អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងអង្គការ BORDA ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងសហប្រតិបត្តិការបច្ចេកទេស ស្តីពីការរៀបចំគោលការណ៍ណែនាំបច្ចេកទេស និងយន្តការគ្រប់គ្រងគុណភាពប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់តាមបែបវិមជ្ឈការ (DEWATS-QMS)
រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គួច ប៊ុនលាត រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុង ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងសហប្រតិបត្តិការបច្ចេកទេសរវាងអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងអង្គការ BORDA ប្រចាំកម្ពុជា និងសិក្ខាសាលាបើកដំណើរការគម្រោង ស្តីពី «គោលការណ៍ណែនាំបច្ចេកទេសស្តីពីប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់តាមបែបវិមជ្ឈការ និងយន្តការគ្រប់គ្រងគុណភាពប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់តាមបែបវិមជ្ឈការ (DEWATS-QMS)»។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋអនុរដ្ឋលេខាធិការ អគ្គនាយករង តំណាងក្រសួងពាក់ព័ន្ធ រួមមាន ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងលោក លោកស្រី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ តំណាងអង្គការ BORDA អង្គការ ESC អង្គការ WASH-SDO ដៃគូអភិវឌ្ឍន៍ អ្នកជំនាញជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធជាច្រើនរូប។
គម្រោងសហប្រតិបត្តិការបច្ចេកទេសនេះ មានគោលដៅរួមចំណែកពង្រឹងវិស័យគ្រប់គ្រងទឹកកខ្វក់ និងអនាម័យនៅកម្ពុជា តាមរយៈការលើកកម្ពស់ គុណភាព ប្រសិទ្ធភាព និងនិរន្តរភាពនៃប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់តាមបែបវិមជ្ឈការ (DEWATS) ដោយរៀបចំគោលការណ៍ណែនាំបច្ចេកទេសឱ្យក្លាយជាឯកសារយោងផ្លូវការថ្នាក់ជាតិ និងបង្កើតយន្តការគ្រប់គ្រងគុណភាព DEWATS-QMS សម្រាប់គ្រប់គ្រងគុណភាពនៅគ្រប់ដំណាក់កាលនៃវដ្តជីវិតរបស់ប្រព័ន្ធ។ គម្រោងនេះគ្រោងអនុវត្តចាប់ពី ឆ្នាំ២០២៦ ដល់ឆ្នាំ២០២៨ ដោយផ្តោតលើការសិក្សា និងពិនិត្យក្របខណ្ឌច្បាប់ គោលនយោបាយ បទប្បញ្ញត្តិ និងស្តង់ដារពាក់ព័ន្ធ ការកំណត់លក្ខណៈបច្ចេកទេសសម្រាប់ការធ្វើផែនការ ការជ្រើសរើសបច្ចេកវិទ្យា ការរចនា ការសាងសង់ ការប្រតិបត្តិការ និងថែទាំ ព្រមទាំងការរៀបចំឧបករណ៍ និងនីតិវិធី DEWATS-QMS ការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ការបណ្តុះបណ្តាល ការផ្តល់សុពលភាព និងការផ្សព្វផ្សាយសម្រាប់ការអនុវត្តនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំ គោលការណ៍ណែនាំបច្ចេកទេសជាតិ និងយន្តការគ្រប់គ្រងគុណភាព DEWATS ដែលជាតម្រូវការចាំបាច់ និងទាន់ពេលវេលា ដើម្បីធានាឱ្យការរៀបចំផែនការ ការរចនា ការសាងសង់ ការដាក់ឱ្យដំណើរការ ការប្រតិបត្តិការ និងថែទាំប្រព័ន្ធ មានគុណភាព ប្រសិទ្ធភាព និងនិរន្តរភាព ស្របតាមបរិបទជាក់ស្តែងរបស់កម្ពុជា។
ពិធីចុះហត្ថលេខានេះ មិនត្រឹមតែជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពី ឆន្ទៈរួម និងភាពជាដៃគូរយៈពេលវែងរវាងអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងអង្គការ BORDA ក្នុងការបង្កើតមូលដ្ឋានបច្ចេកទេស និងស្ថាប័នសម្រាប់ការគ្រប់គ្រងប្រព័ន្ធ DEWATS ឱ្យមានគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងនិរន្តរភាព សំដៅរួមចំណែកលើកកម្ពស់សេវាអនាម័យ ការការពារបរិស្ថាន សុខភាពសាធារណៈ និងគុណភាពរស់នៅរបស់ប្រជាពលរដ្ឋ៕




