វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំ «វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ឆ្នាំ២០២៦» នៅបរិវេណវត្តព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពរបស់ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តម វង្ស ផាណាត បានលើកឡើងពីសារៈសំខាន់ នៃការបង្កើតវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដែលជាយន្តការថ្នាក់ក្រោមជាតិក្នុងការលើកកម្ពស់ គោលនយោបាយភូមិ–ឃុំមានសុវត្ថិភាព ។ ឯកឧត្តមបានពន្យល់ថា វេទិកានេះគឺជាស្ពានតភ្ជាប់ និងជាឱកាសមាសសម្រាប់ប្រជាពលរដ្ឋក្នុងការជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីលើកឡើងពីក្តីកង្វល់ សំណើ សំណូមពរនិងចូលរួមជជែកស្វែងរកដំណោះស្រាយក៏ដូចជាពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាង រដ្ឋបាលខេត្តនិងប្រជាពលរដ្ឋមូលដ្ឋាន។

អង្គវេទិកាទទួលបានសំណើនិងសំណូមពរសរុបចំនួន៧ស្មើនឹង១១ករណី និងការស្នើឡើងដោយផ្ទាល់មាត់ (មានអ្នកចូលរួមចំនួន ៥នាក់ សរុបស្មើនឹង ០៩ករណី)៖
១. បញ្ហាទំនាស់ដីធ្លី (០១ករណី)
២. សំណើស្តារប្រឡាយទឹក នៅភូមិបត់សិរមាន់ និងភូមិព្រៃនប់ (០១ករណី)
៣. សំណើធ្វើផ្លូវគមនាគមន៍ (០១ករណី)
៤. បញ្ហាសំរាម និងអនាម័យ (០១ករណី)
៥. សំណើសុំវិទ្យុទាក់ទង សម្រាប់ប្រើប្រាស់ក្នុងភារកិច្ចសន្តិសុខ (០១ករណី)
៦. សំណើសុំគ្រឿងបរិក្ខារកុំព្យូទ័រ (០២ករណី)
៧. សំណូមពរសម្របសម្រួលឯកសារដីធ្លីដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធ (០១ករណី)
៨. បញ្ហាតម្លៃនៃការបង់ពន្ធដីធ្លី (០១ករណី)
ការស្នើឡើងតាមរយៈប្រអប់សំបុត្រ (ចំនួន ២សំបុត្រ ស្មើនឹង ២ករណី)៖
១. សំណើស្តារប្រឡាយទឹក នៅភូមិសំរុងក្រោម (០១ករណី)
២. សំណើសុំកុំព្យូទ័រ (០១ករណី)
រាល់សំណើ និងសំណូមពរទាំងអស់ ត្រូវបានថ្នាក់ដឹកនាំ មន្ទីរ-អង្គភាព និងរដ្ឋបាលខេត្តធ្វើការកត់ត្រា និងឆ្លើយតបដោះស្រាយជូនប្រជាពលរដ្ឋតាមឋានានុក្រម។

ជាកិច្ចបញ្ចប់ ឯកឧត្តម ម៉ាង ស៊ីណេតអភិបាលខេត្តព្រះសីហនុ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមយ៉ាងសកម្ម និងបានលើកឡើងនូវបញ្ហាប្រឈមពិតប្រាកដក្នុងមូលដ្ឋាន។ ឯកឧត្តមអភិបាលខេត្តបានក្រើនរំលឹក និងលើកទឹកចិត្តដល់មន្ត្រីរាជការ កងកម្លាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរថែមទៀត។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ៖ យើងត្រូវតែរួមគ្នាពង្រឹងកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងជំរុញការអភិវឌ្ឍន៍មូលដ្ឋានឱ្យ កាន់តែរីកចម្រើនដើម្បីបន្តទាក់ទាញអ្នកវិនិយោគិនជាតិ និងអន្តរជាតិឱ្យមកបណ្តាក់ទុនបន្ថែមទៀតដែលជាកម្លាំងជួយជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត ។
អត្ថបទ៖ ស្រីភួង