សមាគមសហគ្រិនស្រ្តីកម្ពុជា បើកកម្មវិធីបណ្តុះបណ្តាល ឱ្យស្រ្តីក្លាយជាអ្នកដឹកនាំ និងជួយស្ត្រីឱ្យទទួលបានអំណាចផ្នែកសេដ្ឋកិច្ច
សមាគមសហគ្រិនស្រ្តីកម្ពុជា បង្កើតកម្មវិធីបណ្តុះបណ្តាល ដើម្បីឱ្យសហគ្រិនស្រ្តីក្លាយ ជាអ្នកបន្តវេន ហ៊ានដឹកនាំ ហ៊ានបង្ហាញ សក្តានុពល និងសមត្ថភាព និងការជួយស្ត្រីកាន់តែច្រើន ឲ្យទទួលបាននូវអំណាចផ្នែកសេដ្ឋកិច្ច ការទទួលបានឱកាសស្មើគ្នា ក្នុងការ ជ្រើសរើសអាជីពការងារ និងឱកាសក្នុងការបន្តការសិក្សាអភិវឌ្ឍសមត្ថភាព។
កម្មវិធី “ស្ត្រីជាអ្នកដឹកនាំ” SheLeads Program ក្រោមប្រធានបទ៖ “រៀនថ្ងៃនេះ ដឹកនាំថ្ងៃស្អែក” “Lean today, Lead tomorrow” មានការអញ្ចើញចូលរួមពី លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការ ប្រចាំការនៃក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហគ្រិនភាពស្ត្រី (WEE-DC) នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ។
លោកជំទាវ យូ បូរី អនុប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) លើកឡើងក្នុងកម្មវិធី “ស្រ្តីជាអ្នកដឹកនាំ- SheLeads Program” ក្រោមប្រធានបទ៖ “រៀនថ្ងៃនេះដឹកនាំថ្ងៃស្អែក” “Lean today, Lead tomorrow” នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះថា ផែនការយុទ្ធសាស្ត្ររបស់សមាគម គឺបានជ្រើសរើសការផ្តោតលើការអភិវឌ្ឍសមត្ថភាព របស់សមាជិកា លេខាធិការ ដ្ឋាន និង ក្រុមប្រឹក្សាភិបាល ដើម្បីធានានិរន្តភាព និងភាពធន់របស់សមាគមសហគ្រិនស្ត្រីកម្ពុជា ដែលជាសមាគមសហគ្រិនស្ត្រីសកម្មឈាន មុខគេនៅក្នុងប្រទេស ក្នុងការជួយស្ត្រីជាម្ចាស់អាជីវកម្មឲ្យមានភាពរីកចម្រើនកាន់តែច្រើន។
លោកជំទាវ បន្តថា ជាក់ស្តែងគោលបំណង នៃការបង្កើតកម្មវិធី “SheLeads” នេះឡើង គឺដើម្បីបណ្តុះបណ្តាល ហ្វឹកហ្វឺន សមាជិការដែលចង់ក្លាយជាអ្នកបន្តវេនអ្នកដឹកនាំ ឲ្យហ៊ានដឹកនាំ ហ៊ានបង្ហាញនូវសក្តានុពល និងសមត្ថភាពរបស់ខ្លួនក្នុងការបង្កើត ស្នាដៃកេរមរត និងការបង្កើតផលជះជាវិជ្ជា មានបន្តជានិរន្តគ្រប់អណត្តិក្នុងសមាគមសហគ្រិនស្ត្រីកម្ពុជា ជាពិសេសគឺដើម្បីជួយស្ត្រី កាន់តែច្រើន ឲ្យទទួលបាននូវអំណាចផ្នែកសេដ្ឋកិច្ច ទទួលបានឱកាសស្មើគ្នាក្នុងការជ្រើសរើសអាជីពការងារដែលខ្លួនស្រឡាញ់ ក៏ដូច ជាឱកាសក្នុងការបន្តការសិក្សាអភិវឌ្ឍសមត្ថភាពផងដែរ។ លោកជំទាវមានជំនឿចិត្តថា ពេលស្រ្តីចេះ! ស្រ្តីនឹងក្លាយជាអ្នកដឹកនាំ ប្រកបដោយប្រសិទ្ធភាព ផលិតភាព សន្តិភាព សុខមាលភាព និងចីរភាព។
លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA) លើកឡើងផងដែរថា កម្មវិធី SheLeads គឺជាគំនិត ផ្តួចផ្តើមស្តីពីភាពជាអ្នកដឹកនាំជាន់ខ្ពស់ និងការរៀបចំផែនការបន្តវេនក្នុងការដឹកនាំ និងអភិបាលកិច្ចស្ថាប័ន ដែលត្រូវបានរៀបចំ និង អនុវត្តដោយ CWEA ក្រោមយុទ្ធសាស្ត្ររបស់ក្រុមប្រឹក្សាភិបាលអាណត្តិទី៥ ខណៈដែល CWEA កំពុងត្រៀមខ្លួនសម្រាប់អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅក្នុងឆ្នាំ២០២៧–២០៣០។ បញ្ហានេះ សមាគមបានទទួលស្គាល់ពីភាពចាំបាច់ និងសារៈសំខាន់នៃការដឹកនាំ រៀបចំអភិវឌ្ឍសមត្ថភាព និងផ្តល់អំណាចដល់ស្ត្រី ដែលមានសមត្ថភាពខ្ពស់ ដើម្បីក្លាយជាថ្នាក់ដឹកនាំអាណត្តិបន្ទាប់ ដែលអាចដឹកនាំ និងគ្រប់គ្រងសមាគមឱ្យបន្តរីកចម្រើន ស្រមតាមចក្ខុវិស័យច្បាស់លាស់ តម្លាភាព និងភាពអភិបាលកិច្ចល្អក្នុងការអនុវត្តការងារ។
លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិកាប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងនូវការសាទរ និង គំាទ្រពេញទំហឹង ដល់សមាគមសហគ្រិនស្រ្តីកម្ពុជា ដែលបានជំរុញបណ្តុះបណ្តាលដល់សហគ្រិនជាស្រ្តី ដែលផែនការសកម្មភាពនេះ បានដើរស្របតាមចក្ខុវិស័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គាំទ្រ និងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋយើងឱ្យ បានកាន់តែច្រើន។ លោកជំទាវរដ្ឋលេខាធិកាប្រចាំការ សង្កត់ធ្ងន់ថា ដើម្បីទទួលបានការងារធ្វើ បុគ្គលម្នាក់ៗត្រូវតែមានចំណេះដឹង និងជំនាញវិជ្ជាជីវៈ។ បញ្ហានេះក្រសួងក៏មានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបាននិងកំពុងជំរុញបណ្តុះបណ្តាលដល់ពលរដ្ឋ កម្ពុជា ក្នុងនោះក៏មានស្រ្តីចូលរួមយ៉ាងច្រើនផងដែរ៕


