រយៈពេល ៥ឆ្នាំចុងក្រោយនេះ ទីផ្សារធានារ៉ាប់រងកម្ពុជាមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ និងរក្សាបាននូវកំណើនវិជ្ជមានពីមួយឆ្នាំទៅមួយឆ្នាំ

នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា២០២៥-២០៣០” ក្រោមវត្តមានឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា ព្រមទាំងតំណាងសមាជិក ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល, គ្រឹះស្ថានឯកជន និង ស្ថាប័នពាក់ព័ន្ធ។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយ និងបញ្ជាបការយល់ដឹងឱ្យបានកាន់តែ ទូលំទូលាយជូនភាគីពាក់ព័ន្ធ និងសាធារណជន អំពី “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រង កម្ពុជា ២០២៥-២០៣០” ដែលដើរតួនាទីជាផែនទីចង្អុលផ្លូវក្នុងការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា ជាពិសេសសិក្ខាសាលានេះ រួមចំណែកសំខាន់ក្នុងការជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានមានលើកទ្បើងថាវិស័យធានារ៉ាប់រង ដើរតួនាទីសំខាន់ជាយន្តការដ៏មានប្រសិទ្ធភាពមួយ ក្នុងការដោះស្រាយ បន្ទុកហិរញ្ញវត្ថុនៅពេលមានហានិភ័យកើតឡើង សំដៅពង្រឹងសំណាញ់សុវត្ថិភាពសង្គម និងលើកកម្ពស់ភាពធន់នៅក្នុងសង្គម។ ទន្ទឹមនេះ ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងភាព មិនប្រាកដប្រជាខ្ពស់ វិស័យធានារ៉ាប់រងដើរតួនាទីកាន់តែសំខាន់ ក្នុងការឆ្លើយតបនឹងហានិភ័យ ដែលអាចកើតមានឡើងឥតព្រាងទុក។ បន្ថែមពីនេះ ជាក់ស្តែង វិស័យធានារ៉ាប់រង ក៏ជាចន្ទល់កំណើន សេដ្ឋកិច្ចសំខាន់មួយ ឆ្លុះបញ្ចាំងតាមរយៈការផ្តល់ការការពារដល់សហគ្រាស និងធុរកិច្ច ក្នុងការ ធានាបាននូវនិរន្តរភាពប្រតិបត្តិការអាជីវកម្ម ព្រមទាំងលើកកម្ពស់កំណើនសេដ្ឋកិច្ចតាមរយៈការ វិនិយោគ និងការផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ បានបន្តថាក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ទីផ្សារធានារ៉ាប់រងកម្ពុជាមានភាពរីកចម្រើនគួរឱ្យ កត់សម្គាល់ និងរក្សាបាននូវកំណើនវិជ្ជមានពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងនោះ គ្រឹះស្ថានធានារ៉ាប់រង បានកើនឡើងពីចំនួន ៨៣ ក្រុមហ៊ុន ក្នុងឆ្នាំ២០២១ ដល់ ១១២ ក្រុមហ៊ុន ក្នុងឆ្នាំ២០២៥ ដែល រួមមាន ក្រុមហ៊ុនធានារ៉ាប់រងសរុបចំនួន ៣៩ ក្រុមហ៊ុន, ក្រុមហ៊ុនអន្តរការីសរុបចំនួន ៦៤ ក្រុម- ហ៊ុន និងផ្តល់សេវាគាំទ្រអាជីវកម្មធានារ៉ាប់រងសរុបចំនួន ៩ ក្រុមហ៊ុន។

ជាមួយគ្នានេះ ទំហំទីផ្សារធានារ៉ាប់រង ឆ្លុះបញ្ចាំង តាមរយះបុព្វលាភដុលធានារ៉ាប់រង បានកើនឡើងពី ប្រមាណ ៣០០ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១ រហូតដល់ប្រមាណជាង ៣៦៧លានដុល្លារអាម៉េរិក ក្នុង ឆ្នាំ២០២៥ ដែលមានកំណើនជាមធ្យមប្រមាណជាង ៦% ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ ទន្ទឹមនេះ ទ្រព្យសកម្មធានារ៉ាប់រង បានកើនឡើងពីប្រមាណជាង ៨៥០លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១ រហូតដល់ ប្រមាណជិត ១,៣ ប៊ីលានដុល្លារអាម៉េរិក ក្នុង ឆ្នាំ២០២៥៕