ប្រធានាធិបតីអ៊ីស្រាអែលជួបពិភាក្សាជាមួយតំណាងគណបក្សធំៗក្នុងថ្ងៃទី២នេះដើម្បីពិគ្រោះយោបល់ថាតើនរណានឹងក្លាយជានាយករដ្ឋមន្រ្តីបន្ត? ជាលោក Netanyahu ឬ លោក Eisenkot

ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog បានបន្តជួបពិភាក្សាជាមួយគណបក្សនយោបាយនានា ដែលជាថ្ងៃទីពីរហើយ ដើម្បីស្ដាប់អនុសាសន៍របស់ពួកគេថា តើបេក្ខជនរូបណាគួរទទួលបានអាណត្តិដំបូងក្នុងការបង្កើតរដ្ឋាភិបាលចម្រុះក្រោយពេលបោះឆ្នោត។ ប្រធានាធិបតីអ៊ីស្រាអែល គឺជាអ្នកសម្រេចចិត្តថា តើបេក្ខជនរូបណានឹងក្លាយជានាយករដ្ឋមន្រ្តីថ្មី អាចទំនងជាលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ឬគូប្រជែងសំខាន់របស់លោក គឺអតីតឧត្តមសេនីយ៍ Gadi Eisenkot — ដែលនឹងទទួលបានឱកាសដំបូងក្នុងការបង្កើតរដ្ឋាភិបាលនោះ។ អំឡុងពេលជួបជាមួយលោក Herzog តំណាងគណបក្ស Yashar បានស្នើឱ្យលោក Gadi Eisenkot ដែលជាមេដឹកនាំរបស់ពួកគេ ទទួលភារកិច្ចថ្មីបង្កើតរដ្ឋាភិបាលបន្ទាប់របស់អ៊ីស្រាអែល។ លោក Yoram Cohen តំណាងគណបក្ស Yashar បាននិយាយថា៖ គោលដៅរបស់យើងគឺការបង្កើតរដ្ឋាភិបាលក្នុងគ្រាអាសន្នថ្នាក់ជាតិមួយ ដែលដឹកនាំដោយលោក Gadi Eisenkot។ ដោយសារស្ថានភាពផ្ទៃក្នុងដ៏លំបាក រួមទាំងបញ្ហាប្រឈមផ្នែកសន្តិសុខ និងអន្តរជាតិនៅពេលនេះផង យើងយល់ឃើញថាវាជារឿងបន្ទាន់មួយក្នុងការបង្កើតរដ្ឋាភិបាលមួយ ដែលជារដ្ឋាភិបាលក្នុងគ្រាអាសន្នជាតិ»។ លោក Cohen បានបន្ថែមថា៖ វាជារដ្ឋាភិបាលមួយដែលនឹងជំរុញវិធានការបន្ទាន់នានា ដើម្បីស្តារឋានៈរបស់អ៊ីស្រាអែលឡើងវិញ កែលម្អស្ថាប័នវិជ្ជាជីវៈនានា លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងស្តារទំនុកចិត្តរវាងប្រជាពលរដ្ឋ និងរដ្ឋាភិបាល»។ ចំណែកឯគណបក្ស Likud វិញ ក៏បានស្នើឱ្យលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ជាអ្នកបង្កើតនិងបន្តរដ្ឋាភិបាលថ្មីដូចគ្នាដែរ។ លោក Yoav Kisch តំណាងគណបក្ស Likud និងជារដ្ឋមន្ត្រីក្រសួងអប់រំ បានអំពាវនាវឱ្យមានការបង្កើតរដ្ឋាភិបាលឯកភាពជាតិដ៏ទូលំទូលាយមួយ ដែលរួមបញ្ចូលទាំង «គ្រប់ផ្នែកទាំងអស់នៃចំណុះរបស់ជាតិ» ក៏ដូចជា «គណបក្សនិយមស៊ីយ៉ូន (Zionist) ទាំងអស់ដែលចង់ចូលរួមជាមួយគ្នា»។ លោកបានពិពណ៌នាអំពីគំនិតនេះថា នេះជា «រដ្ឋាភិបាលឯកភាពមួយ ដែលនឹងរួបរួមកម្លាំងទាំងអស់ដែលគាំទ្ររដ្ឋអ៊ីស្រាអែល»

សម្រួលអត្ថបទ៖ សុផារិន្ទ