អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទូលជួបពិភាក្សា ជាមួយឯកឧត្តម Nicolas Forissier រដ្ឋមន្រ្តីប្រតិភូអមរដ្ឋមន្រ្តីនៃក្រសួងអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង
នារសៀលថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២៦, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គ-បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Nicolas Forissier រដ្ឋមន្រ្តីប្រតិភូអមរដ្ឋមន្រ្តីនៃក្រសួងអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង និងគណៈប្រតិភូបារាំង និងមានការអញ្ជើញចូលរួមពីឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ផងដែរ ។
ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Nicolas Forissier និងឯកឧត្តមឯកអគ្គរដ្ឋទូត Olivier RICHARD ព្រមទាំងសហការី ក៏ដូចជាការថ្លែងអំណរគុណចំពោះស្ថានទូតនៃសាធារណរដ្ឋបារាំង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង ដែលមានប្រវត្តិយូរអង្វែង និងបានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការសន្តិភាព ការកសាងឡើងវិញ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ។ ជាក់ស្តែង, តាមរយៈ AFD, បារាំង បានបន្តផ្តល់ការគាំទ្រតាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន៖ វិស័យ កសិកម្ម ទឹកស្អាត បណ្ដុះបណ្ដាលវិជ្ជាជីវៈ ថាមពល អភិវឌ្ឍន៍ជនបទ សុខាភិបាល វប្បធម៌ បរិស្ថាន ទេសចរណ៍ អប់រំ និងមីក្រូហិរញ្ញវត្ថុ ។
ក្នុងឱកាសនោះ, ឯកឧត្តម Nicolas Forissier បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបារាំង ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេស លើវិស័យពាណិជ្ជកម្ម វិនិយោគ ហេដ្ឋា-រចនាសម្ព័ន្ធ ថាមពល សុខាភិបាល និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនភាពធន់របស់ប្រទេសទាំងពីរ ក្នុងបរិបទសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកលដែលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស ។
ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើការជំរុញគម្រោងអាទិភាពមួយចំនួន រួមមាន៖ (១)-គម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យកម្ពុជា-បារាំង, (២)- គម្រោងបំលែងសំណល់ទៅជាថាមពល, និង(៣)-គម្រោងស្តុកថាមពលវារីអគ្គិសនី ។ ភាគីទាំងពីរ បានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការរៀបចំគម្រោងទាំងនេះឱ្យមានវឌ្ឍនភាព ស្របតាមច្បាប់ បទប្បញ្ញត្តិជាធរមាន និងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា កិច្ចសហការស្វែងរកយន្តការហិរញ្ញប្បទានសមស្រប ដើម្បីឲ្យគម្រោងទាំងនេះអាចអនុវត្តបានដោយជោគជ័យ និងប្រកបដោយនិរន្តរភាព ។ ភាគីទាំងពីរ ក៏បានពិភាក្សាផងដែរអំពីការពង្រឹងកិច្ចសហ-ប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត តាមរយៈការលើកកម្ពស់ការវិនិយោគ, ការផ្សាភ្ជាប់ធុរកិច្ច, ការចូលរួមរបស់វិស័យឯកជន និងការគាំទ្រដល់ផលិតផលកម្ពុជាដើម្បីពង្រីកទីផ្សារអន្តរជាតិ ជាដើម ។
ជាមួយគ្នានេះ, ភាគីទាំងពីរ ក៏បានពិភាក្សា និងរំពឹងទុកថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង មកកាន់ព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលនឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ និងឈានទៅដល់កម្រិតខ្ពស់ថ្មីមួយទៀត និងប្តេជ្ញាចិត្តក្នុងការសហការយ៉ាងជិតស្និទ្ធដើម្បីធានាឱ្យការរៀបចំកិច្ចប្រជុំកំពូលអង្គការហ្វ្រង់កូហ្វូនី (Francophonie Summit) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខ នឹងប្រព្រឹត្តទៅដោយជោគជ័យ និងឆ្លុះបញ្ចាំងពីតួនាទីដ៏សកម្មរបស់កម្ពុជា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគីនៅក្នុងសហគមន៍ប្រើប្រាស់ភាសាបារាំង ។
ជាទីបញ្ចប់, សារជាថ្មីម្តងទៀត, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរ-គុណចំពោះរាជរដ្ឋាភិបាលបារាំង និងប្រជាជនបារាំង ដែលតែងតែបាន និងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា និងបានសម្តែងនូវការជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនបន្ថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍រួម និងវិបុលភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-បារាំង ។







