រដ្ឋមន្រ្តីសុខាភិបាល៖ «ការបង្ការនិងធ្វើតេស្តរកឃើញទាន់ពេលវេលា គឺជាការរកឃើញការការពារស្រ្តីគ្រប់រូបពីជំងឺមហារីកមាត់ស្បូន»

រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃចន្ទ ទី២ ខែវិច្ឆិកា នេះបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយនិយាមជាតិ ស្តីពីនីតិវិធីប្រតិបត្តិ សម្រាប់ការគ្រប់គ្រង ការពិនិត្យ និងការព្យាបាលជំងឺមហារីកមាត់ស្បូន ដោយការធ្វើតេស្ត HPV និងសៀវភៅមគ្គុទ្ទេសក៍ សម្រាប់ការគ្រប់គ្រងការពិនិត្យ និងការព្យាបាលជំងឺមហារីកមាត់ស្បូន។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា សៀវភៅមគ្គុទ្ទេសក៍សម្រាប់ការគ្រប់គ្រង ការពិនិត្យ និងការព្យាបាលជំងឺមហារីកមាត់ស្បូន គឺជាឯកសារបច្ចេកទេសដ៏មានសារៈសំខាន់សម្រាប់គាំទ្រនូវការបង្ការ ការពិនិត្យរកជំងឺ និងការគ្រប់គ្រងជំងឺមហារីកមាត់ស្បូន ប្រកបដោយស្តង់ដា សុវត្ថិភាព និងគុណភាព។ ជំងឺមហារីកមាត់ស្បូន គឺជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់មួយ ហើយជំងឺនេះអាចកាត់បន្ថយហានិភ័យ និងអាចបង្ការការវិវត្តទៅជាជំងឺមហារីកបាន តាមរយៈការចាក់វ៉ាក់សាំងបង្ការវីរុស HPV ការពិនិត្យរកជំងឺឱ្យបានទាន់ពេលវេលា ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងការផ្តល់ការព្យាបាលសមស្រប។ ការពង្រឹងសេវាពិនិត្យរកជំងឺមហារីកមាត់ស្បូនដោយប្រើការធ្វើតេស្តវីរុស HPV គឺជាជំហានដ៏សំខាន់មួយ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការ និងការរកឃើញជំងឺនៅដំណាក់កាលដំបូង។ ជាពិសេស ការរៀបចំប្រព័ន្ធសេវាឱ្យមានភាពងាយស្រួលក្នុងការទទួលបាន ការធានាគុណភាពនៃការធ្វើតេស្ត និងការតាមដានអ្នកជំងឺជាបន្តបន្ទាប់ គឺជាកត្តាចាំបាច់ ដើម្បីធានាថាស្ត្រីគ្រប់រូប ទទួលបានសេវាសុខភាពប្រកបដោយគុណភាព និងសមធម៌។

ក្នុងឱកាសនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួន ដល់អង្គសិក្ខាសាលាត្រូវ៖

១) អនុវត្តនីតិវិធីប្រតិបត្តិឱ្យបានត្រឹមត្រូវ និងស៊ីសង្វាក់គ្នា ដោយមន្ត្រីជំនាញ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវយល់ច្បាស់អំពីនីតិវិធីប្រតិបត្តិស្តង់ដា សម្រាប់ការបម្រើសេវាធ្វើតេស្ត ផ្តល់ព័ត៌មាន និងការប្រឹក្សាដល់ស្ត្រី។ ការអនុវត្តតាមនីតិវិធីស្តង់ដាតែមួយ នឹងជួយកាត់បន្ថយភាពខុសគ្នានៃការអនុវត្ត បង្កើនភាពជឿទុកចិត្តលើលទ្ធផលតេស្ត ធានាឱ្យស្ត្រីទទួលបានសេវាប្រកបដោយគុណភាព និងសុវត្ថិភាព។

២) ពង្រឹងសមត្ថភាពបច្ចេកទេសក្នុងការពិនិត្យ និងការព្យាបាល ដោយការធ្វើតេស្តរកវីរុស HPV គឺជាផ្នែកមួយនៃដំណើរការបង្ការ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន។ អ្វីដែលសំខាន់បន្ទាប់ពីការធ្វើតេស្ត គឺការធានាថា ស្ត្រីដែលត្រូវការការវាយតម្លៃស្ថានភាពអ្នកជំងឺ ភាពសមស្របនៃវិធីព្យាបាល និងការធានាសុវត្ថិភាពរបស់ស្ត្រីជាចម្បង។

៣) ធានានិរន្តរភាពនៃការថែទាំ និងប្រព័ន្ធបញ្ជូនអ្នកជំងឺ ដោយត្រូវពង្រឹងពិនិត្យ និងព្យាបាល ករណីអ្នកជំងឺវាយតម្លៃត្រូវបន្តតាមដាន ត្រូវបញ្ជូនអ្នកជំងឺពីមណ្ឌលសុខភាពទៅកាន់មូលដ្ឋានសុខាភិបាល ដែលមានសមត្ថភាព​ខ្ពស់ជាង និងតាមដាន​អ្នកជំងឺរហូតដល់ទទួលបានការធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានសមស្រប ហើយត្រូវធានាថា អ្នកជំងឺមិនត្រូវបានបាត់បង់ពីប្រព័ន្ធតាមដាន និងទទួលបានការថែទាំជាបន្តបន្ទាប់។

៤) ពង្រឹងការសម្របសម្រួល និងការតាមដានការអនុវត្តនៅគ្រប់កម្រិត ត្រូវបន្តផ្តល់ការណែនាំបច្ចេកទេស និងគាំទ្រការអនុវត្ត ដោយសុខាភិបាលនៅកម្រិតមូលដ្ឋាន ត្រូវយកចិត្តទុកដាក់លើការអនុវត្តជាក់ស្តែង ការតាមដានគុណភាពសេវា ការកំណត់បញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា។

ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ដើម្បីឱ្យសិក្ខាសាលាទទួលបានលទ្ធផលជាក់ស្តែង ដូចខាងក្រោម៖
-ថ្នាក់ដឹកនាំ និងអង្គភាពជំនាញថ្នាក់ជាតិ ត្រូវបន្តដឹកនាំ និងគាំទ្រការផ្សព្វផ្សាយនិយាម​ជា​តិ ការអភិវឌ្ឍសមត្ថភាពបច្ចេកទេស និងការតាមដានការអនុវត្តស្របតាមស្តង់ដារដែលបានកំ​ណត់។
-មន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវរៀបចំផែនការផ្សព្វ​ផ្សាយ និងអនុវត្តឯកសារបច្ចេកទេសទាំងនេះ នៅគ្រប់មូលដ្ឋានសុខាភិបាលក្រោមឱវាទ ព្រមទាំងពង្រឹងការត្រួតពិនិត្យ និងការគាំទ្របច្ចេកទេសជាប្រចាំ។
-មណ្ឌលសុខភាព ត្រូវអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាឱ្យបានត្រឹមត្រូវ ផ្តល់ការប្រឹក្សាដល់ស្ត្រីដោយគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូរ រក្សាការសម្ងាត់នៃព័ត៌មានសុខភាព និងធានាការបញ្ជូនអ្នកជំងឺទៅទទួលសេវាបន្តនៅពេលចាំបាច់។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ មន្ត្រីជំនាញ អ្នកចូលរួមទាំងអស់   ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមចំណែកក្នុងការរៀបចំសិក្ខាសាលានេះ និងគាំទ្រដល់ការពង្រឹងសេវាសុខាភិបាលនៅកម្ពុជា។ សូមអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធ សូមបន្តកិច្ចសហប្រតិបត្តិការ និងការគាំទ្រផ្នែកបច្ចេកទេស ធនធាន និងការកសាងសមត្ថភាព ដើម្បីរួមចំណែកពង្រឹងការបម្រើសេវាបង្ការ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូនឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព។