សិក្ខាសាលាផ្សព្វផ្សាយស្តីពី ការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទរដ្ឋបាលខេត្តមណ្ឌលគិរី

មណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាសហអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ” ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទនៃរដ្ឋបាលខេត្តមណ្ឌលគិរី សរុបប្រមាណជាង ២០០នាក់។

ឯកឧត្តមបណ្ឌិត អគ្គនាយករង ប.ស.ស. បានគូសបញ្ជាក់ថា ប្រព័ន្ធគាំពារសង្គម បាននិងកំពុងបោះជំហានទៅមុខ ស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៤-២០៣៥ ដែលជាផែនទីបង្ហាញផ្លូវរយៈពេលវែង ។ ឯកឧត្តមបណ្ឌិត បន្ថែមថា ក្នុងនោះប្រព័ន្ធសន្តិសុខសង្គម មានបេឡាជាតិសន្តិសុខសង្គម ជាស្ថាប័នប្រតិបត្តិករតែមួយគត់ ដែលធ្វើប្រតិបត្តិការរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ ដែលជួយដល់សមាជិក ប.ស.ស. ក្នុងការការពារពួកគាត់ពីការធ្លាក់ចុះភ្លាមៗ នៃប្រាក់ចំណូលដោយសារការឈឺថ្កាត់ មាតុភាព គ្រោះថ្នាក់ការងារ និកម្មភាព ពិការភាព ចូលនិវត្តន៍ និងមរណភាពនៃអ្នកដែលរកចំណូលសម្រាប់គ្រួសារ។

ឯកឧត្តមបណ្ឌិត បន្តទៀតថា សិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីឱ្យមន្ត្រីទទួលបន្ទុកការងារ ប.ស.ស. ប្រចាំមន្ទីរ ស្ថាប័ន និងអង្គភាព ក្រោមឱវាទរដ្ឋបាលខេត្តមណ្ឌលគិរី បានស្វែងយល់បន្ថែមឱ្យកាន់តែច្បាស់អំពីនីតិវិធីចុះបញ្ជិកា និងអត្ថប្រយោជន៍របបសន្តិសុខសង្គម ដើម្បីជាមូលដ្ឋានក្នុងការយកទៅអនុវត្ត និងផ្សព្វផ្សាយបន្តឱ្យកាន់តែទូលំទូលាយ។ ឯកឧត្តម បណ្ឌិតអគ្គនាយករង ក៏បានអំពាវនាវយ៉ាងទទូច និងសង្ឃឹមយ៉ាងមុតមាំថា ក្រោយពីបញ្ចប់សិក្ខាសាលានេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលកំពុងបម្រើការងារនៅតាមមន្ទីរ អង្គភាពជុំវិញខេត្ត ដែលមិនទាន់បានចុះឈ្មោះឱ្យប្ដី ឬប្រពន្ធ និងកូន សូមរួសរាន់នាំអ្នកក្នុងបន្ទុកមកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា។

លោក ឌឹម នី អភិបាលខេត្តស្តីទី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ប.ស.ស. ដែលបានរៀបចំសិក្ខាសាលានេះឡើង និងជំរុញឱ្យសមាជិក សមាជិកា នៃអង្គពិធីទាំងអស់ចូលរួមស្តាប់ការធ្វើបទបង្ហាញពីមន្រ្តីជំនាញពី ប.ស.ស. ដោយត្រូវយកចិត្តទុកដាក់ស្ដាប់ និងចូលរួមលើកជាសំណួរ ដើម្បីទទួលបានការពន្យល់បន្ថែមឱ្យកាន់តែច្បាស់ ត្រឹមត្រូវ និងអាចយកទៅផ្សព្វផ្សាយ ឬពន្យល់ទៅកាន់អ្នកផ្សេងទៀតបាន។

លោក ផាន កុសលវិចិត្រ ប្រធានសាខា ប.ស.ស. ខេត្ត បានឱ្យដឹងថា សាខា ប.ស.ស. ខេត្តមណ្ឌលគិរី បានចុះបញ្ជីមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ អតីតយុទ្ធជន មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ ប្រធានភូមិ អនុភូមិ និងសមាជិកភូមិ សរុបចំនួន ៤,៤៤៣ នាក់ និងបានចុះបញ្ជីអ្នកក្នុងបន្ទុកសមាជិកជាមន្ត្រីសាធារណៈ ក្រុមប្រឹក្សា មន្ត្រីនគរបាល និងមន្ត្រីពាក់ព័ន្ធជុំវិញខេត្ត សរុបចំនួន ២,៧៥០ នាក់ (ក្នុងនោះសហព័ទ្ធ ប្តីឬប្រពន្ធចំនួន ៧៥៤ នាក់ និងកូនចំនួន ១,៩៩៦ នាក់)៕