ភ្នំពេញ ៖ គម្រោងខ្សែបញ្ជូន ២៣០ គីឡូវ៉ុល ត្រូវបានធ្វើឡើងក្នុងក្របខណ្ឌឥណទានចំនួន ១៨៣ លានដុល្លារ រវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាមួយអគ្គិសនីកម្ពុជា (EDC) ដោយសាងសង់ខ្សែបញ្ជូនអគ្គិសនី តភ្ជាប់ខេត្តកណ្ដាល កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ដើម្បីពង្រីកការទទួលបាននូវថាមពលបៃតង បន្ថយអត្រាដាច់ភ្លើង បង្កើនគុណភាពអគ្គិសនី និងជួយបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ។
គម្រោងនេះ នឹងត្រូវធ្វើការសាងសង់ខ្សែបញ្ជូនប្រវែងប្រមាណ ១២០ គីឡូម៉ែត្រ តភ្ជាប់ខេត្តទាំង៣ (កណ្ដាល កំពង់ឆ្នាំង ពោធិ៍សាត់) ហើយមានការសាងសង់អនុស្ថានីយថ្មីចំនួន ២ និងការប្រើប្រាស់ថវិកាបន្ថែម ដើម្បីពង្រីកអនុស្ថានីយដែលមានស្រាប់ ឱ្យមានសមត្ថភាពធំចំនួន ២ កន្លែងផ្សេងទៀត។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៦ នេះថា គោលដៅនៃការសាងសង់នេះ ដើម្បីតភ្ជាប់ការយកថាមពលដើរដោយពន្លឺព្រះអាទិត្យ ពីស្រុកក្រគរ ខេត្តពោធិ៍សាត់ មកបណ្ដាញជាតិ ដើម្បីចែកចាយទូទាំងប្រទេស។
អគ្គិសនីកម្ពុជា កំពុងសាងសង់គម្រោងស្ថានីយដើរដោយពន្លឺព្រះអាទិត្យ ដែលមានអានុភាពសរុបជាង ១១០០ មេហ្កាវ៉ាត់ នៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បញ្ជាក់ថា គម្រោងថាមពលស្អាតនៅក្នុងខេត្តពោធិ៍សាត់ គឺជាគម្រោងដ៍ធំ នៅក្នុងតំបន់អាស៊ាន មានគោលដៅ ដើម្បីជំរុញកម្ពុជាឱ្យទទួលបានថាមពលស្អាតរហូតយ៉ាងតិច ៧០% នៅក្នុងឆ្នាំ ២០៣០។
បច្ចុប្បន្ន អគ្គិសនីកម្ពុជាប្រមាណ ៦៣% ចេញមកពីថាមពលស្អាត ដែលមានវារីអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យ និងថាមពលដើរដោយជីវម៉ាស។
គម្រោងនេះ ក៏ជំរុញឱ្យសេដ្ឋកិច្ចថ្មី ដូចនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានកម្មករ ប្រមាណជាង ៧ ម៉ឺននាក់ ប៉ុន្តែការពង្រីកគម្រោងនេះ នឹងធ្វើឱ្យរោងចក្រពង្រីកខ្លួនបន្ថែមទៀត ដែលនឹងស្រូបទាញកម្លាំងពលកម្មកម្ពុជា ដោយមិនចាំបាច់ចំណាកស្រុក។
ក្រៅពីនេះ គម្រោងនេះ ក៏បានផ្ដល់ឱកាសការងារសម្រាប់ខេត្តពោធិ៍សាត់ ខេត្តកណ្ដាល ហើយក៏នឹងធ្វើឱ្យរីកចម្រើនលើវិស័យទេសចរ កសិកម្ម ឧស្សាហកម្ម នៅខេត្តដ៍ទៃទៀត៕


