សម្តេចប្រធានរដ្ឋសភា ជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិន ដើម្បីជម្រាបពីស្ថានភាពពិតកើតចេញពីការឈ្លានពានរបស់ថៃ
សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា នៅក្នុងឱកាសចូលរួមមហាសន្និបាតអាយប៉ា (AIPA) លើកទី៤៧ នៅប្រទេសហ្វីលីពីន បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាប្រជាជនចិន ដឹកនាំដោយ ឯកឧត្តម ឆឹង ស៊ាយៀន នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងគោលបំណងរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងស៊ីជម្រៅគ្រប់វិស័យ ស្របតាមកុងសង់ស៊ីសដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានឯកភាពគ្នា។
សម្តេចប្រធានរដ្ឋសភា និងឯកឧត្តម ឆឹង ស៊ាយៀន បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលបានឈានដល់ «មិត្តភាពដែកថែប និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ពូនជ្រុំដោយថ្នាក់ដឹកនាំប្រទេសទាំងពីរគ្រប់ជំនាន់ ឈរលើមិត្តភាពស្មោះត្រង់ ជឿទុកចិត្ត យោគយល់ និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានជម្រាបឯកឧត្តមប្រធានគណៈប្រតិភូ ពីស្ថានភាពពិតនៃការឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជា ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាព និងកិច្ចព្រមព្រៀងឈប់បាញ់យ៉ាងណាក្តី កម្ពុជានៅតែប្រឈមនឹងហានិភ័យពីការរំលោភច្បាប់អន្តរជាតិរបស់ភាគីថៃ។ រហូតមកដល់ពេលនេះ ពលរដ្ឋភៀសសឹកជាង ២ម៉ឺននាក់ មិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញនៅឡើយទេ ដោយកម្ពុជាស្នើឱ្យមានការជួយឧបត្ថម្ភផ្នែកមនុស្សធម៌ពីសហគមន៍អន្តរជាតិ និងធ្វើយ៉ាងណាឱ្យពលរដ្ឋទាំងនោះបានវិលត្រឡប់ទៅលំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានជួយគាំទ្រដល់កម្ពុជានៅគ្រប់កាលៈទេសៈ។ ការជួយគាំទ្ររបស់ចិនបានលេចចេញជារូបរាងនូវសមិទ្ធផលជាច្រើន ដូចជា ស្ពាន ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនានា។ប្រទេសចិនឈរលេខរៀងទី១ក្នុងការវិនិយោគនៅកម្ពុជា។ សម្តេចក៏បានអរគុណមិត្តចិន ដែលបានសម្របសម្រួល និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រឱ្យមានកិច្ចព្រមព្រៀងនានាជាមួយប្រទេសថៃកន្លងមក។
សម្តេចបានគូសបញ្ជាក់ថា កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់ និងអនុវត្តដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កុងសង់ស៊ីសហ្វូសៀន (Fuxian Consensus) ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ និងស្មារតីទីក្រុងសេប៊ូ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។ កម្ពុជាស្នើភាគីថៃអនុវត្តច្បាប់ ដោយគោរពតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ កម្ពុជាស្នើភាគីថៃ វាស់វែង និងខណ្ឌសីមាព្រំដែន ក្រោមក្របខ័ណ្ឌនៃគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។ រីឯនៅតំបន់សមុទ្រវិញ កម្ពុជាបានជ្រើសរើសយកផ្លូវច្បាប់ តាមរយៈការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ហើយការដែលប្រទេសថៃបានចូលរួមក្នុងនីតិវិធីនេះ គឺជាសញ្ញាដ៏មានក្តីសង្ឃឹមមួយ។
ឯកឧត្តម ឆឹង ស៊ាយៀន បានថ្លែងអំណរគុណសម្តេចប្រធានរដ្ឋសភា ដែលបានឆ្លៀតពេលមមាញឹកជួបពិភាក្សាការងារជាមួយឯកឧត្តមនៅពេលនេះ។ ឯកឧត្តមប្រធានគណៈប្រតិភូបានកោតសរសើរចំពោះសុន្ទរកថារបស់សម្តេច ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ មហាសន្និបាតអាយប៉ាលើកទី៤៧ ប្រកបដោយអត្ថន័យ និងបានបញ្ជាក់យ៉ាងច្បាស់ពីតួនាទីសភា និងកិច្ចសន្ទនា ដោយផ្តោតលើប្រជាពលរដ្ឋជាធំ។
ទាក់ទងនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃ ជំហររបស់ប្រទេសចិន គឺលើកទឹកចិត្តប្រទេសទាំងពីរដោះស្រាយដោយសន្តិវិធី គោរពកិច្ចព្រមព្រៀងនានា ជាពិសេសច្បាប់អន្តរជាតិ។ ប្រទេសចិននឹងខិតខំប្រឹងប្រែងក្នុងការជួយគាំទ្រកិច្ចចរចានានានៃប្រទេសទាំងពីរ ដើម្បីបញ្ចប់បញ្ហាដោយសន្តិវិធី នាំមកនូវសុខសន្តិភាព និងសុវត្ថិភាពដល់ពលរដ្ឋទាំងសងខាង។
ឯកឧត្តម ឆឹង ស៊ាយៀន បានវាយតម្លៃខ្ពស់ចំពោះកិច្ចរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៧ ដែលកម្ពុជាជាសមាជិកអាយប៉ាមួយដែរ។ ប្រទេសចិននឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយអាយប៉ាឱ្យបានកាន់តែជិតស្និទ្ធ និងស៊ីជម្រៅថែមទៀត។
សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងមានថាមវន្តរបស់បក្សកុម្មុយនិស្តចិន ដែលមាន ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ជាប្រមុខ មិត្តចិននឹងសម្រេចបាននូវផែនការប្រាំឆ្នាំលើកទី១៤ (២០២៦-២០៣០) ប្រកបដោយជោគជ័យ ហើយឈានទៅសម្រេច «គោលដៅសតវត្សរ៍ទី២» នៅឆ្នាំ២០៤៩ ដោយប្រែក្លាយខ្លួនជាប្រទេសសង្គមនិយមទំនើប៕


