ពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ វិទ្យាស្ថានក្រុងអង្គរ

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ មានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិត ជួន ជីវិន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ វិទ្យាស្ថានក្រុងអង្គរ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ សមាសភាពក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសមណនិស្សិត-និស្សិតប្រមាណ ៥០០អង្គ នាក់។

ក្នុងឱកាសនេះឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងដៃគូសហប្រតិបត្តិការទាំងអស់នៃវិទ្យាស្ថានក្រុងអង្គរ ដែលបានដឹកនាំវិទ្យាស្ថានឱ្យសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈក្នុងការបណ្ដុះបណ្ដាលនិស្សិតប្រកបដោយគុណភាព និងសមត្ថភាព ចាប់តាំងពីបើកដំណើរការបណ្ដុះបណ្ដាល រហូតមកទល់ពេលបច្ចុប្បន្ន។

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការបានបន្តមានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា សង្ឃឹមយ៉ាងមុតមាំថា និស្សិតទាំងអស់នឹងយកចំណេះដឹង ដែលបានសិក្សាទៅអនុវត្តការងារតាមសេចក្ដីត្រូវការជាក់ស្ដែងក្នុងវិស័យនីមួយៗ ដូចជាស្ថាប័នរដ្ឋ និងវិស័យឯកជន ឬអង្គការជាតិ និងអន្តរជាតិនានា។ ជាមួយគ្នានេះនិស្សិតត្រូវខិតខំសិក្សារៀនសូត្រ ខិតខំពុះពារ ជម្នះរាល់ឧបសគ្គក្នុងការសិក្សា និងបំពេញកិច្ចការ ដើម្បីកសាងខ្លួនឱ្យស័ក្ដិសមជាពលរដ្ឋល្អ មន្ត្រីរាជការល្អ និងបុគ្គលិកល្អ ដោយប្រើនូវជំនាញ ចំណេះដឹង ចំណេះធ្វើរបស់ខ្លួនប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវក្នុងការងារ សីលធម៌ល្អ និងការដាក់ខ្លួនបម្រើសង្គមជាតិដោយចិត្តស្មោះស ដើម្បីបុព្វហេតុជាតិ មាតុភូមិដ៏ថ្លៃថ្លា នៃយើង៕