រដ្ឋបាលស្រុកអូររាំង រៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីអប់រំចូលនិវត្តន៍ និងលោកគ្រូ អ្នកគ្រូ នៃរដ្ឋបាលស្រុក ដែលកំពុងបំពេញភារកិច្ច
ខេត្តមណ្ឌលគិរី ៖ ដើម្បីលើកទឹកចិត្ត ដឹងគុណ និងសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ចំពោះគុណូបការៈរបស់លោកគ្រូ-អ្នកគ្រូ នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលស្រុកអូររាំង បានរៀបចំពិធីសំណេះសំណាល ស្វែងយល់សុខទុក្ខ និងថ្លែងអំណរគុណដល់មន្ត្រីអប់រំចូលនិវត្តន៍ ព្រមទាំងលោកគ្រូ-អ្នកគ្រូ នៃរដ្ឋបាលស្រុក ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងមូលដ្ឋាន ដែលប្រព្រឹត្តទៅនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
នាឱកាសនោះ លោក សៀក មុន្នី អភិបាលស្រុកអូររាំង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ការិយាល័យអប់រំស្រុក ព្រមទាំងបានលើកឡើងនូវចំណុចសំខាន់ៗ ជាច្រើនចំណុច ។ លោក បញ្ជាក់ថា រដ្ឋបាលស្រុកអូររាំង តែងតែចាត់ទុក «វិស័យអប់រំ» ជាគ្រឹះដ៏សំខាន់បំផុតក្នុងការអភិវឌ្ឍធនធានមនុស្ស និងកាត់បន្ថយភាពក្រីក្រ។ លោក បន្ថែមថា រដ្ឋបាលស្រុកនឹងបន្តគាំទ្រទាំងស្មារតី ថវិកា និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់គុណភាពការបង្រៀន និងរៀនឱ្យកាន់តែប្រសើរឡើងថែមទៀត។
លោក បានសម្តែងនូវសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអតីតលោកគ្រូ-អ្នកគ្រូ ដែលបានចូលនិវត្តន៍ទាំងអស់ រួមទាំងបានលះបង់កម្លាំងកាយ ចិត្ត ពេលវេលា និងស្មារតីពេញមួយជីវិត ក្នុងការបណ្តុះបណ្តាលសិស្សានុសិស្ស ឱ្យក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់ជាតិ។ លោក បានគូសបញ្ជាក់ថា ថ្វីបើលោកគ្រូ-អ្នកគ្រូ បានចូលនិវត្តន៍ពីការងាររដ្ឋបាល ក៏ពិតមែន ប៉ុន្តែវីរភាព និងគុណូបការៈរបស់ពួកគាត់នៅតែស្ថិតក្នុងបេះដូងរបស់រដ្ឋបាលស្រុក និងប្រជាពលរដ្ឋជានិច្ច។
លោក អភិបាលស្រុក បានផ្តាំផ្ញើ និងជំរុញដល់លោកគ្រូ-អ្នកគ្រូដែលកំពុងបំពេញភារកិច្ចនាពេលបច្ចុប្បន្ន ត្រូវបន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ជាគំរូដ៏ល្អដល់សិស្សានុសិស្ស ស្រាវជ្រាវវិធីសាស្ត្របង្រៀនថ្មីៗ និងខិតខំអភិវឌ្ឍសមត្ថភាពខ្លួនឯងជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសម័យឌីជីថល ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
យោងតាមរបាយការណ៍របស់លោក ចាក់ ឆប់ ប្រធានការិយាល័យអប់រំនៃរដ្ឋបាលស្រុកអូររាំង បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០២៥-២០២៦ របស់ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកអូររាំង បានបង្ហាញថា ស្រុកនេះ មានគ្រឹះស្ថានអប់រំគ្រប់កម្រិត រួមមានមត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ដែលមានសិស្សសរុប ២.០៣៤នាក់។ លោក បន្ថែមថា ក្រៅពីការអប់រំក្នុងប្រព័ន្ធ ក៏មានថ្នាក់អក្ខរកម្ម និងមជ្ឈមណ្ឌលសិក្សាសហគមន៍ផងដែរ។ បុគ្គលិកសិក្សាសរុបមាន ១០៨នាក់ ក្នុងនោះមានគ្រូបង្រៀនក្របខណ្ឌរដ្ឋ គ្រូបង្រៀនកិច្ចសន្យា និងគ្រូមត្តេយ្យសហគមន៍។ ចំពោះលទ្ធផលសម្រេចបាន ផ្នែកមធ្យមសិក្សាមឋមភូមិមានសិស្ស ៩៣នាក់ បានប្រឡងជាប់ ខណៈលទ្ធផលប្រចាំឆ្នាំសម្រាប់មត្តេយ្យ បឋមសិក្សា និងមធ្យមសិក្សាទុតិយភូមិនៅមិនទាន់ចេញនៅឡើយ យ៉ាងណាមិញ ថ្នាក់អប់រំក្រៅប្រព័ន្ធទាំងអស់បានបញ្ចប់ដោយជោគជ័យ ៕




