គម្រោងកសាងផ្លូវក្រវាត់ព្រំដែន មានប្រវែងជាង ២៦០ គីឡូម៉ែត្រ សម្រេចលទ្ធផលបានប្រមាណជាង ៩៥% ហើយ

ភ្នំពេញ ៖ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពី ការប្រើប្រាស់ថវិកាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវតាមព្រំដែន ឱ្យបាន ត្រឹមត្រូវ តម្លាភាព គណនេយ្យភាព និងក្នុងស្មារតីសន្សំសំចៃខ្ពស់ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន មានកិត្តិយសសូមគោរពជម្រាបជូន ដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាប អំពីវឌ្ឍនភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ នេះ ដូចមានលទ្ធផលសង្ខេបខាងក្រោម៖

១. ក្រុមការងារចំពោះកិច្ច ក.គ.ម បានចាត់បញ្ជូនកម្លាំងវិស្វកម្មកសាងផ្លូវ ចំនួន ៨ កងឯកភាព ដោយប្រើប្រាស់ រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២៨៦ គ្រឿង ក្នុងនោះនៅខេត្តមណ្ឌលគិរី មាន ៥ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ២០០ គ្រឿង និងខេត្តរតនគិរី មាន ៣ កងឯកភាព ប្រើប្រាស់រថយន្ត-គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ ចំនួន ៨៦ គ្រឿង។

២. ការងាររាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះតាមមុខសញ្ញានៃការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែន ត្រូវបាន សម្រេច ជាស្ថាពរលើផ្ទៃដីសរុបទំហំ ៦.៦១០.០០០ ម៉ែត្រការ៉េ (លើផែនការ ៦.២៥០.០០០ម៉ែត្រក្រឡា) ដោយ បានរកឃើញគ្រាប់គ្រប់ប្រភេទ ចំនួន ១០៦ គ្រាប់, លោហធាតុ ១.០០៦ គីឡូក្រាម ក្នុងនោះរួមមាន គ្រាប់ប៊ុមប៊ី (គ្រាប់បែកចង្កោម) ចំនួន ៤៣ គ្រាប់។

៣. ក្នុងដំណើរការកសាងផ្លូវព្រំដែននៅក្នុងរយៈពេលប្រមាណ ១៧ ខែ កន្លងមកនេះ ក្រុមការងារចំពោះកិច្ច ក.គ.ម បានឈូសព្រៃទទឹង ៥ ម៉ែត្រ លើដីជាក់ស្តែង បានប្រវែង ២៦៤,៤០ គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែ ដំបូងឈូសផ្លូវទទឹង ២០ ម៉ែត្រ បានប្រវែង ២៥៤,៩០ គីឡូម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ, លុបជ្រលង បន្ទាប ចំណោតភ្នំ ចិតជញ្ជាំងភ្នំ និងជីកប្រឡាយបង្ហូរទឹកភ្លៀង កសាងតួផ្លូវ សម្រេចបានប្រវែង ២៥២,៩០ គីឡូម៉ែត, និងចាក់ក្រាលល្បាយកម្ទេចថ្ម-កិនបង្ហាប់បានប្រវែង ២៤២,៩ គីឡូម៉ែត្រ។ លទ្ធផលរួមនៃដំណើរការក សាងផ្លូវក្រវាត់ព្រំដែននេះ គឺសម្រេចបានប្រមាណ ៩៥,៩២% នៃផែនការរួម ក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចបាន ១០០% និងខេត្តរតនគិរី សម្រេចបាន ៩១,៤៨%។

៤. ក្រុមការងារចំពោះកិច្ច ក.គ.ម បានកសាងសម្រេចជាស្ថាពរសំណង់សិល្បការរ្យរួមមាន៖ លូប្រអប់ សរុប ចំនួន ៤១ កន្លែង ស្មើនឹង ៣៧១,៧ ម៉ែត្រ, ដាក់លូមូលបេតុងគ្រប់ប្រភេទ សរុប ៣៥៤ កន្លែង, និងស្ថាបនា សម្រេចជាស្ថាពរនូវសំណង់បេតុងរក្សាទឹកទុកប្រើប្រាស់ សរុប ចំនួន ១២ កន្លែង ស្មើនឹង ២៤០,៤០ ម៉ែត្រ ក្នុងនោះ ថ្នល់បេតុងបង្កៀររក្សាទឹកទុកប្រើប្រាស់ សម្រេចស្ថាពរបានចំនួន ៥ កន្លែង ស្មើនឹង ១៨០ ម៉ែត្រ និងទំនប់បេតុងបង្កៀររក្សាទឹកទុកប្រើប្រាស់ សម្រេចស្ថាពរបានចំនួន ៧ កន្លែង ស្មើនឹង ៦០,៤០ ម៉ែត្រ, និង ស្ថាបនាស្ពានបេតុង សម្រេចបានចំនួន ១ កន្លែង ប្រវែង ១៨ ម៉ែត្រ។

៥. ក្រុមការងារចំពោះកិច្ច ក.គ.ម សូមគូសបញ្ជាក់ជូនផងដែរថា ប្រវែងផ្លូវដែលត្រូវសាងសង់បានកើនដល់ ២៦៤,៤០ គីឡូម៉ែត្រ លើសប្រវែងផ្លូវដែលបានគ្រោងទុកក្នុងផែនការដែលមានត្រឹមតែ ២៥០ គីឡូម៉ែត្រ។ ការកើនឡើងនៃប្រវែងផ្លូវនេះ ដោយសារតែស្ថានភាពភូមិសាស្ត្រ ដែលត្រូវកសាងផ្លូវលើដីជាក់ស្តែងត្រូវបាន កែសម្រួល។ ទន្ទឹមនឹងនោះ, ផ្ទៃដីដែលត្រូវរាវរកគ្រាប់មីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះតាមមុខសញ្ញា ក៏បានកើន ឡើងពីផ្ទៃដីទំហំ ៦.២៥០.០០០ ម៉ែត្រការ៉េ ក្នុងផែនការដែលបានគ្រោងទុកទៅដល់ផ្ទៃដីទំហំ ៦.៦១០.០០០ ម៉ែត្រការ៉េ ផងដែរ។

៦. ចំពោះមុខនេះ ក្រុមការងារចំពោះកិច្ច ក.គ.ម បាននិងកំពុងបន្តយកចិត្តទុកដាក់លើការងារថែទាំបច្ចេកទេស ខ្សែផ្លូវក្នុងទិសខេត្តមណ្ឌលគិរី ដែលបានស្ថាបនារួចរាល់ ដើម្បីធានាគុណភាពរឹងមាំ និងបង្កការខូចខាត ជាយថាហេតុនៅក្នុងរដូវវស្សាខាងមុខ, បន្តជំរុញល្បឿនការងារកសាងសំណង់ផ្លូវ និងការកសាងសំណង់ សិល្បការ្យគ្រប់ប្រភេទនៅទិសខេត្តរតនគិរី ឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន, និងចាត់តាំង ដឹកជញ្ជូនប្រេងឥន្ធនៈ សម្ភារៈ វត្ថុធាតុដើម ចូលទៅផ្គត់ផ្គង់ដល់ការដ្ឋានទិសខេត្តរតនគិរី ឱ្យបានទាន់ពេលវេលា មុនរដូវវស្សាមានភ្លៀងធ្លាក់ខ្លាំង ជួបលំបាកក្នុងការដឹកជញ្ជូន។

៧. ក្រុមការងារចំពោះកិច្ច ក.គ.ម នឹងបន្តខិតខំអនុវត្តភារកិច្ចរបស់ខ្លួនឱ្យកាន់តែសកម្ម ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីឈានទៅសម្រេចបាននូវការកសាងផ្លូវតាមព្រំដែនតាមផែនការដែលបានគ្រោងទុក និងបន្តផ្តល់ព័ត៌មានស្តីពីវឌ្ឍនភាពថ្មីៗនៃដំណើរការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែននេះជូនសាធារណជនជ្រាបជាបន្ត បន្ទាប់៕