លោក Trump នឹងជួប CEO ក្រុមហ៊ុន Anthropic ស្តីពីការវែកញែកពីសុវត្ថិភាព AI កាន់តែខ្លាំងឡើងៗ ! ក្រោយពីលោក Pete Hegseth ចោទថាវាបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ
ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសគ្រោងនឹងទទួលទានអាហារពេលល្ងាចជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Anthropic គឺលោក Dario Amodei នៅយប់ថ្ងៃអាទិត្យនេះ (ម៉ោងនៅអាម៉េរិក)។ ជំនួបនេះធ្វើឡើងបន្ទាប់ពីពីរថ្ងៃបន្ទាប់ពីតុលាការឧទ្ធរណ៍សហព័ន្ធបានច្រានចោលការជំទាស់របស់ក្រុមហ៊ុន AI មួយនេះ ចំពោះការសម្រេចរបស់រដ្ឋាភិបាលដែលចាត់ថ្នាក់ក្រុមហ៊ុននេះថាជាក្រុមហ៊ុនមានហានិភ័យដល់ខ្សែសង្វាក់ផ្គត់ផ្គង់។ ក្នុងអំឡុងពេលចុះបំពេញទស្សនកិច្ចនៅរដ្ឋ Illinois លោក Trump បាននិយាយថា លោកនឹងជួបពិភាក្សាជាមួយលោក Amodei។ ក្រោយមកនៅពេលត្រឡប់មកដល់មូលដ្ឋានយោធា Joint Base Andrews ក្នុងរដ្ឋ Maryland វិញ លោក Trump បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងទទួលទានអាហារពេលល្ងាចជាមួយលោក Amodei នៅវេលាម៉ោង១០យប់ថ្ងៃនេះ។ ជំនួបនេះកើតឡើងចំពេលដែលមានជម្លោះរវាងក្រុមហ៊ុន Anthropic និងក្រសួងការពារជាតិអាមេរិក (Pentagon) ពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់យោធា។ កាលពីខែកុម្ភៈលោក Trump និងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth បានចោទប្រកាន់ក្រុមហ៊ុននេះថាបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ បន្ទាប់ពីលោក Amodei បដិសេធមិនបន្ធូរបន្ថយលើការព្រួយបារម្ភថា AI របស់ខ្លួនអាចត្រូវបានប្រើប្រាស់សម្រាប់ការឃ្លាំមើលទ្រង់ទ្រាយធំ ឬសម្រាប់អាវុធស្វ័យប្រវត្តិនោះ។ សាលក្រមរបស់តុលាការឧទ្ធរណ៍កាលពីថ្ងៃសុក្រ បានអនុញ្ញាតឱ្យក្រសួងការពារជាតិបន្តដកម៉ូដែល AI ឈ្មោះ Claude របស់ក្រុមហ៊ុន Anthropic ចេញពីប្រព័ន្ធរបស់ខ្លួន។ លោក Trump បានលើកកម្ពស់ AI ថាជាវិស័យសំខាន់មួយនៃការប្រកួតប្រជែងជាមួយប្រទេសចិន និងបានព្រមានថាសហរដ្ឋអាមេរិកត្រូវតែរក្សាឧត្តមភាពផ្នែកបច្ចេកវិទ្យារបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ លោក Amodei បានអំពាវនាវឱ្យឧស្សាហកម្ម AI បន្ថយល្បឿននៃការអភិវឌ្ឍរបស់ខ្លួនបន្តិច ដើម្បីឱ្យវិធានការសុវត្ថិភាពអាចតាមទាន់ការវិវត្តមួយនេះ។ កាលពីដើមខែនេះ លោកបានព្រមានថា ក្នុងរយៈពេលពី៦ ទៅ១២ខែទៀត AI អាចមានសមត្ថភាពដឹកនាំក្រុមភ្នាក់ងារស្វ័យប្រវត្តិ (agents) ដែលអាចគ្រប់គ្រងអ៊ីនធឺណិតបាន។ ការព្រួយបារម្ភអំពីការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃ AI បានកើនឡើងទាំងនៅក្នុង និងក្រៅឧស្សាហកម្មបច្ចេកវិទ្យា ដោយប្រព័ន្ធដែលមានសមត្ថភាពខ្លាំងក្លាឡើងៗ បានបង្ហាញពីសមត្ថភាពលើសពីមនុស្ស ខណៈពេលដែលវាបានបង្កឱ្យមានការភ័យខ្លាចអំពីការប្រើប្រាស់ដែលអាចបង្កគ្រោះថ្នាក់បានងាយ។ លោក Sam Altman នាយកប្រតិបត្តិក្រុមហ៊ុន OpenAI ក៏បានប្រាប់ទស្សនាវដ្តី Fortune ផងដែរថា ក្រុមហ៊ុនរបស់លោកនឹងរង់ចាំរហូតដល់ឆ្នាំក្រោយ ដើម្បីចាប់ផ្តើមលក់ភាគហ៊ុនដល់វិនិយោគិន ដោយសារក្រុមហ៊ុនកំពុងផ្តោតការយកចិត្តទុកដាក់លើសុវត្ថិភាព AI៕
សម្រួលអត្ថបទ៖ សុផារិន្ទ



