ប្រធានសភាអ៊ីរ៉ង់សើចចំអកទៅកាន់លោកអនុប្រធានាធិបតីអាម៉េរិក JD Vance ដែលលើកឡើងថា«មូលហេតុធ្វើឱ្យបក្សសាធារណរដ្ឋបរាជ័យពីការបោះឆ្នោតពាក់កណ្តាលអាណត្តិគឺមកពីសង្គ្រាមជាមួយអ៊ីរ៉ង់..»

លោក Mohammad Bagher Ghalibaf ប្រធានសភារដ្ឋឥស្លាមអ៊ីរ៉ង់បានសើចចំអកឱ្យអនុប្រធានាធិបតីអាមេរិក លោក JD Vance ពាក់ព័ន្ធនឹងការលើកឡើងរបស់លោកដែលភ្ជាប់សង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ទៅនឹងភាពបរាជ័យយ៉ាងកគំហុករបស់គណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅទឹកដីអាម៉េរិក។ លោក Ghalibaf បានសរសេរឆ្លើយតបទៅកាន់លោកអនុប្រធានាធិបតី Vance នៅលើបណ្តាញសង្គម X ថា៖ វាប្រៀបបានទៅនឹងអ្នកលេងល្បែងដែលចាញ់ហើយមិនព្រមក្រោកចេញពីតុដូច្នោះដែរ។ លោកបានបន្ថែមថា៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុង «រៀបចំដំណាក់កាលបន្ទាប់នៃសង្គ្រាម ខណៈដែលអាមេរិកកំពុងឈរនៅមាត់ជ្រោះនៃគោលនយោបាយដែលផ្តល់អាទិភាពចម្បងដល់អ៊ីស្រាអែលនោះ»។ លោក Ghalibaf បានសួរទៅកាន់លោក Vance ចំៗថា៖ ហេតុអ្វីមិននិយាយរឿងនេះទៅកាន់មេដឹកនាំរបស់អ្នកទៅ? ដោយសំដៅទៅលើការបង្ហោះដ៏វែងមួយរបស់លោក Vance កាលពីថ្ងៃពុធមក។ ព្រោះកាលពីថ្ងៃពុធ លោក Vance បានលើកឡើងថា សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់គឺជាមូលហេតុដែលធ្វើឱ្យគណបក្សសាធារណរដ្ឋរបស់ពួកគេត្រូវបរាជ័យយ៉ាងដំណំនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ លោកបានសរសេរនៅក្នុងការបង្ហោះនោះទៀតថា៖ មូលហេតុដែលយើងចាញ់ គឺដោយសារសង្គ្រាមនេះ។ សូម្បីតែប្រធានាធិបតីផ្ទាល់ក៏បានមានប្រសាសន៍បែបនេះដែរ»។ នៅក្នុងការបង្ហោះដដែលនោះ លោក Vance បានដកស្រង់សម្តីអ្នកស្ទាបស្ទង់មតិម្នាក់ ដែលធ្លាប់បានទស្សន៍ទាយលទ្ធផលបោះឆ្នោតបានយ៉ាងត្រឹមត្រូវ ដោយបញ្ជាក់ថា អ្នកបោះឆ្នោតជាច្រើនដែលគាំទ្រលោក Trump ក្នុងឆ្នាំ ២០២៤ មានការខឹងសម្បារយ៉ាងខ្លាំង ហើយបានគ្រោងនឹងបោះឆ្នោតឱ្យគណបក្សប្រជាធិបតេយ្យវិញ។ អ្នកស្ទាបស្ទង់មតិនោះបានសួរទៅកាន់អតីតអ្នកបោះឆ្នោតឱ្យគណបក្សសាធារណរដ្ឋថា តើកត្តាអ្វីដែលអាចទាក់ទាញពួកគេឱ្យត្រឡប់មកគាំទ្រគណបក្សនេះវិញ។ ចម្លើយសំខាន់ៗមានចំនួន ៤ គឺត្រូវការបញ្ចប់សង្គ្រាម ផ្តោតសំខាន់លើបញ្ហាថ្លៃចំណាយក្នុងការរស់នៅរបស់ពលរដ្ឋ និងអតិផរណា ការផ្តល់អាទិភាពចម្បងដល់សហរដ្ឋអាមេរិក និងការផ្លាស់ប្តូរទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងអ៊ីស្រាអែល។ លោក Trump ក៏បានមានប្រសាសន៍កាលពីយប់ថ្ងៃអង្គារក្រោយការបោះឆ្នោតដែរថា៖ សង្គ្រាមនៅអ៊ីរ៉ង់គឺជាផ្នែកមួយនៃមូលហេតុដែលនាំឱ្យគណបក្សសាធារណរដ្ឋបរាជ័យយ៉ាងសម្បើមនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ប៉ុន្តែលោកនៅតែអះអាងថា លោកមិនស្តាយក្រោយឡើយ ចំពោះការចាប់ផ្តើមធ្វើសង្គ្រាមជាមួយពួកគេកាលពីដើមឆ្នាំនេះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ