កូនក្ដាមសេះ៣លានក្បាល ត្រៀមលែងនៅតាមខេត្តជាប់មាត់សមុទ្រ ស្របពេលតម្រូវការទីផ្សារកើនឡើង

ភ្នំពេញ ៖ តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) លោកស្រី Rebekah Bell ថ្លែងថា FAO តាមរយៈគម្រោង ការបន្ស៊ាំនិងភាពធន់ នឹងអាកាសធាតុ នៃសហគមន៍ពឹងអាស្រ័យលើធនធានជលផល នៅតំបន់ឆ្នេរសមុទ្រ កម្ពុជា (CamAdapt) មានគម្រោងលែង កូនក្ដាមសេះ៣លានក្បាលបន្ថែមទៀត ចូលទៅក្នុងដែនសមុទ្រ នៅតាមបណ្ដាខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា នៅពេលគម្រោង (CamAdapt) ជិតបញ្ចប់។

លោកស្រី បញ្ជាក់ថា៖«នៅពេលគម្រោងជិតបញ្ចប់នឹងមានការលែងកូនក្តាមសេះចំនួន ៣.០០០.០០០ក្បាល បន្ថែមទៀតនៅតាមបណ្តាខេត្តទាំងបួនរបស់គម្រោងរួមមាន ខេត្តកែប កំពត កោះកុង និងព្រះសីហនុ។ នេះគឺជាការរួមចំណែកជួយជំរុញវិស័យជលផលឱ្យកាន់តែមានភាពប្រសើរ ក៏ដូចជាលើកកម្ពស់ជីវភាព និងបង្កើនភាពធន់ ដល់សហគមន៍តំបន់ឆ្នេរ»។

ក្ដាមសេះ គឺជាធនធានជលផលសមុទ្រដ៏មានតម្លៃសម្រាប់កម្ពុជា និងជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាសហគមន៍នៅតាមតំបន់ឆ្នេរ។  តាមការស្រាវជ្រាវ ក្ដាមសេះញីមួយក្បាលអាចបង្កកំណើតពងបានរហូតដល់ជាង២លានក្បាល ដែលនេះវាសបញ្ជាក់អំពីសារៈសំខាន់នៃការរួមចំណែកការពារ និងស្ដារឡើងវិញនូវចំនួនក្ដាមសម្រាប់ទៅពេលអនាគត។

ក្រសួងកសិកម្ម ចាត់ទុកការលែងកូនក្តាមចូលក្នុងសមុទ្រ ជាព្រឹត្តិការណ៍ដែលមានសារៈសំខាន់ ស្តែងចេញពីការរួមគិត រួមធ្វើ រវាងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ គឺអង្គការ FAO តាមរយៈគម្រោង ការបន្ស៊ាំនិងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា (CamAdapt) មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ (MARDec) និងសហគមន៍មូលដ្ឋាន ដែលមានបំណងគាំទ្រដល់ការស្តារឡើងវិញនូវធនធានក្តាមសេះនៅក្នុងធម្មជាតិ ស្របពេលតម្រូវការទីផ្សារកើនឡើង និងដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍នេសាទតំបន់ឆ្នេរ ឱ្យកាន់តែមានភាពធន់ ស្ថិរភាព និងនិរន្តរភាពសេដ្ឋកិច្ចគ្រួសារ៕