង ជីវិតប្រចាំថ្ងៃ និង ជំរុញវប្បធម៌អាននៅកម្ពុជា និង ទី៣) ចូលរួមផ្សព្វផ្សាយសារៈសំខាន់នៃការស្វែងយល់ពីប្រវត្តិសាស្ត្ររូបិយវត្ថុខ្មែរ នៅ សារមន្ទីរ ស.ស.រ ដែលជាសារមន្ទីរទំនើប និងដំបូងគេបង្អស់ ដែលផ្តល់នូវចំណេះដឹងអំពីទំនាក់ទំនងរវាងសេដ្ឋកិច្ច រូបិយវត្ថុ និង និង សង្គម ក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា។
ឯកឧត្តម វ៉ាត់ ចំរើន បានបន្តទៀតថា ការអានជា មូលដ្ឋានគ្រឹះសំខាន់នៃការអប់រំប្រកបដោយគុណភាព ដើម្បីការកសាងធនមនុស្ស និង ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ឯកឧត្តម បានលើកឡើងថា យុទ្ធនាការនេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នាមួយដ៏សំខាន់ និង មានឥទ្ធិពលវិជ្ជមាន ក្នុងគោលដៅ អភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច និង សង្គមជាតិទាំងមូល។ ឯកឧត្តម អគ្គលេខាធិការ ក៏បានអំពាវនាវឱ្យមានការចូលរួម គាំទ្រកម្មវិធី “រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និងសារមន្ទីរ ស.ស.រ” ដែលជាយុទ្ធនាការសង្គមមួយសំខាន់ ក្នុងស្មារតីលើកកម្ពស់ការអាន បណ្តុះ ទម្លាប់អាន ការសិក្សាស្រាវជ្រាវ និង ការបង្កើតវប្បធម៌អាន ដើម្បីឱ្យការអាន ក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ។
លោក ប្លែស គឺលីយ៉ង់ សហប្រធានសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ស្វាគមន៍យ៉ាងកក់ក្តៅនូវគំនិតផ្តួច ផ្តើមដែលធ្វើឡើងក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និង គ្រឹះស្ថានមីក្រូហិរញវត្ថុ អម្រឹត ក្នុងការនាំសិស្សានុសិស្ស មកទស្សនាសារមន្ទីរ ។ សារមន្ទីរ ស.ស.រ មិនត្រឹមតែជាកន្លែងអភិរក្សប៉ុណ្ណោះទេ ថែមទាំងជាស្ថាប័នផ្តោតសំខាន់ទៅលើការអប់រំ និង ចែករំលែកនូវចំណេះដឹងផងដែរ។ លោកបន្តថា “ការផ្សារភ្ជាប់ទំនាក់ទំនងជាមួយយុវជនជំនាន់ក្រោយ ជាសកម្មភាពចម្បងរបស់យើង ខ្ញុំហើយគម្រោងនេះជាផ្នែកថ្មីមួយ នៃកិច្ចសហការដែលសារមន្ទីរបានអនុវត្តកន្លងទៅ ជាមួយនឹងវិស័យធនាគារ និង វិស័យអប់រំ ដើម្បី ជំរុញចំណេះដឹងផ្នែកសេដ្ឋកិច្ច និង ការស្វែងយល់ផ្នែកប្រវត្តិសាស្ត្រ ក៏ដូចជាឆន្ទៈនៃការសិក្សារៀនសូត្រក្នុងចំណោមយុវជនជំនាន់ ក្រោយ”។
លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញវត្ថុ អម្រឹត មានប្រសាសន៍ថា ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុមួយដែលមានវត្តមាននៅ ក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ៣៥ឆ្នាំ កន្លងមកនេះ អម្រឹត មានការប្តេជ្ញាចិត្តដ៏រឹងមាំ និង យូរអង្វែងក្នុងការរួមចំណែកពង្រឹង វប្បធម៌ខ្មែរ និង លើកកម្ពស់វិស័យអប់រំ ដែលជាកិច្ចការងារអាទិភាពនៃសកម្មភាពទំនួលខុសត្រូវសង្គម (Corporate Social Responsibility-CSR) របស់ស្ថាប័ន ។ លោកបន្តថា កម្មវិធី “១ ម៉ឺនជំហាន ដើម្បីសិស្ស ១ ម៉ឺននាក់” គឺមិនត្រឹមតែផ្តោតលើការលើក កម្ពស់ការអាន តាមរយៈសកម្មភាពកីឡា តែប៉ុណ្ណោះទេ ប៉ុន្តែជាការយុទ្ធនាការផ្សព្វផ្សាយតែមួយ និងលើកដំបូងបង្អស់ ដែលផ្តល់ ឱកាសឱ្យសាធារណៈជនទូទៅ ដៃគូពាក់ព័ន្ធនានា រួមមាន រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន គ្រឹះស្ថានបោះពុម្ព អ្នកនិពន្ធ អាណាព្យាបាល ក្រុមគ្រួសារ និងសហគម គ្រប់មជ្ឈដ្ឋាន ចូលរួមគាំទ្រ និង ផ្សព្វផ្សាយពីគុណតម្លៃនៃការអាន ឲ្យកាន់តែទូលំទូលាយ។
ទន្ទឹមនឹងនេះ លោក បានបញ្ជាក់បន្ថែមថា សម្រាប់ថវិកាដែលប្រមូលបាន ពីការចុះឈ្មោះទាំងអស់ ក្នុងកម្មវិធី “រត់ ដើរ ដើម្បីលើក កម្ពស់ការអាន និង សារមន្ទីរ ស.ស.រ” បូករួមជាមួយថវិកាបន្ថែមពីអម្រឹត នឹងយកទៅឧបត្ថម្ភគាំទ្រឧបត្ថម្ភទិវាជាតិអំណាន និង ពិព័ណ៌សៀវភៅថ្នាក់ជាតិ សម្រាប់រយៈពេល ៣ ឆ្នាំរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សតាមបណ្តាខេត្តចំនួន ១ ម៉ឺននាក់ ទៅសារមន្ទីរ ស.ស.រ សម្រាប់រយពេល ៣ ឆ្នាំឧបត្ថម្ភការផ្សព្វផ្សាយ ពីសារៈសំខាន់ នៃការអាននៅតាមបណ្តាខេត្តមួយចំនួន សម្រាប់រយៈពេល ៣ ឆ្នាំ ៕



