លោកឧត្តមសេនីយ៍ទោ សេង ធារិន ដឹកនាំកងកម្លាំងសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថ,ស្នងការនគរបាលខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ ចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង
(បន្ទាយមានជ័យ)៖ ថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ ២០២៦ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានដឹកនាំកងកម្លាំងកងទ័ព សហការជាមួយកងកម្លាំងកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត អជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញដែលមានការពាក់ព័ន្ធ ចុះបំពេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងស្ថិតនៅ ភូមិសាស្រ្តគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ខណៈទឹកជំនន់តាមបណ្តោយមាត់អូរព្រំដែនក្នុងក្រុងប៉ោយប៉ែត កំពុងបន្តកើនឡើងខ្ពស់ កម្លាំងយោធាបានរួមចំណែក ដើម្បីចូលរួមជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ដែលកំពុងប្រឈមការជន់លិចខ្លាំង។
យោងតាមរបាយការណ៍របស់រដ្ឋបាលក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃដដែល បានឱ្យដឹងថា ទោះបីស្ថានភាពទឹកនៅតំបន់មួយចំនួនមានការថមថយបន្តិចក្តី ក៏ទឹក ជំនន់តាមបណ្តោយមាត់អូរព្រំដែននៅតែបន្តកើនឡើង និងបង្កការគំរាមកំហែងខ្ពស់។ ក្នុងស្ថានភាពនេះ ក្រុម ការងារសង្គ្រោះ និងសមត្ថកិច្ចពាក់ព័ន្ធ បានបន្តចុះប្រតិបត្តិការជម្លៀសប្រជាពលរដ្ឋចេញពីតំបន់ប្រឈមទៅកាន់ទីទួលសុវត្ថិភាព។
ជាមួយគ្នានេះ រដ្ឋបាលក្រុងប៉ោយប៉ែត បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់អូរព្រំដែន បង្កើនការប្រុងប្រយ័ត្ន និងត្រៀមខ្លួនជម្លៀសទៅកាន់ទីទួលសុវត្ថិភាព តាមការណែនាំរបស់អាជ្ញាធរ។ ក្រុមការងារសង្គ្រោះនៅតែបន្តប្រចាំការ ២៤ម៉ោង ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕



