លោកជំទាវ ចម និម្មល អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រសម្រាប់ការពិនិត្យគុណភាពប្រេងឥន្ធនៈ រវាងក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម (BVM Petroleum) និងក្រុមហ៊ុន Intertek
ភ្នំពេញ៖ ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម (BVM Petroleum) និងក្រុមហ៊ុន Intertek បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រសម្រាប់ការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៦។
លោកស្រី ស៊ូ សុភីវ៉ាន់ អគ្គនាយិកាប្រតិបត្តិ ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម មានប្រសាសន៍ថា «គុណភាពប្រេងឥន្ធនៈ គឺជាកត្តាសំខាន់បំផុតសម្រាប់ទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងសម្រាប់ការអភិវឌ្ឍរយៈពេលវែងនៃវិស័យប្រេងឥន្ធនៈ។ សម្រាប់ ប៊ីវីអឹម ការចាប់ដៃគូជាមួយក្រុមហ៊ុន Intertek មិនមែនគ្រាន់តែជាគំនិតផ្តួចផ្តើមផ្នែកបច្ចេកទេសដើម្បីធានាគុណភាពប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តល់អាទិភាពដល់អ្នកប្រើប្រាស់ ការការពារគុណភាពផលិតផល និងការកសាងទំនុកចិត្តដ៏រឹងមាំចំពោះអតិថិជន និងដៃគូអាជីវកម្ម»។
លោកស្រី បានបន្តថា «ឆន្ទៈមួយនេះគឺស្របគ្នាទាំងស្រុង ទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការតម្រង់ទិស និងពង្រឹងភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក ពិសេសគឺគំនិតផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់ ជំរុញគុណភាព ធានាការប្រកួតប្រជែងដោយស្មោះត្រង់ និងកសាងទំនុកចិត្តឱ្យកាន់តែរឹងមាំចំពោះផលិតផល និងអាជីវកម្មនៅកម្ពុជា។»
លោក Chee Teck Ang, តំណាងក្រុមហ៊ុន Intertek កម្ពុជាបានមានប្រសាសន៍ថា ក្រុមហ៊ុន Intertek សង្ឃឹមយ៉ាងមុតមាំថា ភាពជាដៃគូយុទ្ធសាស្ត្ររវាង Intertek និង BVM នឹងអាចរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជា មិនត្រឹមតែតាមរយៈការលើកកម្ពស់គុណភាពនៃការអនុវត្តអាជីវកម្ម និងការពង្រឹងប្រព័ន្ធធានាគុណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់ការកសាង និងអភិវឌ្ឍ វិស័យប្រេងឥន្ធនៈដែលមានសុវត្ថិភាព តម្លាភាព ប្រសិទ្ធភាព ភាពជឿជាក់ខ្ពស់ និងទទួលបានការទទួលស្គាល់ក្នុងកម្រិតអន្តរជាតិ ស្របតាមចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជា។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានវាយតម្លៃខ្ពស់ និងថ្លែងកោតសរសើរដល់ ក្រុមហ៊ុនប្រេងឥន្ធនៈ BVM ចំពោះការរីកចម្រើននៃការធ្វើធុរកិច្ច ជាពិសេស ការបើកការដ្ឋានពង្រីកពោងស្តុកប្រេងឥន្ធនៈ និងការបោះជំហានជាយុទ្ធសាស្រ្ត ក្នុងការពង្រឹងគុណភាពប្រេងឥន្ទនៈមួយកម្រិតទៀត តាមរយៈកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្រ្តជាមួយ ក្រុមហ៊ុន Intertek ដែលជាក្រុមហ៊ុនដ៏ល្បី ទទួលបានការជឿទុកចិត្ត លើជំនាញឯកទេសការធានាអនុលោមភាព គុណភាពប្រេងឥន្ធនៈ។
លោកជំទាវរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួនដល់តួអង្គពាក់ព័ន្ធ ដើម្បីជាវិភាគទានដល់ការរៀបចំទិសដៅប្រតិបត្តិការធុរកិច្ចបន្ត ដូចតទៅ៖
ទី១-ក្រុមហ៊ុនប្រេងឥន្ធនៈ BVM និង ក្រុមហ៊ុន Intertek ត្រូវអនុវត្ត អនុស្សរណៈ នៃការយោគយល់គ្នានេះ ដោយពេញលេញ ប្រកបស័ក្តិសិទ្ធិភាព ភាពស្មោះត្រង់ ភាពម៉ត់ចត់ផ្នែកបច្ចេកទេស និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ
ទី២-ក្រុមហ៊ុននាំចូលនិងចែកចាយប្រេងឥន្ធនៈទាំងអស់ បន្តប្រុងប្រយ័ត្នខ្ពស់ និងបន្តតាមដានជាប់ជាប្រចាំនូវការវិវត្តនៃវិបត្តិប្រេងឥន្ធនៈនៅតំបន់ជម្លោះមជ្ឈឹមបូព៌ា និយាយដោយទ្បែក និងវិស័យថាមពលអន្តរជាតិ និយាយជារួម ដើម្បីអាចរួមគ្នាត្រៀមដាក់ចេញវិធានការដោះស្រាយ បានទាន់ពេលវេលា និងចំទិសដៅ
ទី៣-លើកទឹកចិត្តដល់ក្រុមហ៊ុននាំចូលនិងចែកចាយប្រេងឥន្ធនៈក្នុងស្រុកទាំងអស់ បន្តអភិវឌ្ឍខ្លួន និងពង្រឹងសមត្ថភាពបន្ថែមទៀតទាំងបរិមាណនិងគុណភាព និងសិក្សាពីមេរៀនពិសោធន៍ កន្លងមក
ទី៤-ស្នើក្រុមហ៊ុននាំចូលនិងចែកចាយប្រេងឥន្ធនៈ បន្តផ្តល់នូវកិច្ចសហការដ៏ល្អប្រសើរ និងជិតស្និទ្ធ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការធានានូវនិរន្តរភាព នៃការផ្គត់ផ្គង់ប្រេងឥន្ធនៈនិងហ្គាសនិងបន្តអនុវត្តយ៉ាងគត់មត់តាមសេចក្តីណែនាំបច្ចេកទេសនិងសេចក្តីជូនដំណឹងអំពីថ្លៃលក់រាយ ចេញដោយក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធ
ទី៥-ក្រុមហ៊ុននាំចូលនិងចែកចាយប្រេងឥន្ធនៈ រួមទាំងគ្រប់ស្ថានីយនិងដេប៉ូនៅ ក្នុងបណ្តាញចែកចាយរបស់ខ្លួនអនុវត្តឱ្យបានគត់មត់នូវបទដ្ឋានបច្ចេកទេសនិងគុណភាព សំដៅធានាបាននូវការប្រកួតប្រជែងដោយស្មើភាព យុត្តិធម៌ សុចរិតភាព និងធានាបាននូវកិច្ចការពារអ្នកប្រើប្រាស់ អនុលោមតាមច្បាប់និងបទដ្ឋានគតិយុត្តិជាធរមាន៕




