សហព័ន្ធកីឡាវាយសីចាប់ដៃជាមួយក្រុមហ៊ុន Victor Sports Cambodia ក្នុងការបង្កើនគុណផលកីឡាវាយសីកម្ពុជា

សហព័ន្ធកីឡាវាយសីកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន Victor Sports Cambodia Co., Ltd កាលពីសៀលថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០២៦ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តម កុសល សុវណ្ណវិសាល អនុប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា តំណាងឯកឧត្តម លីកុសល រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានមានប្រសាសន៍ថា

ហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាក្នុងភាពជាដៃគូនេះ ជាការបើកផ្លូវថ្មីមួយទៀត ដើម្បីទទួលបាននូវឱកាសបន្ថែម ក្នុងការបង្កើនគុណផលកីឡាវាយសីកម្ពុជា ដោយមានការបង្កើននិងអភិវឌ្ឍសមត្ថភាព ដើម្បីជំរុញសក្តានុពលរបស់កីឡាករចំពោះមុខ អនាគតដែលរីកចម្រើន ប្រែប្រួលឥតឈប់ឈរ ហើយមានសមត្ថភាពពេញលេញ ក្នុងការចូលរួមប្រកួតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។

ឯកឧត្តម កុសល សុវណ្ណវិសាល សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន Victor Sports Cambodia និងដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួម សហការផ្តល់ការគាំទ្រ រៀបចំព្រឹត្តិការណ៍នានា ក្នុងការប្រកួតជាលក្ខណៈជាតិ – អន្តរជាតិ និងវគ្គបណ្តុះបណ្តាលនានា ដែលសកម្មភាពទាំងនេះ គឺជាការចូលរួម និងគាំទ្រយ៉ាងសំខាន់ក្នុងបេសកកម្មរបស់សហព័ន្ធជារួម ក្នុងការលើកកម្ពស់ បង្កើនគុណភាពវិស័យកីឡាវាយសី ឆ្លើយតបទៅនឹងតថភាពសង្គមកម្ពុជាយ៉ាងពិតប្រាកដ ហើយស្របតាម ទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧នេះ។ ជាក់ស្តែង សហព័ន្ធកីឡាវាយសីកម្ពុជា បានបោះជំហានយ៉ាងស្វាហាប់ ពោរពេញដោយជំនឿចិត្ត និងបាន បំពេញភារកិច្ចក្នុងវិស័យកីឡា ស្របតាមចក្ខុវិស័យ គុណតម្លៃ គោលបំណង គោលដៅជាយុទ្ធសាស្ត្រក្នុងផែនការ នៃដំណើរឆ្ពោះទៅ ការធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ីឆ្នាំ២០៣១។ សហព័ន្ធកីឡាវាយសីកម្ពុជា បានចូលរួមគាំទ្រ និងរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាបាននូវពាក្យស្លោក ពលរដ្ឋម្នាក់ លេងកីឡាមួយ ប្រភេទ ។

ជឿជាក់យ៉ាងមុតមាំថា ពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា រវាងសហព័ន្ធកីឡាវាយសីកម្ពុជា និង ក្រុមហ៊ុន Victor Sports Cambodia នៅថ្ងៃនេះ ជាការបើកផ្លូវថ្មីមួយទៀត ដើម្បីទទួលបាននូវឱកាសបន្ថែម ក្នុងការបង្កើនគុណផលកីឡាវាយសីកម្ពុជា ដោយមានការបង្កើននិងអភិវឌ្ឍសមត្ថភាព ដើម្បីជំរុញសក្តានុពលរបស់កីឡាករចំពោះមុខ អនាគតដែលរីកចម្រើន ប្រែប្រួលឥតឈប់ឈរ ហើយមានសមត្ថភាពពេញលេញ ក្នុងការចូលរួមប្រកួតថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។ សូមអរគុណដល់ក្រុមហ៊ុន Victor Sports Cambodia ដែលមានទំនុកចិត្តសហការជាដៃគូរផ្លូវការ ជាមួយសហព័ន្ធ ហើយយើងរួមគ្នាជំរុញវិស័យកីឡាវាយសីទៅមុខជាលំដាប់៕