ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាលជាមួយ អតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩

ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់សមាគមអតីតយុទ្ធជនកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរណសិរ្ស ៤៧៩។

នៅក្នុងជំនួបដ៏មានអត្ថន័យនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បាននាំនូវការសាកសួរសុខទុក្ខ និងមនោសញ្ចេតនានឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះបងប្អូនអតីតកងទ័ពស្ម័គ្រចិត្តវៀតណាមទាំងអស់។

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម ជាពិសេសវីរភាព និងការលះបង់សាច់ស្រស់ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្តរណសិរ្ស ៤៧៩ ដែលបានជួយរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានការពារការរស់ឡើងវិញរបស់កម្ពុជា៕