កម្ពុជា-សហភាពអឺរ៉ុប បើកកិច្ចសន្ទនារវាងសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងវិស័យឯកជននៅកម្ពុជា និងអឺរ៉ុប ដើម្បីតភ្ជាប់ការអប់រំ និងការបណ្តុះបណ្តាលជំនាញដែលឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាសហអធិបតីជាមួយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ក្នុងពិធីបើកជាផ្លូវការនៃកិច្ចសន្ទនារវាងសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងវិស័យឯកជននៅកម្ពុជា និងអឺរ៉ុប នាឱកាសពិព័រណ៍សិក្សានៅអឺរ៉ុប នៅសាលបុរីកោះពេជ្រ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ថ្នាក់ដឹកនាំស្ថានទូតនៃប្រទេសជាសមាជិកសហភាពអឺរ៉ុប សាកលវិទ្យាល័យ អ្នកស្រាវជ្រាវ និងដៃគូវិស័យឯកជនមកពីបណ្តាប្រទេសនៅអឺរ៉ុបនិងកម្ពុជាប្រមាណ ៤០០នាក់។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជាជាមួយសហភាពអឺរ៉ុបប្រចាំកម្ពុជា និងស្ថានទូតនៃប្រទេសជាសមាជិក ជាពិសេសការគាំទ្រកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ដែលទើបបញ្ចប់ និងបានរៀបចំវេទិកាដ៏សំខាន់នេះឡើង ដែលជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាលើការពង្រឹងភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប តាមរយៈការតភ្ជាប់ការអប់រំឧត្តមសិក្សា ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈឱ្យក្លាយជាប្រព័ន្ធតែមួយ ដើម្បីពង្រឹងភាពប្រកួតប្រជែង និងភាពធន់នៃសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ កម្ពុជាក៏កំពុងខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍមូលធនមនុស្សដែលមានជំនាញខ្ពស់ សមត្ថភាពបត់បែន និងនវានុវត្តន៍ ឆ្លើយតបនឹងបរិវត្តកម្មបច្ចេកវិទ្យា AI និងអន្តរកាលបៃតង ដើម្បីឱ្យយុវជនកម្ពុជាមានសមត្ថភាពតាមតម្រូវការទីផ្សារការងារ និងចូលរួមអភិវឌ្ឍឧស្សាហកម្មនាពេលអនាគត។
ឯកឧត្តមបានលើកឡើងថា កម្ពុជាទទួលបានការគាំទ្រពីសហភាពអឺរ៉ុប និងបណ្តាប្រទេសសមាជិកអស់រយៈពេលជាង២០ឆ្នាំមកហើយ ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការធ្វើសមាហរណកម្មអាស៊ាន និងកំណើនបៃតង។ សហភាពអឺរ៉ុបបានបង្កើនការវិនិយោគជាយុទ្ធសាស្ត្រលើអន្តរកាលបៃតង ការតភ្ជាប់ប្រកបដោយចីរភាព និងការលើកកម្ពស់ការអប់រំឧត្តមសិក្សានិងបច្ចេកទេស ដើម្បីពង្រឹងមូលធនមនុស្ស និងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ ក្រសួងកំពុងសហការជាមួយដៃគូអឺរ៉ុប ដើម្បីផ្លាស់ប្តូរការអប់រំ ការកសាងសមត្ថភាពស្ថាប័ន ការអភិវឌ្ឍសេដ្ឋកិច្ចដែលផ្អែកលើជំនាញនិងតម្លៃបន្ថែមខ្ពស់ ការកសាងប្រព័ន្ធអភិវឌ្ឍជំនាញ និងឆ្លើយតបតម្រូវការអនាគត ជាពិសេសការប្រែក្លាយគ្រឹះស្ថាន TVET ទៅជាមជ្ឈមណ្ឌលឧត្តមភាព ដោយភ្ជាប់ជាមួយកម្មវិធី TVET ១,៥លានជាដើម។
ឯកឧត្តមបានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងសាកលវិទ្យាល័យ គ្រឹះស្ថានបណ្តុះបណ្តាល មជ្ឈមណ្ឌលស្រាវជ្រាវ និងវិស័យឧស្សាហកម្ម គឺជាកត្តាចាំបាច់ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់ និងសកលលោក។ ហេតុនេះ កិច្ចសន្ទនានេះគួរតែត្រូវបានបន្តជំរុញឱ្យក្លាយជាកម្លាំងចលករសម្រាប់ការផ្លាស់ប្តូរស្ថាប័នប្រកបដោយចីរភាព តាមរយៈការប្រែក្លាយចក្ខុវិស័យរួមទៅជាសកម្មភាពជាក់ស្តែង។ ឯកឧត្តមបានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនជានិច្ចក្នុងការសហការជាមួយសហភាពអឺរ៉ុប សាកលវិទ្យាល័យ មជ្ឈមណ្ឌលស្រាវជ្រាវ និងវិស័យឯកជន ដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការ ក្នុងគោលនយោបាយឱ្យស្របតាមតម្រូវការឧស្សាហកម្ម និងពង្រឹងសមត្ថភាពកម្លាំងពលកម្មសម្រាប់ឱកាសការងារនាពេលអនាគត។
ជាមួយគ្នានេះ តាមរយៈកិច្ចសន្ទនា និងពិព័រណ៍សិក្សានៅអឺរ៉ុបនេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យនិស្សិត អ្នកសិក្សា និងអ្នកស្រាវជ្រាវវ័យក្មេងចាប់យកឱកាសសិក្សានៅអឺរ៉ុប ដោយខិតខំសិក្សាឈ្វេងយល់ពីបច្ចេកវិទ្យាទំនើប និងកសាងទំនាក់ទំនងអន្តរជាតិ ដើម្បីពាំនាំយកចំណេះដឹង បទពិសោធ និងនវានុវត្តន៍មករួមចំណែកអភិវឌ្ឍជាតិ។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា កិច្ចសន្ទនានេះនឹងក្លាយជាមូលដ្ឋានសម្រាប់ពង្រឹងភាពជាដៃគូ កិច្ចសហការប្រកបដោយអត្ថន័យ និងវិបុលភាពរួមរវាងកម្ពុជា និងសហភាពអឺរ៉ុប។
នាឱកាសនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត Igor Driesmans មានប្រសាសន៍ថា វេទិកានេះមានគោលបំណងជំរុញការបង្កើតភាពជាដៃគូបន្ថែមទៀតរវាងគ្រឹះស្ថានអប់រំ និងស្ថាប័ននានារបស់អឺរ៉ុបនិងកម្ពុជា ពង្រីកឱកាសចល័តភាពសម្រាប់និស្សិត និងអ្នកស្រាវជ្រាវ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ ការអប់រំបច្ចេកទេស និងការស្រាវជ្រាវវិទ្យាសាស្ត្រ ដែលកិច្ចសហប្រតិបត្តិការទាំងនេះមានសារៈសំខាន់ចំពោះកម្ពុជា និងអឺរ៉ុប។ ឯកឧត្តមក៏បានគូសបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តក្នុងភាពជាដៃគូបន្តក្នុងការអភិវឌ្ឍកម្ពុជា តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ TVET ការស្រាវជ្រាវវិទ្យាសាស្ត្រ នវានុវត្តន៍ ការអភិវឌ្ឍជំនាញ និងកម្មវិធីផ្លាស់ប្តូរនិស្សិត ព្រមទាំងការវិនិយោគប្រកបដោយចីរភាព។ ជាមួយគ្នានេះ សហភាពអឺរ៉ុបបានលើកទឹកចិត្តឱ្យមានការពង្រឹងភាពជាដៃគូរវាងស្ថាប័ន និងវិស័យឯកជន ដើម្បីបង្កើតផលប្រយោជន៍ទៅវិញទៅមកសម្រាប់កម្ពុជានិងអឺរ៉ុបផងដែរ៕


