ក្រសួងការងារ និងស្ថានទូតខ្មែរនៅជប៉ុន រៀបចំពានរង្វាន់បាល់ទាត់មិត្តភាពខ្មែរនៅជប៉ុន ដើម្បីពង្រឹងសាមគ្គីភាព និងផ្សារភ្ជាប់មហាគ្រួសារខ្មែរ

(ប្រទេសជប៉ុន)៖ នៅថ្ងៃអាទិត្យ ទី១៨ ខែតុលាឆ្នាំ២០២៦ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំព្រឹត្តិការណ៍ប្រកួត “ពានរង្វាន់បាល់ទាត់មិត្តភាពខ្មែរនៅប្រទេសជប៉ុន ឆ្នាំ២០២៦” ក្រោមអធិបតីភាព ឯកឧត្តម ហាំង តុលា រដ្ឋលេខាធិការ និងជាតំណាងឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានក្រុមកីឡាករមកពីតំបន់នានាចំនួន ១០ក្រុម ចូលរួមប្រកួតនៅកីឡាដ្ឋាន MIFA Football Park Tachikawa ទីក្រុងតូក្យូ នៃប្រទេសជប៉ុនដែលមានសហគមន៍ខ្មែរ សិស្ស-និស្សិត កម្មសិក្សាការី-ពលករជំនាញខ្មែរសរុបប្រមាណ ៣០០នាក់។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ហាំង តុលា បានពាំនាំនូវសេចក្តីនឹករលឹក ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបានណែនាំឱ្យក្មួយៗទាំងអស់រួមគ្នាលេងកីឡា ខិតខំប្រឹងប្រែងរៀនសូត្រភាសាជប៉ុនបន្ថែម ពិសេសក្រេបយកចំណេះជំនាញដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ និងត្រូវជៀសវាងឱ្យឆ្ងាយពីការប្រព្រឹត្តបទល្មើសផ្សេងៗក្នុងប្រទេសជប៉ុន។

ព្រឹត្តការណ៍នេះ ត្រូវបានរៀបចំឡើងក្រោមស្មារតី «កីឡានាំមកនូវសុខភាព សន្តិភាព និងសាមគ្គីភាព» ដើម្បីពង្រឹងចំណងសាមគ្គីភាព និងមិត្តភាព រវាងបងប្អូនសហគមន៍ខ្មែរ សិស្ស-និស្សិត និងកម្មសិក្សាការី-ពលករជំនាញខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនបានជួបជុំគ្នាស្និទ្ធស្នាល និងបង្កើនទំនាក់ទំនងល្អ ទោះបីនៅឆ្ងាយពីស្រុកកំណើត។

ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការប្រកួតកីឡាដើម្បីស្វែងរកជើងឯកនោះទេ ប៉ុន្តែវាជាព្រឹត្តិការណ៍ មួយដែលបង្ហាញពីការយកចិត្តទុកដាក់ និងការរួមសហការគ្នាយ៉ាងពិតប្រាកដ ដើម្បីមហាគ្រួសារខ្មែរនៅលើទឹកដីនៃប្រទេសជប៉ុន៕