ប្រធានក្រុមនាវិកអ៊ីរ៉ាក់ចែករំលែកពីភាពតស៊ូ និងដំណើរការកកស្ទះនៃជីវិតនៅលើនាវាដឹកប្រេងពាណិជ្ជកម្មអំឡុងពេលដែលមានសង្គ្រាមអាម៉េរិកនិងអ៊ីរ៉ង់

នៅលើនាវាដឹកប្រេងដែលកំពុងធ្វើដំណើរក្នុងដែនទឹកដ៏សែនតានតឹងរវាងឈូងសមុទ្រអូម៉ង់ និងច្រកសមុទ្រហ័រមូស ប្រធានក្រុមនាវិកអ៊ីរ៉ាក់លោក Rahman Al-Jubouri បន្តធ្វើការនៅក្នុងច្រកសមុទ្រដ៏ប្រែប្រួលបំផុតមួយសម្រាប់ពិភពលោក និងជាទីកន្លែងដែលមានសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ដោយវាបានរំខានដល់ពាណិជ្ជកម្មសកល និងធ្វើឱ្យក្រុមនាវិកមួយចំនួនជាប់គាំង និងប្រឈមនឹងការវាយប្រហារដែរ។ អរិភាពទាំងនេះមិនមែនជារឿងថ្មីសម្រាប់លោក Rahman Al-Jubouri ដែលជាអតីតយុទ្ធជនដែលបានធ្វើការនៅលើសមុទ្រតាំងពីឆ្នាំ ១៩៨៤ និងបានឆ្លងកាត់ភាពចលាចលរាប់ទសវត្សរ៍ ចាប់ពីសង្គ្រាមអ៊ីរ៉ង់-អ៊ីរ៉ាក់ រហូតដល់សង្គ្រាមឈូងសមុទ្រឆ្នាំ ១៩៩១មក។ បច្ចុប្បន្នលោកបានរកឃើញថាខ្លួនគាត់កំពុងប្រតិបត្តិការម្តងទៀតនៅក្នុងដែនទឹកដែលមានហានិភ័យខ្ពស់ ខណៈដែលការវាយប្រហារតាមដែនអាកាសបានគំរាមកំហែងម្តងម្កាលដល់នាវាដែលលោកបានធ្វើដំណើរឆ្លងកាត់ចំណុចកកស្ទះដូចជា Bab el-Mandeb និងឈូងសមុទ្រពែរ្សជាដើម។ លោក Al-Jubouri បានឈរនៅលើនាវាដឹកប្រេងរបស់គាត់អស់រយៈពេល៤ខែមកហើយ។ បច្ចុប្បន្នលោក និងក្រុមនាវិកកំពុងធ្វើដំណើរពីឈូងសមុទ្រអាដិនឆ្ពោះទៅកាន់ឈូងសមុទ្រអូម៉ង់ ដើម្បីផ្ទុកប្រេងនៅកំពង់ផែ រ៉ាសអ៊ីសា ក្នុងប្រទេសយេម៉ែន។ សង្គ្រាមនេះបានដាក់សម្ពាធចំពោះនាវាពាណិជ្ជកម្មឱ្យស្ថិតក្នុងស្ថានភាពប្រេះឆានៃសង្គ្រាមក្នុងតំបន់ដែរ។ នាវាដឹកប្រេងជាច្រើនគ្រឿងត្រូវបានកំណត់គោលដៅនៅក្នុងការវាយប្រហារដែលធ្វើឡើងដោយកងកម្លាំងអ៊ីរ៉ង់ និងក្រុមសម្ព័ន្ធមិត្ត។ ការរំខាន និងការគំរាមកំហែងម្តងម្កាលដើម្បីបិទច្រកសមុទ្រហ័រមូស ដែលជាចំណុចកកស្ទះដ៏សំខាន់សម្រាប់លំហូរប្រេងសកល វាក៏បានធ្វើឱ្យនាវាត្រូវពន្យារពេល ផ្លាស់ប្តូរផ្លូវ ឬជាប់គាំងនៅក្នុងឈូងសមុទ្រក៏មានដែរ។ គ្រោះថ្នាក់នៃការងាររបស់គាត់គឺមានន័យថា ក្រុមនាវិករបស់គាត់ត្រូវឆ្លងកាត់សមយុទ្ធសុវត្ថិភាពជាប្រចាំ ដើម្បីត្រៀមខ្លួនសម្រាប់ការវាយប្រហារដែលអាចកើតមានដែរ។ លោកបាននិយាយថា “យើងបានបណ្តុះបណ្តាលពួកគេអំពីរបៀបឆ្លើយតប ប្រសិនបើនាវាត្រូវរងការវាយប្រហារ សូមព្រះជាម្ចាស់កុំឱ្យពួកគេវាយប្រហារពួកយើង”។ កាលពីឆ្នាំមុន ខណៈដែលកំពុងចតនៅកំពង់ផែយេម៉ែន នាវារបស់គាត់ត្រូវបានគេបាញ់ផ្លោង។ គាត់បាននិយាយថា “ខ្ញុំបានកាត់ខ្សែពួរភ្លាមៗ រៀបចំម៉ាស៊ីន ហើយចាកចេញពីកំពង់ផែដោយប្រថុយប្រថានដោយខ្លួនឯង ដើម្បីការពារក្រុមនាវិក និងនាវា”។ បំណែកយន្តហោះវាយប្រហារបានធ្វើឲ្យនាវាដឹកប្រេង ខូចខាតតិចតួច ប៉ុន្តែក្រុមនាវិកបានរត់គេចខ្លួនដោយគ្មានរបួសឡើយ។ ទោះបីជាមានការគំរាមកំហែងជាបន្តបន្ទាប់ក៏ដោយ ក្រោយមកនាវានោះ បានត្រឡប់ទៅប្រតិបត្តិការនៅកំពង់ផែវិញ ហើយបានបន្តទៅតាមផ្លូវដែលបានគ្រោងទុករបស់ខ្លួនថែមទៀតផង៕

សម្រួលអត្ថបទ៖ សុផារិន្ទ