ក្រសួងព័ត៌មានរៀបចំសន្និសីទសារព័ត៌មាន ប្រកាសបិទបញ្ចប់បេសកកម្ម «ជិះកង់ដើម្បីកុមារកម្ពុជា» ក្រោយធ្វើដំណើរជុំវិញពិភពលោកឆ្លងកាត់ជាង ៤០ប្រទេសរយៈពេលជាង ២ឆ្នាំ រៃអង្គាសថវិកាបានជាង ២៦មុឺនដុល្លារ

ភ្នំពេញ៖ ក្រសួងព័ត៌មាន បានរៀបចំសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីការបិទបញ្ចប់បេសកកម្ម «ជិះកង់ដើម្បីកុមារកម្ពុជា» របស់លោក ទីវ តារារិទ្ធ អ្នកជិះកង់ជុំវិញពិភពលោក ដែលបានបំពេញបេសកកម្មដ៏អស្ចារ្យ ដោយជិះកង់ឆ្លងកាត់ជាង ៤០ ប្រទេស អស់រយៈពេលជាង ២ឆ្នាំ ក្នុងគោលបំណងរៃអង្គាសថវិកា ដើម្បីគាំទ្រដល់ មូលនិធិគន្ធបុប្ផាកម្ពុជា និង មន្ទីរពេទ្យកុមារអង្គរ សរុបទទួួលបានថវិកាជាង ២៦មុឺនដុល្លារអាមរិក។

បេសកកម្មនេះបានបង្ហាញពីឆន្ទៈដ៏មុតមាំ ការលះបង់ និងទឹកចិត្តមនុស្សធម៌របស់លោក ទីវ តារារិទ្ធ ក្នុងការចូលរួមលើកកម្ពស់ការយកចិត្តទុកដាក់ចំពោះសុខភាពកុមារកម្ពុជា ព្រមទាំងផ្សព្វផ្សាយពីភាពស្រស់ស្អាត វប្បធម៌ និងកេរ្តិ៍ឈ្មោះរបស់កម្ពុជាទៅកាន់សហគមន៍អន្តរជាតិ តាមរយៈដំណើរជិះកង់ជុំវិញពិភពលោក។

សន្និសីទសារព័ត៌មាននេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ដែលមានវាគ្មិនចូលរួមផ្ទាល់ ដោយ លោក ទីវ តារារិទ្ធ អ្នកជិះកង់ជុំវិញពិភពលោក និង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងវត្តមានអគ្គនាយកបន្តវេន នៃក្រុមហ៊ុនខ្មែរប៊ែវើរីជីស រួមជាមួយតំណាងមូលនិធិគន្ធបុប្ផា និង តំណាងមន្ទីរពេទ្យកុមារអង្គរ ដោយបានធ្វើការបង្ហាញជូនសាធារណជន និងអ្នកសារព័ត៌មានអំពីលទ្ធផលនៃបេសកកម្ម បទពិសោធន៍ដែលទទួលបានក្នុងអំឡុងពេលធ្វើដំណើរ ក៏ដូចជាផលវិជ្ជមានដែលបេសកកម្មនេះបានរួមចំណែកដល់ការងារមនុស្សធម៌សម្រាប់កុមារកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និងការកោតសរសើរដ៏ស្មោះស្ម័គ្របំផុតចំពោះលោក ទីវ តារារិទ្ធ ដែលបានបង្ហាញឱ្យឃើញនូវឆន្ទៈដ៏មោះមុត ភាពអត់ធ្មត់ កម្លាំងកាយ កម្លាំងចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញបេសកកម្មដ៏លំបាកនេះរហូតទទួលបានជោគជ័យ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បេសកកម្មនេះ មិនមែនគ្រាន់តែជាការជិះកង់ឆ្លងកាត់ប្រទេស និងទ្វីបនានា ឬជាការសាកល្បងសមត្ថភាពបុគ្គលប៉ុណ្ណោះទេ។ នេះគឺជាបេសកកម្មដែលនាំយកទង់ជាតិកម្ពុជា ឈ្មោះកម្ពុជា និងស្មារតីរបស់ប្រជាជនកម្ពុជា ទៅបង្ហាញនៅលើឆាកអន្តរជាតិ។ រាល់គីឡូម៉ែត្រដែលលោក ទីវ តារារិទ្ធ បានជិះ រាល់ឧបសគ្គដែលបានឆ្លងកាត់ និងរាល់ការលំបាកដែលបានតស៊ូ គឺបានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាជនកម្ពុជាមានឆន្ទៈ មានសមត្ថភាព និងអាចសម្រេចបាននូវកិច្ចការដ៏ធំធេង ប្រសិនបើមានគោលដៅច្បាស់លាស់ និងការប្តេជ្ញាចិត្តមិនរាថយ។

អ្វីដែលកាន់តែមានតម្លៃ និងគួរឱ្យគោរពបំផុតនោះ គឺលោក ទីវ តារារិទ្ធ មិនបានធ្វើដំណើរនេះ ដើម្បីកិត្តិនាមផ្ទាល់ខ្លួនតែមួយមុខឡើយ គឺលោកបានភ្ជាប់បេសកកម្មកីឡា និងការផ្សព្វផ្សាយជាតិ ជាមួយនឹងបុព្វហេតុមនុស្សធម៌ដ៏ឧត្តុង្គឧត្តម គឺការកៀរគរថវិកាជាមួយសប្បុរសជន និងក្រុមហ៊ុនឯកជនដែលបានចូលរួមឧបត្ថមធំក្នុងនោះក៏មានក្រុមហ៊ុន Khmer Beverages ធនាគារអេស៊ីលីដា ជាដើម ដើម្បីចូលរួមជួយដល់មូលនិធិគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លាក្នុងការពិនិត្យ ព្យាបាល និងសង្គ្រោះជីវិតកុមារកម្ពុជារាប់ម៉ឺន រាប់សែននាក់។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថា ការជួយដល់កុមារ គឺជាការជួយដល់អនាគតរបស់ជាតិ។ ការចូលរួមគាំទ្រមន្ទីរពេទ្យកុមារ គឺជាការចូលរួមថែរក្សាធនធានមនុស្សដ៏មានតម្លៃបំផុតរបស់ប្រទេស។ រាល់ការបរិច្ចាគ ទោះតិចឬច្រើន មិនត្រឹមតែជាថវិកាប៉ុណ្ណោះទេ ប៉ុន្តែជាក្តីសង្ឃឹម ជាឱកាសនៃការរស់រានមានជីវិត និងជាកម្លាំងចិត្តសម្រាប់កុមារ និងក្រុមគ្រួសាររបស់ពួកគេ។

នៅក្នុងសន្និសីទសារព័ត៌មាននាឱកាសនេះ អ្នកសារព័ត៌មានទទួលបានព័ត៌មានលម្អិតស្តីពីដំណើរបេសកកម្ម បទពិសោធ ដែល លោក ទីវ តារារិទ្ធ បានលះបង់ពេលវេលា កម្លាំងកាយ និងកម្លាំងចិត្ត ជិះកង់ធ្វើដំណើរ ឆ្លងកាត់ប្រទេសចំនួន៤០ ចាប់ពីទ្វីបអាស៊ីរហូតដល់ទ្វីបអាហ្វ្រិក លើចម្ងាយផ្លូវដ៏វែងឆ្ងាយជាង៥០,០០០ គីឡូម៉ែត្រ ក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ ក្នុងគោលបំណងកៀរគរថវិកាគាំទ្រដល់មូលនិធិគន្ធបុប្ផាកម្ពុជា និងមន្ទីរពេទ្យកុមារអង្គរ ដើម្បីបន្តបេសកកម្មជួយសង្គ្រោះជីវិតទារក និងកុមារ ដែលត្រូវការសេវាពិនិត្យ និងព្យាលបាល ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

តាមរយៈបេសកកម្ម «ជិះកង់ដើម្បីកុមារកម្ពុជា» លោក ទីវ តារារិទ្ធ បានបញ្ជាក់ថា ការរួមចំណែករបស់បុគ្គលម្នាក់ ទោះបីចាប់ផ្តើមពីជំហានតូចក៏ដោយ ក៏អាចក្លាយជាកម្លាំងដ៏មានអត្ថន័យ ក្នុងការផ្តល់ក្តីសង្ឃឹម និងអនាគតដ៏ប្រសើរជូនកុមារកម្ពុជា៕