លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថចុះសួរសុខទុក្ខលោកព្រិន្ទបាលទោ សំ សុជាតិ ជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលថែទាំសុខភាព នៅមន្ទីរពេទ្យព្រះកុសុមៈ (ហៅពេទ្យលោកសង្ឃ) រាជធានីភ្នំពេញ
កំពង់ស្ពឺ៖ ដោយយកគំរូដឹកនាំដ៏ប៉ិនប្រសពឈ្លាសវៃប្រកបដោយគុណធម៌របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីសំណាក់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងក្រុមការងារអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខនិងនាំយកនូវថវិការួមមានសម្ភារៈមួយចំនួនជូនលោកព្រិន្ទបាលទោ សំ សុជាតិ នាយក្រុម១ កងអនុសេនាធំចល័តខេត្តកំពង់ស្ពឺ ជួបគ្រោះថ្នាក់ចរាចរណ៍ហើយពេលនេះកំពុងសម្រាកព្យាបាលថែទាំសុខភាពនៅមន្ទីរពេទ្យព្រះកុសុមៈ (ហៅពេទ្យលោកសង្ឃ) រាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន រួមជាមួយក្រុមការងារបានសំណេះសំណាលសួរសុខទុក្ខនិងជូនពរឲ្យឆាប់បានជាសះស្បើយមានសុខភាពល្អប្រសើរឡើងវិញ ជាពិសេសក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនិងជូនពរពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ចំពោះលោកព្រិន្ទបាលទោ សំ សុជាតិ ផងដែរ។ក្រោមការយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក្នុងនោះបានឧត្តមជាថវិកាចំនួន ៣០០,០០០រៀល ព្រមទាំងសំភារៈគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន(មី ២កេស,ទឹកសុទ្ធ២កេស,ភេសជ្ជៈ១កេសនិងទឹកដីគោឆៅ ១កេស) ផងដែរ៕


