ក្លិបអ្នកកាសែតកម្ពុជា គាំទ្រដោយ FASMEC បានរៀបចំវេទិកាសារព័ត៌មានលើប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ»

នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំវេទិកាសារព័ត៌មានលើប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ដែលបានគាំទ្រពីសមាគមមូលនិធិ សម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) ។

ឆ្លៀតក្នុងឱកាសនោះឧកញ៉ា តែ តាំប៉ ប្រធានក្រុមព្រឹក្សាភិបាល សមាគមមូលនិធិសម្តេច តេជោ បានមានប្រសាសន៍ថា វេទិកាសារព័ត៌មានក្រោមប្រធានបទ រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ ដើម្បីត្រៀមរៀបចំ ការតាំងពិព័រណ៍ផលិតផលខ្មែរបានផ្តល់អត្ថប្រយោជន៍សំខាន់ៗជាច្រើន ជួយដល់អ្នកផលិត មានឱកាសបានចូល លក់ និងផ្សព្វផ្សាយផ្តល់ឱកាសដល់អ្នកចែកចាយ លក់ដុំ លក់រាយ និងអ្នកផលិតបានជួបដើម្បីទំនាក់ទំនងគ្នា បង្ហាញសក្កដានុពលផលិតផលជាតិជូនដល់ មហាជន និងអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។

នេះគឺជាការល្អប្រសើរ និងជាការរួមចំណែកដ៏មានតម្លៃ ពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការជួយជំរុញ និងលើកកម្ពស់សហគ្រាសធុន តូច និងមធ្យម (SME) ក៏ដូច ជារួមគ្នា ដាស់ស្មារតីគាំទ្រផលិតផល ជាតិឲ្យកាន់តែខ្លាំងក្លាថែមទៀត ។ ផលិតផលដែលកំពុងមានសន្ទុះ លេចធ្លោ និងឆ្លើយតបយ៉ាងល្អ ទៅនឹងតម្រូវការទីផ្សាររួមមាន ផលិតផលកសិឧស្សាហកម្ម ស្បៀងអាហារ និង ភេសជ្ជៈកែច្នៃក្នុងស្រុក ព្រម ទាំងផលិតផលប្រចាំថ្ងៃមួយចំនួនទៀត ដែលបំពេញតាមស្តង់ដារ គុណភាព។

ឧកញ៉ា តែ តាំប៉ បានបញ្ជាក់ថា បើទោះបីជាស្ថានភាពបច្ចុប្បន្នមានការលំបាកពិតមែន ប៉ុន្តែនេះគឺជាឱកាសសម្រាប់ អ្នកផលិតក្នុងស្រុក ទោះបីជាជួបប្រទះការលំបាកពី បញ្ហាសកល និងការឡើងថ្លៃនៃតម្លៃថាមពល ឬវត្ថុធាតុដើម យ៉ាងណាក៏ដោយ អ្នកផលិតក្នុងស្រុកនៅតែអាចឈរជើង និងបន្ត រីកចម្រើនបាន ប្រសិនបើពួកគេចេះបត់បែន កាត់បន្ថយចំណាយ ចន្លោះប្រហោង និងបង្កើនប្រសិទ្ធភាពការងារ ប៉ុន្តែពួកគេក៏ត្រូវការការ គាំទ្រ ផ្នែកគោលនយោបាយពីរាជរដ្ឋាភិបាលផងដែរ ៕