សភាពាណិជ្ជកម្មកម្ពុជា រៀបចំសិក្ខាសាលាលើប្រធានបទ៖ «ការលើកកម្ពស់ម៉ាកយីហោឌីជីថល តាមរយៈការផលិតមាតិកា និងរូបភាព សម្រាប់ផលិតផលខ្មែរ»
ភ្នំពេញ៖សិក្ខាសាលាលើប្រធានបទ៖«ការលើកកម្ពស់ម៉ាកយីហោឌីជីថល តាមរយៈការផលិតមាតិកានិងរូបភាពសម្រាប់ផលិតផលខ្មែរ»ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មចុងសប្តាហ៏នាខែកក្តដាឆ្នាំ២០២៦នេះក្រោម វត្តមានឯកឧត្តមឧកញ៉ាងួនម៉េងតិចអគ្គនាយកសភាពាណិជ្ជកម្មកម្ពុជាតំណាងអ្នកឧកញ៉ាគិតម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងសមាជិក-សមាជិកាសភាពាណិជ្ជកម្មកម្ពុជា និងស្ថាប័នបារកូដ តំណាងមកពីក្រសួង សមាគមពាក់ព័ន្ធ ដៃគូធនាគារ ដៃគូផ្សារដុំលក់រាយ ផ្សារទំនើប អាជីវករ ផលិតករ និងពាណិជ្ជករប្រមាណជាង ១៥០នាក់។
សិក្ខាសាលានេះក្នុងគោល បំណងជួយគាំទ្រដល់សហគ្រិន អ្នកផលិតក្នុងស្រុក ឱ្យយល់ដឹងកាន់តែច្បាស់ពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការកសាងម៉ាកយីហោ និង ការបង្កើតមាតិកាប្រកបដោយគុណភាពនឹង ក្លាយជាកត្តាសំខាន់ ក្នុងការជួយឱ្យផលិតផលខ្មែរកាន់តែមានសមត្ថភាព ប្រកួតប្រជែងទាំងនៅក្នុងទីផ្សារកម្ពុជា និងទីផ្សារអន្តរជាតិតាមរយៈបទពិសោធន៍ ចក្ខុវិស័យ និងទស្សនៈទានរបស់វាគ្មិនជាអ្នកជំនាញលើវិស័យពាក់ព័ន្ធ។
លោក ហ៊ឹម ភីរម្យ នាយកប្រតិបត្តិសេវាកម្មធនាគារបុគ្គល នៃធនាគារ អ៊ឹមប៊ី (ខេមបូឌា)ម.កបានមានប្រសាសន៍អំពីការគាទ្រនិងប្តេជ្ញាចិត្តថា«ដើម្បីឱ្យផលិតផលខ្មែរអាចប្រកួតប្រជែងនៅលើទីផ្សារឌីជីថលនាពេលបច្ចុប្បន្នបាន ម្ចាស់អាជីវកម្មពិតជាចាំបាច់ត្រូវមានទុនគ្រប់គ្រាន់ ការធ្វើទីផ្សារបែបឌីជីថល និងការផ្សព្វផ្សាយម៉ាកយីហោឱ្យមានភាពទាក់ទាញ»។
ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច បានអោយដឹងថា ក្នុងយុគសម័យនៃការតភ្ជាប់ទំនាក់ទំនងតាមបែបឌីជីថល ទីផ្សារលែងកំណត់ត្រឹមតែព្រំដែនភូមិសាស្ត្រទៀតហើយ ខណៈដែលគុណភាពផលិតផលគឺជាមូលដ្ឋានគ្រឹះ ប៉ុន្តែ «ការ ធ្វើ ឲ្យ គេ ស្គាល់ ផលិត ផល » គឺជាកត្តាកំណត់ជោគជ័យ។ ឯកឧត្តមបន្តថាការអោយមានវគ្គសិក្ខាសាលាគឺដើម្បីជួបជុំគ្នាពិភាក្សា ស្វែង យល់ ពី «ការ កសាង ម៉ាកយីហោ ឌីជីថល» ដែលពិភពលោកបានផ្លាស់ប្តូរ។
ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច បានលើកឡើងថា កាលពីអតីតកាល អាជីវកម្មភាគច្រើនពឹងផ្អែកលើ ទីតាំង និង ទំនាក់ទំនងផ្ទាល់ ដើម្បីលក់ផលិតផល។ ប៉ុន្តែក្នុងយុគសម័យឌីជីថលបច្ចុប្បន្ន ទីតាំងរបស់អាជីវកម្មបានផ្លាស់ប្តូរមកស្ថិតនៅក្នុង ទូរស័ព្ទដៃរបស់អតិថិជន។
ឯកឧត្តមឧកញ៉ាបន្តថាទោះបីជាផលិតផលមានគុណភាពល្អយ៉ាងណាក៏ដោយ ប្រសិនបើខ្វះមាតិកា និងរូបភាព (Visual Content) ដែលមានភាពទាក់ទាញ និងអាចបង្កើតការចាប់អារម្មណ៍ នោះនឹងពិបាកទាក់ទាញអតិថិជនជំនាន់ថ្មី។ អតិថិជនសម័យបច្ចុប្បន្ន មិនសម្រេចចិត្តទិញដោយផ្អែកលើតម្លៃ ឬព័ត៌មាននៅលើស្លាកផលិតផលតែមួយមុខនោះទេ ប៉ុន្តែពួកគេសម្រេចចិត្តទិញដោយផ្អែកលើ អារម្មណ៍ និង ទំនុកចិត្ត ដែលកើតចេញពីបទពិសោធន៍នៃការទស្សនាមាតិកាឌីជីថល និងការយល់ឃើញចំពោះម៉ាកយីហោ។
ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច មានប្រសាសន៏ថា នៅក្នុងសម័យកាលនេះ ម៉ាកយីហោ (Brand) មិនមែនគ្រាន់តែជាស្លាកសញ្ញានោះទេ តែវាគឺជា «សាច់រឿង» ដែលអតិថិជនចង់ស្តាប់។ ចំពោះសហគ្រិនខ្មែរ ការធ្វើ Digital Branding ផ្តល់នូវអត្ថប្រយោជន៍ចម្បងដូចជា ពីសហគ្រាសខ្នាតតូចនៅតាមបណ្តាខេត្ត អាចក្លាយជាម៉ាកយីហោដែលគេស្គាល់ទូទាំងប្រទេស និងឈានទៅទីផ្សារអន្តរជាតិ ដោយមិនចាំបាច់មានហាងផ្ទាល់ខ្លួនគ្រប់ទីកន្លែង។
ឯកឧត្តម បន្ថែមថា អតិថិជនសម័យ ថ្មី ផ្ដោតខ្លាំងលើបទពិសោធន៍មើលឃើញ តាមរយៈការប្រើប្រាស់រូបភាព និងវីដេអូដែលមានគុណភាពខ្ពស់ មិនត្រឹមតែបង្ហាញពីផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនតម្លៃផលិតផល ឱ្យក្លាយជាជម្រើសដែលអតិថិជនមិនអាចរំលងបាន, ការរៀបចំមាតិកាឌីជីថលឱ្យមានភាពច្នៃប្រឌិត និងស៊ីវិល័យ ជួយបង្កើនតម្លៃបន្ថែមដល់ផលិតផលខ្មែរ ធ្វើឱ្យអតិថិជនមានទំនុកចិត្តខ្ពស់លើគុណភាព មិនចាញ់ផលិតផលនាំចូលឡើយ។
ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច លើកឡើងថា ការធ្វើយុទ្ធនាការ ឌីជីថល គឺ មាន «ភាពចាំបាច់» សម្រាប់ការ ឈរ ជើង លើទីផ្សារ និងការរីកចម្រើនរបស់សហគ្រាស។ ឯកឧត្តម ឧកញ៉ា សង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានាពេលនេះ នឹងជួយ តម្រាយ ផ្លូវ ឱ្យធុរជនយើងមានចំណេះដឹងគ្រប់គ្រាន់ ដើម្បីយកជ័យ ជម្នះ លើទីផ្សារឌីជីថល ព្រមទាំង ស្របតាមទិសដៅរបស់ក្រសួងពាណិជ្ជកម្មក្នុងការបន្តពង្រឹងសមត្ថភាពធុរជនក្នុងស្រុក ជំរុញបរិវត្តកម្មឌីជីថល និងពង្រីកឱកាសនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការកសាងសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលប្រកបដោយចីរភាព។
សូមបញ្ជាក់ថា សិក្ខាសាលានេះត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ជូនអ្នកចូលរួមនូវចំណេះជំនាញពាក់ព័ន្ធនឹង៖ យុទ្ធសាស្ត្រទីផ្សារឌីជីថល និងម៉ាកយីហោតាមបណ្តាញផ្សព្វផ្សាយសង្គម, ការថតរូបផលិតផល និងការបង្កើតមាតិកាដែលទាក់ទាញ, ទទួលបានចំណេះដឹងអំពីជម្រើសហិរញ្ញប្បទាន និងដំណោះស្រាយធនាគារ, ឱកាសផ្គូផ្គងរវាងសិប្បករ ផលិតករ ដៃគូចែកចាយ និងផ្សារទំនើបនានា៕









