ធនាគារជាតិនៃកម្ពុជា សហការជាមួយ ធនាគារកណ្តាលបារាំង បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលនៃប្រទេសនិយាយភាសាបារាំង (ហ្វ្រង់កូហ្វូន) លើកទី២៨ ក្រោមមូលបទ “ស្វ័យភាពធនាគារកណ្តាលចំពោះមុខការរំពឹងទុករបស់រដ្ឋ និងសាធារណជន” ចាប់ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។ 

រាជធានីភ្នំពេញ÷ សន្និសីទនេះក៏មានការអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាគន្លឹះពី ឯកឧត្តម François Villeroy de Galhau ទេសាភិបាល ធនាគារកណ្តាលបារាំង (Banque de France) និងលោកជំទាវ Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប (European Central Bank) និងវត្តមានថ្នាក់ទេសាភិបាលធនាគារកណ្តាលសរុបចំនួន ២៦ នៃប្រទេសហ្រ្វង់កូហ្វូន នៅទ្វីបអឺរ៉ុប អាមេរិក អាហ្រ្វិក អាស៊ី មជ្ឈិមបូព៌ា និងប៉ាស៊ីហ្វិក។

នេះជាលើកទី៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលំដាប់អន្តរជាតិនេះ បន្ទាប់ពីលើកទី១ ត្រូវបានរៀបចំឡើងក្នុងឆ្នាំ១៩៩៦ និងលើកទី២ ក្នុងឆ្នាំ២០១១។
នៅក្នុងព្រឹត្តិការណ៍អន្តរជាតិជាប្រវត្តិសាស្ត្រនេះ អង្គសន្និសីទបានពិភាក្សា និងផ្លាស់ប្តូរទស្សនាទានគន្លឹះទាក់ទងនឹងវិសាលភាពនៃស្វ័យភាពរបស់ធនាគារកណ្តាល ក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមនឹងដំណើរវិវត្តន៍ថ្មីនៃតថភាពសេដ្ឋកិច្ច និងសង្គម ដែលបាននិងកំពុងដាក់ធនាគារកណ្តាលឱ្យស្ថិតនៅចំពោះមុខការរំពឹងទុកកាន់តែខ្ពស់ពីសំណាក់រដ្ឋ និងសាធារណជន។

សន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលនៃប្រទេសនិយាយភាសាបារាំង ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ តាមគំនិតផ្តួចផ្តើមរបស់ធនាគារកណ្តាលបារាំង ដើម្បីផ្តល់វេទិកាប្រចាំឆ្នាំសម្រាប់ការសន្ទនា ការផ្លាស់ប្តូរបទពិសោធទាក់ទងនឹងប្រធានបទសេដ្ឋកិច្ច រូបិយវត្ថុ និងហិរញ្ញវត្ថុ។ សន្និសីទនេះក៏បានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាល ជាពិសេសធនាគារកណ្តាលដែលប្រើភាសាបារាំង។