រយៈពេល៧ថ្ងៃ ពលរដ្ឋ និងភ្ញៀវទេសចរ ចំនួន១៧ម៉ឺននាក់បានទៅកម្សាន្តនៅសួនសាធារណៈអតីតអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ រយៈពេល៧ថ្ងៃ ពលរដ្ឋ និងភ្ញៀវទេសចរ ចំនួន១៧ម៉ឺននាក់បានទៅកម្សាន្តនៅសួនសាធារណៈអតីតអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

អតីតអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ឬស្គាល់ជាទូទៅថា ព្រលានយន្តហោះពោធិ៍ចិនតុង បានបើកឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលលេងកម្សាន្ត ដោយអមជាមួយការរៀបចំការសម្តែងរបាំប្រពៃណីបុរាណ ការប្រគំតន្ត្រីផ្សេងៗ ជាពិសេសផ្តល់ឱកាសដល់មហាគ្រួសារខ្មែរ និងភ្ញៀវទេសចរអាចធ្វើការហាត់ប្រាណ លេងកីឡាជុំវិញតំបន់អគារប៉មបញ្ជាការហោះហើរ និងផ្តិតយករូបភាពអនុស្សាវរីយ៍ជាច្រើន ដែលមាននៅទីនោះប្រកបដោយស្នាមញញឹម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការអរគុណដល់ក្រុមការងារពាក់ព័ន្ធ ពិសេសក្រុមការងារអន្តរក្រសួងដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបានរៀបចំសហការ និងបើកដំណើរការដល់ប្រជាជនខ្មែរបានចូលរួមលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយ នាឱកាសនៃការបើកដំណើរការសាកល្បងក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយ:ពេល៧ថ្ងៃកន្លងទៅ ដែលមានចំនួនអ្នកចូលរួមប្រមាណ១៧០.០០០នាក់។

សម្ដេចធិបតី ក៏ថ្លែងអំណរគុណដល់អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងគណ:បញ្ឋាការរដ្ឋបាលឯកភាពរាជធានីភ្នំពេញ ដែលផ្តល់ការសហការ និងចូលរួមថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់បានដោយរលូន និងបង្កលក្ខណ:យ៉ាងល្អប្រសើរជូនដល់ប្រជាពលរដ្ឋ៕