ត្រឹមឆ្នាំ២០២៨ខាងមុខ ស្ថាប័នអប់រំ អ៊ិនធីស៊ី គ្រុប បានកំណត់ឲ្យ សាលារៀនសុវណ្ណភូមិ ក្លាយទៅជា Digital School
នៅត្រឹមឆ្នាំ២០២៨ ខាងមុខនេះ ស្ថាប័ន អប់រំ អ៊ិនធីស៊ី គ្រុប បានកំណត់ឲ្យសាលារៀនសុវណ្ណភូមិ ក្លាយទៅជា Digital School ជាពិសេសត្រូវតែចេះប្រើឧបករណ៍បច្ចេកវិទ្យា ក្នុងនោះរាប់ចាប់តាំងពី AI ក៏គាត់ត្រូវចេះប្រើ រួមនិងបច្ចេកវិទ្យាផ្សេងៗទៀត ដែលយើងបានបំពាក់នៅតាមថ្នាក់រៀន របស់យើងនីមួយៗ។ នេះជាការថ្លែងរបស់ លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិស្ថាប័ន អប់រំ អ៊ិនធីស៊ី គ្រុប ក្នុងពិធីបិទសន្និបាត ការបង្រៀន និងរៀនលើកទី១១ ស្ដីពី គរុវិទូយុគសម័យ AI ៖ ការកសាង សមត្ថភាពឌីជីថល និងសីលធម៌វិជ្ជាជីវៈ ដែលបានរៀបចំ ធ្វើឡើងនៅសាលារៀនសុវណ្ណភូមិ សាខាក្រុងតាខ្មៅ ។
លោក ឃឹម ផុន បានឱ្យដឹងថា ធ្វើឡើងក្នុងគោលដៅផ្ដល់ឱកាសឲ្យលោកគ្រូ អ្នកគ្រូមានឱកាសក្នុងការចែករំលែកនូវបទពិសោធន៍ល្អៗរបស់គាត់ទៅឱ្យក្រុមការងាររបស់គាត់ ដែលជាក្រុមគ្រូៗដូចគ្នា ដោយវេទិកានេះគឺផ្ដោតសំខាន់ទៅលើការប្រើប្រាស់បច្ចេកវិទ្យា ដោយយើងយល់ថាបច្ចេកវិទ្យានៅបច្ចុប្បន្នយើងឥឡូវនេះ គឺត្រូវបានយកមកប្រើជាឧបករណ៍ជំនួយនៅក្នុងការបង្រៀនច្រើន ដូច្នេះហើយលោកគ្រូ អ្នកគ្រូត្រូវតែមានវិធីសាស្ត្រ ឬក៏ក្រមសីលធម៌ក្នុងការប្រើប្រាស់ AI ដោយយើងមិនអាចឲ្យគាត់ប្រើទៅតាមចិត្តដែលគាត់ចង់ប្រើនោះទេ ព្រោះខ្លាចខុសទៅលើនិយាមគរុកោសល្យផង និងខ្លាចខុសទៅលើក្រមសីលធម៌ផង ដែលទាមទារឱ្យមានការបញ្ជ្រាបនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យា AI ដែលលោកគ្រូ អ្នកគ្រូ ត្រូវប្រើប្រាស់ក្នុងរូបភាពមួយជាឧបករណ៍ ដើម្បីជំនួយនៅក្នុងការបង្រៀនរបស់គាត់ ហើយមិនឲ្យគាត់ប្រើលើសពីអ្វីដែលជាតម្រូវការរបស់យើងនោះទេ។
លោក ឃឹម ផុន បានសង្កត់ធ្ងន់ថា ជាការពិត នៅក្នុងការងារអប់រំយើងដឹងទាំងអស់គ្នាហើយថា AI មិនអាចជំនួសគ្រូបានទេ ប៉ុន្តែគ្រូក៏អាចប្រើ AI ជាឧបករណ៍ដើម្បីជំនួយនៅក្នុងការសម្រួលនៅក្នុងការរៀបចំ ជាពិសេសរៀបចំទៅលើការបង្រៀនរបស់ពួកគាត់ ធ្វើយ៉ាងណាឲ្យមានការសន្សំសំចៃពេលវេលាបានច្រើន ក្នុងន័យគាត់ប្រើប្រាស់ពេលតិច ហើយគាត់ទទួលបាននូវផលប្រយោជន៍ឲ្យច្រើន តែជាទូទៅតែម្តង AI គឺមិនអាចជំនួសគ្រូបានត្រង់ថា AI មិនអាចយល់ពីចិត្តសិស្សដូចគ្រូទេ។ ដូច្នេះ ទោះបីជាមានបច្ចេកវិទ្យាទំនើបយ៉ាងណាក៏ដោយ ក៏យើងនៅតែត្រូវការសមាសភាពគ្រូ ដើម្បីចូលរួមនៅក្នុងការលើកកម្ពស់គុណភាពអប់រំនៅក្នុងប្រទេសរបស់យើងដែរ ប៉ុន្តែយ៉ាងណាគ្រូត្រូវតែចេះប្រើបច្ចេកវិទ្យា ដើម្បីឲ្យដើរទាន់សម័យកាល ហើយជួយសម្រួលនៅក្នុងការងាររបស់គាត់ជារឿងសំខាន់ ហើយយើងក៏លើកទឹកចិត្តឲ្យគ្រូទាំងអស់នៃសាលាសុវណ្ណភូមិផ្ដោតទៅលើការប្រើប្រាស់បច្ចេកវិទ្យាមួយនេះដែរ ដោយយើងបានកំណត់ថា នៅត្រឹមឆ្នាំ២០២៨ខាងមុខនេះ គឺចង់ឲ្យសាលារៀនសុវណ្ណភូមិក្លាយទៅជា Digital School។
លោក ប្រធាន នាយកប្រតិបត្តិ ស្ថាប័នអប់រំ អ៊ិនធីស៊ី គ្រុប បានថ្លែងថា ជាការពិតពីមុនមកយើងធ្លាប់ឮរឿង AI នេះច្រើន ប៉ុន្តែនៅពេលដែលយើងយកវាមកដាក់បញ្ចូលនៅក្នុងផ្នែកមួយ នៃកម្មវិធីសិក្សារបស់យើង គឺគ្រូយើងមិនត្រឹម តែឮទេ តែគាត់អាចប្រើបានទៀត ប៉ុន្តែគាត់ប្រើនៅក្នុង ក្របខណ្ឌដែលយើងអនុញ្ញាតឲ្យគាត់ប្រើ គាត់ប្រើនៅក្នុងក្របខណ្ឌមួយដែលមានក្រមសីលធម៌ច្បាស់លាស់ គាត់ប្រើនៅក្នុងក្របខណ្ឌ មួយដែលមិនធ្វើឲ្យមានផលប៉ះពាល់ ទៅដល់សិស្ស ហើយជាការពិតប្រាកដណាស់ AI ចូលរួមច្រើននៅក្នុងការងារអប់រំ សូម្បីតែក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកទឹកចិត្តឲ្យគ្រូយើងមានសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យានេះដែរ។ ដូច្នេះហើយសាលារៀនសុវណ្ណភូមិគាំទ្រគោលនយោបាយរបស់ក្រសួង ហើយត្រូវតែបញ្ជ្រាបការងារទាំងអស់នេះតាមរយៈគ្រូបង្រៀន ដើម្បីឲ្យគាត់អាចមានសមត្ថភាពក្នុងការប្រើប្រាស់ AI ហើយប្រយោជន៍ទាំងអស់នឹងបានទៅដល់សិស្សរបស់យើង៕


