លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងព័ត៌មាន នាំយកអង្ករវីតាមីនចំនួន ៣០០កេស ជូនដល់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីចូលរួមគាំទ្រដល់ការថែទាំសុខភាព និងលើកកម្ពស់សុខុមាលភាពរបស់អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ

ភ្នំពេញ៖ ដើម្បីចូលរួមក្មុងសកម្មភាពមនុស្សធម៌ក៏ដូចជាជួយសម្រួលដល់ការស្នាក់អាស្រ័យ ពិនិត្យព្យាបាលជំងឺរបស់ ប្រជាពលរដ្ឋ, លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំសមាគម នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បាននាំយកនូវអង្ករវីតាមីនចំនួន ៣០០កេស ជូនដល់មន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) រាជធានីភ្នំពេញ។

លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា មានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបរវធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តែងបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាពសង្គម ពិសេសសុខភាពស្រ្តីនឹងកុមារ។

លោកជំទាវ បានកោតសរសើរថ្នាក់ដឹកនាំ និងបុគ្គលិក មន្ទីរពេទ្យព្រះកុសុមៈ ទាំងអស់ដែលតែងតែខិតខំបំពេញការងារអស់ពី កម្លាំងកាយចិត្ត ក្នុងការមើលថែទាំ ពិនិត្យ ពិគ្រោះ ព្យាបាល អ្នកជំងឺប្រកបដោយការ ទទួលខុសត្រូវខ្ពស់ តាមវិជ្ជាជីវៈ វេជ្ជសាស្រ្តរបស់ក្រុមគ្រូពេទ្យជូនដល់ប្រជាពលរដ្ឋ ដោយមិនគិតពីពេលវេលា និន្នាការនយោបាយ ពណ៌សម្បុរនោះទេ គឺសំដៅធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋដែលមានជំងឺធ្ងន់មកស្រាល អ្នកជំងឺស្រាល មកមានការជាសះស្បើយឡើងវិញ។

លោកជំទាវប្រធានកិត្តិយសសមាគម បានបញ្ជាក់ជូនថា ទោះជាការផ្តល់ជូននូវអង្ករវីតាមីនចំនួន ៣០០កេសនាឱកាសនេះពុំទាន់អាចឆ្លើយតបទៅ និងតម្រូវការនៃអ្នកជំងឺយ៉ាងណាក៏ដោយ ប៉ុន្តែក៏អាចជួយសម្រួលនូវកង្វះខាតរបស់ប្រជាពលរដ្ឋមួយរយៈពេលនៃការសម្រាកព្យាបាលជំងឺ។

លោកជំទាវ បានផ្តល់នូវកម្លាំងចិត្តដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារ ដោយប្រកាន់យកនូវការរស់នៅស្អាត ហូបស្អាត បរិស្ថានជុំវិញខ្លួនឱ្យបានស្អាតល្អ ព្រោះបញ្ហាសុខភាពគឺជាបញ្ហាប្រឈមមួយដែលត្រូវរួមគ្នាដោះស្រាយដើម្បីសុខដមរម្យនីយកម្មនៃសង្គមកម្ពុជានាពេល បច្ចុប្បន្ន និងឆ្ពោះទៅអនាគត៕