លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី និងមន្ត្រីរាជការ នៃក្រសួងកិច្ចការនារី ព្រមទាំងពុទ្ធបរិស័ទ អញ្ជើញរៀបចំ ពីធីបុណ្យកាន់បិណ្ឌវេនទី១ នៅព្រះពុទ្ធឃោសាចារ្យចិនដំដែក រាជធានីភ្នំពេញ
លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងឯកឧត្តម ត្រាក់ ថៃសៀង ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងកិច្ចការនារី អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១ នៅព្រះពុទ្ធឃោសាចារ្យចិនដំដែករាជធានីភ្នំពេញ ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន និងញាតិការទាំង ៧សន្តាន រួមទាំងរំលឹកឧទ្ទិសកុសលជូនដល់វិរៈបុរសស្នេហាជាតិដែលបាត់បង់ជីវិតការពារទឹកដីផងដែរ។
ពិធីបុណ្យកាន់បិណ្ឌវេនទី១ បានប្រព្រឹត្តទៅនារសៀលថ្ងៃសៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោកជំទាវកិត្តិបណ្ឌិត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងកិច្ចការនារី ព្រមទាំងពុទ្ធបរិស័ទ។
ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងកិច្ចការនារី បានរួមគ្នាប្រារព្ធបទនមស្ការចំពោះព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម្មទេសនា ពាក់ព័ន្ធនឹងអត្ថន័យ និងប្រពៃណីនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីដ៏សំខាន់មួយរបស់ពុទ្ធសាសនិកខ្មែរ និងតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ត្រូវបានប្រជាពលរដ្ឋខ្មែរគោរពប្រតិបត្តិតាមប្រពៃណីតាំងពីបុរាណកាលមក ដោយផ្សារភ្ជាប់ជាមួយជំនឿលើកម្មផល តាមទស្សនៈ «ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់»។ ក្នុងឱកាសបុណ្យនេះ ពុទ្ធបរិស័ទតែងតែធ្វើបុណ្យធ្វើទាន ប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃ ព្រមទាំងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងញាតិការដែលបានចែកឋានទៅកាន់លោកខាងមុខ។
សម្រាប់ពិធីកាន់បិណ្ឌវេនទី១ នៅព្រឹកបន្ទាប់លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងឯកឧត្តម ត្រាក់ ថៃសៀង រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នឹងបន្តធ្វើពិធីប្រគេនយាគូ រាប់បាត វេរភត្តាហារ ព្រមទាំងនិមន្តព្រះសង្ឃសូត្រធម៌ បង្សុកូល និងបង្សុកូលពហូឆ្លង ដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះបុព្វការីជន និងញាតិការទាំង ៧ សន្តាន ដែលបានចែកឋានទៅកាន់ លោកខាងមុខ សូមឱ្យបានសោយសុខក្នុងសុគតិភពជារៀងរហូត៕



