អគ្គកុងស៊ុលវៀតណាម ចូលជួបសម្ដែងការគួរសម និងជំរាបលាថ្នាក់ដឹកនាំខេត្តព្រះសីហនុ ក្នុង ឱកាសបញ្ចប់អាណត្តិ

ខេត្តព្រះសីហនុ៖ នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំន២០២៦នេះ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យឯកឧត្តម ឡាយ ស៊ួនឈាន (Lai Xuan Chien) អគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។

​នៅក្នុងជំនួបប្រកបដោយបរិយាកាសស្និទ្ធស្នាលនេះ ឯកឧត្តម ឡាយ ស៊ួនឈាន បានសម្តែងនូវក្តីរំភើបរីករាយ និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះទឹកដី និងប្រជាជនកម្ពុជា។ ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុងចំណោមប្រទេសជាច្រើនដែលឯកឧត្តមធ្លាប់បានបំពេញបេសកកម្មការ ទូត កម្ពុជាគឺជាប្រទេសដែលឯកឧត្តមបានបម្រើការងារយូរជាងគេ និងមានអារម្មណ៍កក់ក្តៅបំផុត ដូចជាគ្រួសារតែមួយ ដោយ មានមិត្តភក្តិ និងបងប្អូនល្អៗជាច្រើន។​ឯកឧត្តម បានមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «កម្ពុជាស្ថិតនៅក្នុងបេះដូងខ្ញុំជានិច្ច។ អ្វីដែលខ្ញុំសប្បាយចិត្តបំផុត គឺកិច្ចសហប្រតិបត្តិការដ៏ល្អ ការយោគយល់ និងការចេះជួយគ្នាទៅវិញទៅមកក្នុងអាណត្តិការងារនេះ»។ ឯកឧត្តមក៏បានប្តេជ្ញាថា ប្រសិនបើមានឱកាស ឯកឧត្តមនឹងត្រឡប់មកកម្សាន្តនៅកម្ពុជា សារជាថ្មី ម្តងទៀត ពិសេសគឺខេត្តព្រះសីហនុ។

​ជាការឆ្លើយតប ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកឧត្តមអគ្គកុងស៊ុល ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា កម្ពុជានៅតែស្វាគមន៍ជានិច្ចចំពោះវត្តមានរបស់ឯកឧត្តមទោះបីជាបញ្ចប់អាណត្តិការងារក្តី ព្រោះទំនាក់ទំនងរវាងភាគីទាំងពីរគឺបានចាក់ឫសយ៉ាងស្អិតរមួត និងបន្តទៅមុខជានិរន្តរ៍។
​ដើម្បីជាការតបស្នងចំពោះស្នាដៃ និងការខិតខំប្រឹងប្រែងក្នុងអាណត្តិការទូតនេះ។ យើងខ្ញុំក៏បានស្មើសុំទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ប្រោសព្រះរាជទាន​នូវគ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ មហាសេនាជូនចំពោះ ឯកឧត្តម LAI XUAN CHIEN អគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីបំពាក់គ្រឿងឥស្សរិយយស (មេដាយ) ជូនឯកឧត្តម ឡាយ ស៊ួនឈាន ទុកជាអនុស្សាវរីយ៍ប្រវត្តិសាស្ត្រ បញ្ជាក់ពីសមត្ថភាពការងារ និងទំនាក់ទំនងដ៏ល្អឆ្នើម។​

ក្នុងឱកាសបញ្ចប់ជំនួប ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ក៏បានជូនពរដល់ឯកឧត្តមអគ្គកុងស៊ុល ឱ្យទទួលបាននូវសុខភាពល្អ សិរីសួស្តី និងទទួលបានជោគជ័យគ្រប់ភារកិច្ចថ្មីៗបន្ថែមទៀត។

អត្ថបទ មន សូត្រ
ថតដោយ អ៊ូ ជោត