ការប៉ះទង្គិចរវាងក្រុមឧទ្ទាម Houthi និងកងកម្លាំងយោធារបស់រដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ជាអន្តរជាតិក្នុងទីក្រុង Taiz បានសម្លាប់មនុស្ស៦នាក់ របួស៣៥នាក់

ក្រុមឧទ្ទាម Houthi ដែលមានរដ្ឋអ៊ីរ៉ង់គាំទ្រពីខាងក្រោយ បានប៉ះទង្គិចគ្នាជាមួយកងកម្លាំងរដ្ឋាភិបាលនៅវេលាយប់ថ្ងៃព្រហស្បតិ៍នេះ ក្នុងតំបន់លំនៅដ្ឋាននៅភាគខាងកើតទីក្រុង Taiz ដែលស្ថិតនៅចម្ងាយប្រហែល ១០០ គីឡូម៉ែត្រ ពីទីក្រុង Mokha ដែលក្រុម Houthi បានដណ្តើមយកមកកាន់កាប់កាលពីខែមុន។ ផ្លូវសំខាន់មួយដែលតភ្ជាប់ទីក្រុង Taiz និងទីក្រុង Aden ត្រូវបានកាត់ផ្តាច់ដោយសារតែការប៉ះទង្គិចគ្នាចុងក្រោយនេះ។ លោក Abdelrahman al-Sabry ជាអ្នកគ្រប់គ្រងមន្ទីរពេទ្យ Al-Thawra ដែលស្ថិតនៅចម្ងាយពីរ-បីគីឡូម៉ែត្រពីកន្លែងប៉ះទង្គិចគ្នា បានឱ្យដឹងថា មន្ទីរពេទ្យបានទទួលសពមនុស្សចំនួន៦សព និងអ្នករបួសចំនួន៣៥នាក់។ មន្ត្រីរូបនេះបានប្រាប់ទីភ្នាក់ងារព័ត៌មាន AP តាមទូរស័ព្ទថា ចំនួនមនុស្សស្លាប់ និងរបួសគឺស្រដៀងគ្នាទៅនឹងចំនួនកាលពីដើមខែកញ្ញាដែរ ដែលវាជាពេលវេលានៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា មុនពេលដែលភាពតានតឹងនៃការប៉ះទង្គិចគ្នាបានថយចុះនោះ។ អំពើហិង្សាដែលផ្ទុះឡើងវិញនៅក្នុងប្រទេសយេម៉ែន បានសម្លាប់មនុស្សរាប់រយនាក់ និងបង្ខំឱ្យមនុស្សរាប់ម៉ឺននាក់ត្រូវភៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ។ កាលពីខែមុនក្រុម Houthi បានដណ្តើមយកទីក្រុងយុទ្ធសាស្ត្រ Mokha និងកោះមួយចំនួននៅសមុទ្រក្រហម (Red Sea) ដោយពង្រីកឥទ្ធិពលរបស់ពួកគេទៅដល់ច្រកផ្លូវទឹកសមុទ្រដ៏សំខាន់គឺច្រកសមុទ្រ Bab el-Mandeb។ នេះគឺជាការដណ្តើមយកទឹកដីដ៏ធំបំផុតរបស់ក្រុម Houthi ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ហើយវាបានបញ្ចប់កិច្ចព្រមព្រៀងបទឈប់បាញ់ឆ្នាំ២០២២ ដែលបានបញ្ឈប់ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាភាគច្រើននៅក្នុងសង្គ្រាមស៊ីវិលរយៈពេល១២ឆ្នាំរបស់យេម៉ែន។ ទន្ទឹមនឹងនេះដែរ សម្ព័ន្ធភាពដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលកំពុងប្រយុទ្ធប្រឆាំងនឹងក្រុម Houthi បាននិយាយថា ក្រុមឧទ្ទាមបានវាយប្រហារស្ថានីយចែកចាយថាមពលអគ្គិសនីមួយនៅក្នុងតំបន់ Medina កាលពី២ថ្ងៃមុន។ ការវាយប្រហារនោះបានធ្វើឱ្យឧបករណ៍បំប្លែងភ្លើង (transformer) មួយ ត្រូវឈប់ដំណើរការ ប៉ុន្តែមិនបានប៉ះពាល់ដល់បណ្តាញអគ្គិសនីទាំងមូលនោះទេ។ ក្រុម Houthi នៅមិនទាន់មានប្រតិកម្មតបតអ្វីឡើយចំពោះការអះអាងនេះ៕

សម្រួលអត្ថបទ​៖ សុផារិន្ទ