ឯកឧត្តម ហេង សួរ ចូលរួមអបអរសាទរពិធីសម្ពោធ “សម្ព័ន្ធអតីតជនជាតិខ្មែរនៅអ៉ីស្រាអែល” និងការចាប់ផ្តើមនៃក្លឹបសាលមនៅកម្ពុជា ដែលជាស្ពានភ្ជាប់ទំនាក់ទំនង និងជាកម្លាំងចលករថ្មីសម្រាប់អភិវឌ្ឍមូលធនមនុស្ស
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាសហអធិបតីជាមួយលោក Rami Teplitskiy អនុប្រធានបេសកកម្មនៃស្ថានទូតរដ្ឋអ៉ីស្រាអែល ក្នុងពិធីសម្ពោធ “សម្ព័ន្ធអតីតជនជាតិខ្មែរនៅអ៉ីស្រាអែល” (ACI) និងការចាប់ផ្តើមនៃក្លឹបសាលម (Shalom) នៅកម្ពុជា នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ Himawari ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងស្ថានទូតអ៉ីស្រាអែល កុងស៊ុលកិត្តិយសអ៉ីស្រាអែល សភាពាណិជ្ជកម្មកម្ពុជា-អ៉ីស្រាអែល និងអតីតនិស្សិតជាច្រើនរូប។ កម្មវិធីនេះជាការភ្ជាប់ទំនាក់ទំនងរវាងអតីតនិស្សិតមកពីវិស័យ និងជំនាន់ផ្សេងៗ ដើម្បីចែករំលែកជំនាញ ចំណេះដឹង និងបទពិសោធ ព្រមទាំងពង្រឹងភាពជាដៃគូកម្ពុជា-អ៉ីស្រាអែល ជាពិសេសលើវិស័យមូលធនមនុស្ស នវានុវត្តន៍ កសិកម្ម និងអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសម្ព័ន្ធ ACI ទីភ្នាក់ងារ MASHAV ស្ថានទូតអ៉ីស្រាអែល កុងស៊ុលកិត្តិយសនៃរដ្ឋអ៉ីស្រាអែលប្រចាំកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា-អ៉ីស្រាអែល ដែលបានសហការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះឡើង សំដៅពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអ៉ីស្រាអែល។ ពិធីសម្ពោធជាផ្លូវការនេះ បានបង្កើតនូវក្របខ័ណ្ឌស្ថាប័នដ៏សំខាន់ក្នុងការប្រែក្លាយជំនាញ និងសមត្ថភាពបុគ្គលម្នាក់ៗទៅជាកម្លាំងចលករយុទ្ធសាស្ត្រសម្រាប់អភិវឌ្ឍជាតិ ហើយការចាប់ផ្តើមនៃក្លឹបសាលមជាការភ្ជាប់កម្ពុជាទៅនឹងចលនាសកលនៃក្លឹប ដែលនឹងជួយសម្រួលដល់ការចែករំលែកបទពិសោធ ចំណេះដឹង និងការផ្តួចផ្តើមគំនិតដែលជំរុញដោយសហគមន៍ ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាពនៅកម្ពុជា ជាពិសេសគឺជាការចូលរួមដ៏សំខាន់មួយដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវការ ដើម្បីសម្រេចចក្ខុវិស័យឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់។
ឯកឧត្តមមានប្រសាសន៍ថា ផ្អែកលើជោគជ័យនាពេលកន្លងមក យ៉ាងហោចណាស់ពលករកម្ពុជាចំនួន២ពាន់នាក់នឹងទទួលបានឱកាសចូលរួមក្នុងកម្មវិធីការងារ និងបណ្តុះបណ្តាលនៅអ៉ីស្រាអែល លើវិស័យកសិកម្មទំនើប ប្រព័ន្ធស្រោចស្រព បច្ចេកវិទ្យាផ្ទះកញ្ចក់ ការគ្រប់គ្រងទឹកឆ្លាតវៃ និងការគ្រប់គ្រងធនធានប្រកបដោយចីរភាព តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រជាមួយគ្នាកាលពីខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្តមបានលើកទឹកចិត្តដល់អតីតនិស្សិតឱ្យចូលរួមចែករំលែកជំនាញ បទពិសោធ និងធ្វើជាអ្នកណែនាំដល់យុវជនជំនាន់ក្រោយ ជាពិសេសជួយគាំទ្រពលករកម្ពុជាដែលមានបំណងទៅបំពេញការងារនៅអ៉ីស្រាអែល និងចូលរួមជាគ្រូឧទ្ទេសជួយបំប៉នសមត្ថភាពពលករឱ្យមានជំនាញបច្ចេកទេសចាំបាច់ សមត្ថភាពចេះភាសាកម្រិតមូលដ្ឋាន និងយល់ដឹងពីវប្បធម៌អ៉ីស្រាអែល។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា សម្ព័ន្ធ ACI និងក្លឹបសាលម នឹងក្លាយជាកម្លាំងចលករដ៏រឹងមាំក្នុងការជំរុញនវានុវត្តន៍ ឧត្តមភាពវិជ្ជាជីវៈ និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននានា និងធ្វើឱ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរបន្តរីកចម្រើនដែលផ្តល់ឧត្តមប្រយោជន៍យូរអង្វែងដល់ប្រជាជាតិទាំងពីរ។
នាឱកាសនោះ លោក Rami Teplitskiy បានគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះមានគោលបំណងបណ្តុះបណ្តាល និងអភិវឌ្ឍអ្នកដឹកនាំជំនាន់ក្រោយ ពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-អ៉ីស្រាអែល លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍសង្គមកម្ពុជា។ លោកក៏បានលើកឡើងពីសារៈសំខាន់នៃមូលធនមនុស្ស ចំណេះដឹង នវានុវត្តន៍ និងភាពច្នៃប្រឌិត ដែលជាធនធានដ៏មានតម្លៃបំផុត និងជួយឱ្យអ៉ីស្រាអែលសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងវិស័យកសិកម្ម ការគ្រប់គ្រងទឹក បច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត៕


