កងទ័ពជើងគោករដ្ឋហាវ៉ៃជួយប្រជាពលរដ្ឋដែលលិចលង់ពីទឹកជំនន់ក្រោយព្យុះសង្ឃរា Nolo បោកបក់! ខណៈតំបន់នេះកំពុងស្ថិតក្នុងតំណាក់កាលស្តារឡើងវិញពីសង្ឃរា Lala កាលពីខែសីហា

សមាជិកកងការពារជាតិជើងគោកហាវ៉ៃបានជួយប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវដែលលិចទឹកនៅតំបន់ Naalehu ខណៈដែលភ្លៀងធ្លាក់ខ្លាំងពីព្យុះសង្ឃរា Nolo បានវាយប្រហារតំបន់ភាគខាងត្បូងនៃកោះ Big Island ដោយបង្កជាហានិភ័យនៃគ្រោះទឹកជំនន់ភ្លាមៗ មានបាក់ដី និងខ្យល់បក់ខ្លាំងដែលងាយមានគ្រោះថ្នាក់។ សមាជិកកងការពារជាតិជាង ១២០នាក់ត្រូវបានដាក់ពង្រាយនៅលើកោះ Big Island ដែលជាផ្នែកមួយនៃកម្លាំងសរុបប្រហែល ៤០០នាក់នៅទូទាំងរដ្ឋ បន្ទាប់ពីអភិបាលរដ្ឋបានប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្ន។ ព្យុះ Nolo បានធ្វើដំណើរឆ្លងកាត់ក្បែរប្រជុំកោះហាវ៉ៃ ខណៈដែលកម្លាំងវាបានកើនខ្លាំងឡើងៗចាប់ពីថ្ងៃសៅរ៍ ដោយមានល្បឿនខ្យល់បក់ខ្លាំងបំផុតក្នុងកម្រិត១៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំណុចកណ្តាលនៃព្យុះនេះស្ថិតនៅចម្ងាយប្រហែល២៦៦គីឡូម៉ែត្រភាគខាងត្បូងនិងនិរតីនៃចំណុចខាងត្បូងបំផុតរបស់រដ្ឋហាវ៉ៃ ហើយត្រូវបានគេរំពឹងថានឹងកើនកម្លាំងទៅជាព្យុះសង្ឃរាដ៏ខ្លាំងនៅថ្ងៃចន្ទនេះ ខណៈដែលវាបានកំពុងធ្វើដំណើរទៅទិសខាងលិចនៃកោះទាំងនោះ។ ការប្រកាសតាមដានព្យុះសង្ឃរាត្រូវបានលុបចោល ហើយចំណុចកណ្តាលនៃព្យុះនេះត្រូវបានគេរំពឹងថានឹងមិនបោកបក់ចូលមកលើដីគោកឡើយ។ ប៉ុន្តែអ្នកព្យាករណ៍អាកាសធាតុបានព្រមានថា ខ្សែខ្យល់ និងភ្លៀងនៅផ្នែកខាងក្រៅនៃព្យុះ Nolo នៅតែអាចបង្កជាទឹកជំនន់ និងការបាក់ដីដែលគំរាមកំហែងដល់អាយុជីវិត។ តំបន់មួយចំនួននៃកោះ Big Island អាចនឹងមានភ្លៀងធ្លាក់រហូតដល់៥១សង់ទីម៉ែត្រ ខណៈដែលភ្លៀងធ្លាក់ខ្លាំងក៏ត្រូវបានគេរំពឹងថានឹងកើតមាននៅលើកោះផ្សេងទៀតផងដែរ។ ភ្លៀងធ្លាក់ខ្លាំងនៅតែបន្តកើតមាននៅតំបន់ភាគខាងត្បូងនៃកោះ Big Island ចាប់ពីរសៀលថ្ងៃសៅរ៍មក ដែលបណ្តាលឱ្យមានការបិទផ្លូវហាយវេសំខាន់ៗមួយផ្នែក ដែលវាតភ្ជាប់ពីទីក្រុង Kailua-Kona ទៅកាន់ទីក្រុង Hilo នៅផ្នែកខាងកើត។ ព្យុះ Nolo បានមកដល់នៅពេលដែលប្រជាពលរដ្ឋកំពុងស្ថិតក្នុងដំណាក់កាលស្តារឡើងវិញ ពីព្យុះសង្ឃរា Lala ដែលបានវាយលុកកោះ Big Island កាលពីខែសីហា ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង ដែលបានបោកបក់ផ្ទះប្រហែល ១០០ខ្នងឱ្យរបូតចេញពីគ្រឹះរបស់វាដែរ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ