អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទទួលជួបភាក្សាការងាជាមួយ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញា និងពេញសមត្ថភាពថ្មី នៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ISHIZUKI Hideo ក្នុងខណៈដែលឯកឧត្តមទើបទទួលបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញា និងពេញសមត្ថភាពថ្មី នៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។

ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសារទរចំពោះឯកឧត្តម ISHIZUKI Hideo និងសហការី, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានជម្រាបជូនអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ជប៉ុន ដែលបានដំឡើងកម្រិតនៃទំនាក់ទំនងទៅជា “ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” កាលពីឆ្នាំ ២០២៣ ។ ជាមួយគ្នានេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែបានចូលរួមចំណែកយ៉ាងសកម្មដល់ដំណើរការកសាងសន្តិភាព និងបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា កន្លងមក ។ ទំនាក់ទំនងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ។ ហិរញ្ញប្បទានពីប្រទេសជប៉ុន ទាំងឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង បានឆ្លើយតបទាន់ពេលវេលា ចំតម្រូវការអាទិភាព និងបានរួមចំណែកយ៉ាងធំធេងដល់ការកសាងមូលដ្ឋានគ្រឹះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ។ សមិទ្ធិផលរូបវន្តជាច្រើនដែលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដូចជា ផ្លូវថ្នល់, ស្ពាន, កំពង់ផែអន្តរជាតិ, ប្រព័ន្ធធារាសាស្រ្ត, បណ្តាញអគ្គិសនី, មន្ទីរពេទ្យ និងសាលារៀន ជាដើម ដែលគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជា ។ បន្ថែមលើនេះ, វិស័យឯកជនជប៉ុន ពិសេស វិនិយោគិនជប៉ុន ក៏បានចូលរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ជួយពង្រឹងភាពធន់ និងកំណើននៃសេដ្ឋកិច្ចកម្ពុជា ។ វិស័យឯកជនជប៉ុន មិននាំមកតែផ្នែកហិរញ្ញវត្ថុប៉ុណ្ណុះទេ តែថែមទាំងនាំមកនូវជំនាញ បច្ចេកទេសប្រតិបត្តិ វិន័យការងារ និងភាពអំណត់ចំពោះការងារបង្ហាត់បង្រៀនជូនដល់កម្លាំងពលកម្មកម្ពុជាផងដែរ ។

ឯកឧត្តម ISHIZUKI Hideo បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បើទោះបីជាកម្ពុជាកំពុងតែនៅបន្តជួបប្រឈមនឹងអន្តរកាលនៃពហុវិបត្តិ រួមមាន៖ ការប្រែប្រួលរបបពាណិជ្ជកម្មសកល, សង្គ្រាមពន្ធគយជាសកល, បញ្ហាព្រំដែនកម្ពុជា-ថៃ និងវិបត្តិនៅតំបន់មជ្ឈិមបូព៌ា ជាដើម ។ រដ្ឋាភិបាលជប៉ុន សន្យាបន្តកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានដល់រាជរដ្ឋាភិបាលកម្ពុជា ស្របតាមវិស័យអាទិភាព និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងពង្រីកទៅលើវិស័យសំខាន់ថ្មីៗផ្សេងទៀត រួមទាំង វិស័យបច្ចេកវិទ្យាឌីជីថល ការស្រាវជ្រាវការពារផ្នែកអាវកាស និងសន្តិសុខ Cyber ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ផងដែរ ។

ជាថ្មីម្តងទៀត, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ព្រមទាំង គ្រប់ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលជប៉ុនទាំងអស់ ជាពិសេស ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំកម្ពុជា ដែលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងបានចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ។