រថយន្តដឹកជញ្ជូនចំនួន ១ ៨៧១ ០៨៣ គ្រឿងត្រូវបានត្រួតពិនិត្យក្នុងឆមាសទី១ ឆ្នាំ២០២៦ ដោយគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

ទីស្តីការក្រសួង៖ នាថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ក្នុងឆមាសទី១ ឆ្នាំ២០២៦ ដោយមានការចូលរួមពី ឯកឧត្តម គឹម សាន់ អនុរដ្ឋលេខាធិការ ឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការ ប្រធាន អនុប្រធាន និងសមាជិកលេខាធិការដ្ឋាន ប្រធាន និងអនុប្រធានស្ថានីយជញ្ជីងអចល័តទូទាំងប្រទេស។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនក្នុងឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅការងារ ព្រមទាំងពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយសម្រាប់ពង្រឹងការអនុវត្តការងារទប់ស្កាត់បទល្មើសដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ជាពិសេសពិនិត្យ ពិភាក្សាដើម្បីត្រៀមលក្ខណៈក្នុងការអនុវត្តច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងបញ្ហាប្រឈមផ្សេងៗ។

ជាលទ្ធផលនៃការអនុវត្តការងារក្នុងឆមាសទី១ ឆ្នាំ២០២៦ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានត្រួតពិនិត្យរថយន្តដឹកជញ្ជូនចំនួន ១ ៨៧១ ០៨៣ គ្រឿង ក្នុងនោះរថយន្តផ្ទុកមិនលើសចំនួន ១ ៣៨០ ៧១៩គ្រឿង រថយន្តលើសក្នុងកម្រិតអនុគ្រោះចំនួន ៤៩០ ៣៦៤គ្រឿង និងរថយន្តដែលបានពិន័យមានចំនួន ១ ០៦៧គ្រឿង ដែលមានការកើនឡើង ២៦% ប្រសិនប្រៀបធៀបទៅនឹងចំនួនរថយន្តពិន័យនៅឆមាសទី១ ក្នុងឆ្នាំ ២០២៥ ដែលបានពិន័យចំនួន ៧៨១គ្រឿង។

ថ្លែងក្នុងអង្គពិធី ឯកឧត្តមប្រធាន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់ ដែលបានចូលរួមអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងរយៈពេលកន្លងមក។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធាន បានចង្អុលបង្ហាញឱ្យក្រុមការងារជំនាញ ត្រូវរៀបចំនីតិវិធី និងបែបបទបច្ចេកទេស ដើម្បីអនុវត្តឱ្យស្របច្បាប់ខាងលើឱ្យបានឆាប់រហ័ស និងឱ្យមានប្រសិទ្ធភាព។ ជាទីបញ្ចប់ ឯកឧត្តម ស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់បន្តរួបរួមគ្នាពង្រឹងកិច្ចសហការ និងខិតខំប្រឹងប្រែងបំពេញភារកិច្ចឱ្យខ្ជាប់ខ្ជួនបន្ថែមទៀត ដើម្បីសម្រេចទិសដៅទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ឱ្យមានប្រសិទ្ធភាពខ្ពស់។

គួរបញ្ជាក់ថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្តលេខា ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១០ ខែ កក្កដា ឆ្នាំ២០២៦។ ការធ្វើវិសោធនកម្មច្បាប់នេះ នឹងរឹតបន្តឹងយានយន្តដឹកលើសទម្ងន់កម្រិតកំណត់ ធានានូវសុវត្ថិភាពចរាចរណ៍ ពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យកាន់តែមានគុណភាព និងសុវត្ថិភាព។ ការធ្វើវិសោធនកម្មច្បាប់នេះ ក៏ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់វិស័យឯកជន និងការវិវឌ្ឍជាក់ស្តែងនៃសង្គម-សេដ្ឋកិច្ច ដែលជាការងារអាទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕