សមិទ្ធផលផ្លូវការនៃគម្រោង NI Cambodia រួមកម្លាំងស្តារព្រៃកោងកាង និងលើកកម្ពស់ជីវភាពសហគមន៍នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ : គម្រោង «ការបង្កើតភាពធន់របស់សហគមន៍កម្ពុជា ដោយប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធធម្មជាតិ និងការលើកកម្ពស់ការធ្វើពិពិធកម្មជីវភាព» (NI Cambodia) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយសមិទ្ធផលផ្លូវការនៅសណ្ឋាគារ រីវ៉ា ខេត្តព្រះសីហនុ នៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ក្រោមការចូលរួមពី ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ព្រនទាំងតំណាងស្ថាប័ន និងអង្គភាពពាក់ព័ន្ធជាច្រើនរូប។

លោក មើុង សុភាព ប្រធានស្ដីទីមន្ទីបរស្ថានខេត្តព្រះសីហនុ បានលើកឡើងថា ខេត្តព្រះសីហនុ គឺជាខេត្តមួយដែលមានសក្ដានុពលធនធានធម្មជាតិ និងជីវចម្រុះសម្បូរបែប ជាពិសេសប្រព័ន្ធអេកូឡូសុីតំបន់ឆ្នេរ ព្រៃកោងការ តំបន់ដីសើម និងធនធានជលផល ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការរក្សាលំនឹងបរិស្ថាន ។

ឯកឧត្តម មាស សុផល បានមានប្រសាសន៍ថា ដើម្បីធានាគម្រោងមាននិរន្តរភាពទាមទារឱ្យមានកិច្ចសហការស្មោះត្រង់រវាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន អង្គការសង្គមស៊ីវិល វិស័យឯកជន អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមជាមួយគ្នដូចខាងក្រោម: 

១. ពង្រឹងភាពជាដៃគូ សម្រាប់ជំរុញគោលនយោបាយគាំទ្រដល់ការស្តារព្រៃកោងកាង និងការធ្វើពិពិធកម្មជីវភាពសហគមន៍ នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

២. លើកកម្ពស់ការផ្លាស់ប្តូរចំណេះដឹង ការពង្រឹងសមត្ថភាពស្ថាប័ន ការរៀនសូត្រធម៌ កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងភាគីពាក់ព័ន្ធ។

៣. កំណត់ឱកាសក្នុងការអនុវត្តបន្ត ឬពង្រីកជោគជ័យនៃវិធីសាស្ត្រហេដ្ឋារចនាសម្ព័ន្ធធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍នៅតំបន់ផ្សេងទៀត។  ឯកឧត្តមក៏បានបន្តរទៀតថា យើងត្រូវចងចាំជានិច្ចថា “ថ្ងៃនេះខ្ញុំមិនប្រើថង់ផ្លាស់ស្ទិក” 

ដើម្បីបន្តរក្សា និងពង្រឹងសមិទ្ធផលទាំងនេះ សូមលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តពង្រឹង

កិច្ចសហការគ្នា លើកកម្ពស់ការចូលរួមរបស់សហគមន៍ក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព ព្រមទាំងបន្តផ្លាស់ប្តូរបទពិសោធន៍ និងស្វែងរកធនធានហិរញ្ញវត្ថុបន្ថែម ដើម្បីគាំទ្រដល់ការស្ដារព្រៃកោងកាង និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងរយៈវែង។

អត្ថបទ : កញ្ញា មឿន ស្រីមុំ