ប្រជានេសាទក្នុងស្រុកសំបូរ ខេត្តក្រចេះ ស្ម័គ្រចិត្តប្រគល់ឧបករណ៍នេសាទខុសច្បាប់ ដើម្បីចូលរួមអភិរក្សធនធានជលផល
ប្រជានេសាទមួយចំនួនក្នុងស្រុកសំបូរ ខេត្តក្រចេះ បានស្ម័គ្រចិត្តប្រគល់ឧបករណ៍នេសាទខុសច្បាប់ ជាពិសេសឧបករណ៍ឆក់ ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ឈប់ការនេសាទខុសច្បាប់ និងចូលរួមអភិរក្សធនធានជលផល។ នេះជាការលើកឡើងរបស់តំណាងសហគមន៍នេសាទ ក្នុងជំនួបសំណេះសំណាលជាមួយសហគមន៍នេសាទ និងប្រជានេសាទប្រមាណ ៦០រូប នៅសាលាស្រុកសំបូរ ដើម្បីផ្សព្វផ្សាយច្បាប់ថ្មីស្តីពីជលផល និងពង្រឹងការយល់ដឹងអំពីការប្រើប្រាស់ឧបករណ៍នេសាទ ដែលដឹកនាំដោយលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
តំណាងសហគមន៍បានបញ្ជាក់ថា ការផ្សព្វផ្សាយ និងការអនុវត្តច្បាប់ស្តីពីជលផលថ្មី បានរួមចំណែកលើកកម្ពស់ការយល់ដឹង និងជំរុញឱ្យប្រជានេសាទផ្លាស់ប្តូរទម្លាប់នេសាទមិនស្របច្បាប់ មកប្រើប្រាស់ឧបករណ៍នេសាទស្របតាមបទប្បញ្ញត្តិជាធរមាន។ ក្នុងឆ្នាំ២០២៦ នៅក្នុងស្រុកសំបូរមន្ត្រីឆ្មាំបានបង្ក្រាបបទល្មើស នេសាទខុសច្បាប់ និងរឹបអូសឧបករណ៍ឆក់ចំនួន៤គ្រឿង រក្សាទុកនៅបុស្តិ៍ពាក់វែក ព្រមទាំងទូកមួយគ្រឿង ហើយប្រជានេសាទបានប្រគល់ជូនឧបករណ៍ឆក់៣គ្រឿងទៀត យកមករក្សាទុកនៅឃុំបឹងចារ។
ការចូលរួមដោយស្ម័គ្រចិត្តនេះ បង្ហាញពីស្មារតីទទួលខុសត្រូវរបស់ប្រជាពលរដ្ឋចំពោះការគ្រប់គ្រង និងអភិរក្សធនធានជលផល។ ជាមួយគ្នានេះ ការបន្តពង្រឹងការអប់រំ ផ្សព្វផ្សាយច្បាប់ និងកិច្ចសហការរវាងសហគមន៍ អាជ្ញាធរ និងមន្ត្រីជំនាញ គឺជាកត្តាសំខាន់ក្នុងការកាត់បន្ថយបទល្មើសនេសាទ និងធានានិរន្តរភាពធនធានធម្មជាតិ។
សូមជម្រាបថាបច្ចុប្បន្ន ស្រុកសំបូរ មានសហគមន៍នេសាទចំនួន ២៧ សហគមន៍ ក្នុងនោះ ២៥ សហគមន៍បានចុះបញ្ជីជាផ្លូវការ។ សហគមន៍ទាំងនេះស្ថិតនៅតាមឃុំចំនួន ៦ រួមមាន៖ ឃុំកំពង់ចាម ៧ សហគមន៍ ឃុំបឹងចារ ៧ សហគមន៍ ឃុំវឌ្ឍនៈ ៥ សហគមន៍ ឃុំកោះខ្ញែរ ៤ សហគមន៍ ឃុំសំបូរ ៣ សហគមន៍ និងឃុំសណ្ដាន់ ១ សហគមន៍។
ទន្ទឹមនឹងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនាយកដ្ឋានអភិរក្ស នៃអគ្គនាយកដ្ឋានជលផល មន្ត្រីឆ្មាំ អាជ្ញាធរពាក់ព័ន្ធ អង្គការWWF និងដៃគូពាក់ព័ន្ធផ្សេងៗទៀត នឹងបន្តពង្រឹងកិច្ចសហការចុះជួប ធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រជានេសាទ និងសហគមន៍នេសាទនៅតាមមូលដ្ឋានក្នុងខេត្តក្រចេះ ដើម្បីបន្តផ្សព្វផ្សាយ និងជំរុញការអនុវត្តច្បាប់ស្តីពីជលផលថ្មី ព្រមទាំងលើកកម្ពស់ការយល់ដឹង ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារ និងអភិរក្សធនធានជលផល ជាពិសេសនៅតាមតំបន់ដែលជាជម្រករស់នៅរបស់សត្វផ្សោតទន្លេមេគង្គ ដើម្បីធានាការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕


