ក្រសួងមហាផ្ទៃផ្សព្វផ្សាយចំណេះដឹងពីបញ្ហាគ្រឿងញៀននិងApp NoDrug ដល់មន្ត្រីរាជការសុីវិល និងមន្ត្រីនគរបាលជាតិ
ខេត្តព្រះសីហនុ : ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រុមការងារនាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈដឹកនាំដោយឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាន បានចូលរួមពិធីផ្សព្វផ្សាយគោលនយោបាយ គោលការណ៍ផែនការ និងចំណេះដឹងជាមូលដ្ឋានស្តីពីបញ្ហាគ្រឿងញៀនដល់មន្ត្រីរាជការសុីវិល និងមន្ត្រីនគរបាលជាតិ នៃរដ្ឋបាលខេត្តព្រះសីហនុ រៀបចំដោយគណៈកម្មាធិការ សម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តព្រះសីហនុ នៅសាលប្រជុំរដ្ឋបាលខេត្ត។
ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានពាំនាំប្រសាសន៍ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កោតសរសើរ ដល់មន្ត្រីរាជការ កងកម្លាំងនៃរដ្ឋបាលខេត្តព្រះសីហនុដែលបានខិតខំប្រយុទ្ធប្រឆាំងគ្រឿងញៀនរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងភាពសុខសាន្តជូនប្រជាពលរដ្ឋ និងបានសំណូមពរដល់អ្នកចូលរួមទាំងអស់បន្តខិតខំផ្សព្វផ្សាយទាំងបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍App NoDrug ជូនដល់ប្រជាពលរដ្ឋឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។
ក្នុងនាមឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត ក្នុងឱកាសនោះដែរ ឯកឧត្តម នៃ គង់ អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និងណែនាំឲ្យគ្រប់អង្គភាពទូទាំងរដ្ឋបាលខេត្តបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជំរុញបំផុសឲ្យប្រជាពលរដ្ឋប្រើប្រាស់ App NoDrug ឆ្លើយតបទៅនឹងសូចនាករទាំងគុណវិស័យ និងបរិមាណវិស័យ ដើម្បីឈានទៅសម្រេចបាននូវទិសដៅ ដែលបានកំណត់ គឺគ្រប់មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃ ក្រសួងមហាផ្ទៃ ត្រូវទទួលបាននូវការផ្សព្វផ្សាយ អប់រំ និងចំណេះដឹងអំពីបញ្ហាគ្រឿងញៀន ឈានទៅបង្ការ និងចៀសផុតពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ដែលជាបំណងប្រាថ្នារបស់ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងនាមឯកឧត្តម កៅ ខុនដារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ប្រធានលេខាធិការដ្ឋានបានផ្សព្វផ្សាយនូវគោលនយោបាយ គោលការណ៍ផែនការ ដើម្បីចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវផែនការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល ដោយបានលើកពីតួនាទីរបស់តួអង្គនីមួយៗសំដៅពង្រឹងបាននូវប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋរបស់យើងចៀសផុតបានពីផលវិបាកបញ្ហានានាដែលបណ្ដាលមកពីបញ្ហាគ្រឿងញៀន។



