សៀវភៅចំណងជើងថា « រដ្ឋមន្ត្រីកូវីដ » (ភាគ២) ក្រោមការនិពន្ធរបស់ ឯកឧត្ដម ព្រុំ សុខា រៀបរាប់ពីការគ្រប់គ្រងការងារ នាសម័យកូវីដ១៩
នៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ សៀវភៅចំណងជើងថា “រដ្ឋមន្រ្តីកូវីដ” (ភាគ២) ក្រោមការនិពន្ធរបស់ ឯកឧត្ដម ព្រុំ សុខា រៀបរាប់ពីការងារគ្រប់គ្រងការងារ នាសម័យកូវីដ១៩ បានរៀបចំសិន្នសិទ្ធ នៅរោងភាពយន្ដនៃវិទ្យាស្ថានបារាំងកម្ពុជា។
ឯកឧត្ដម ព្រុំ សុខា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស បានមានប្រសាសន៍ថា វណ្ណកម្មដំបូងរបស់លោកនេះជាសំណេរកំណត់ត្រាជីវិត និងការងាររបស់លោកក្រោយពីបានឆ្លងកាត់ពេលវេលានៃសង្រ្គាម និងទីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ប៉ុលពត។ រយៈពេលជាង ៤០ ឆ្នាំ ចាប់តាំងពីថ្ងៃ ៧ មករា ១៩៧៩ មកដល់បច្ចុប្បន្ន បានផ្សារភ្ជាប់ជីវិតលោកជាមួយការងារជាមន្ត្រីសាធារណៈដែលបានចាប់ផ្តើមជាបន្តបន្ទាប់ពីមន្ត្រីថ្នាក់ទាប មធ្យម មកដល់មន្ត្រីជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាលកម្ពុជា ពិសេស ជារដ្ឋមន្ត្រីរយៈពេល ៣ ឆ្នាំក្នុងពេលមានការរាតត្បាតជំងឺឆ្លងកូវីដ១៩(២០២០-២០២៣)។
ឯកឧត្ដម ព្រុំ សុខា បានលើកទ្បើងថា ក្នុងការតាក់តែងនិពន្ធ ឯកឧត្ដម បានខំស្រាវជ្រាវ ចងក្រងច្នៃកំណត់ត្រាជីវិតពិតទៅជានិទានកថា បែបអក្សរសិល្ប៍ ដែលមានលក្ខណៈចម្រុះឆ្លុះបញ្ចាំងតាមរយៈរដ្ឋបាលសាធារណៈនូវបញ្ហា សង្គម នយោបាយ សេដ្ឋកិច្ចផ្សារភ្ជាប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិ ជាអាទិ៍ សង្គ្រាម របបប្រល័យពូជសាសន៍និងយុទ្ធភូមិសាស្ត្រ (Geostrategy) ក៏ដូចជាភូមិសាស្ត្រនយោបាយ។ល។ រីឯលំនាំនៃការនិពន្ធទៀតសោត ត្រូវបានរៀបចំតាមរបៀបនៃការតាក់តែង បែបបុរាណផង បែបសម័យផង ដោយគួបផ្សំតាមបែបបរទេសផង ប៉ុន្តែខំរក្សាអត្ថរូប អត្ថរស និងអត្ថន័យ ខ្លឹមសារជាអក្សរសិល្ប៍ខ្មែរ។
ការបញ្ចប់សម័យកាលកូវីដ១៩ បានផ្តល់មេរៀន ពិសោធសម្រាប់ប្រទេសនីមួយៗនៅលើភពផែនដី។ ការរាតត្បាតជំងឺកូវីដ១៩ បានបង្ហាញពីករណីសិក្សាសំខាន់មួយ សម្រាប់ពិភពលោកទាំងមូល (The Covid-19 presented an important case study on a global scale)។ កូវីដ១៩ជាវិញ្ញាសា សាកល្បងសកលចំពោះអភិបាលកិច្ច និងភាព ធន់សង្គម (Covid-19 is a worldwide test of governance and social resilience)។ ពេលនោះ កម្ពុជាដែលស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ អតីតនាយករដ្ឋមន្ត្រីសម្តេចតេជោ ហ៊ុន សែន បានបង្កើតប្រវត្តិជោគជ័យ នៃសង្គ្រាមដណ្តើមជីវិត ពលរដ្ឋពីមាត់ជ្រោះមរណៈកូវីដ១៩។ សៀវភៅ « រដ្ឋមន្ត្រីកូវីដ » ចូលរួមចំណែករំលឹកឡើងវិញនូវព្រឹត្តិការណ៍ចលនាសាមគ្គីជាតិ តស៊ូប្រយុទ្ធឈ្នះ កូវីដ១៩ ដែលជាមេរៀនពិសោធសម្រាប់កូនខ្មែរគ្រប់ ស្រទាប់សង្គមតរៀងមក៕





