សៀវភៅ «ស្នាមញញឹមខ្មែរ Le Sourire du peuple cambodgien» ជាភាសាខ្មែរ និងបារាំង រួមចំណែកផ្សព្វផ្សាយអត្តសញ្ញាណកម្ពុជា និងពង្រឹងស្ពានវប្បធម៌ទៅកាន់ពិភពលោក

ភ្នំពេញ៖ ក្រសួងព័ត៌មាន សហការជាមួយសារព័ត៌មានថ្មីៗមីឌៀគ្រុប និងអង្គការស៊ីប៉ា (SIPAR) បានរៀបចំសន្និសីទសារព័ត៌មាន និងសម្ពោធជាផ្លូវការនូវសៀវភៅពីរភាសា «ស្នាមញញឹមខ្មែរ» និង «Le Sourire du peuple cambodgien» នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ពិធីនេះមានការចូលរួមពីលោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា លោក វន សំភាស់ ប្រធានអង្គការអ័ក្សសិន អេឌ្យូខេសិន លោក គី សុខលីម សហស្ថាបនិកសារព័ត៌មានថ្មីៗមីឌៀគ្រុប លោក ប៉ាស្កា មេឌីវីល អ្នកបកប្រែ និងអ្នកស្រាវជ្រាវសង្គមចិន-ខ្មែរ ព្រមទាំងម្ចាស់អង្គភាពសារព័ត៌មាន អ្នកសារព័ត៌មាន តំណាងសមាគមអ្នកសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍។

សៀវភៅ «ស្នាមញញឹមខ្មែរ» ត្រូវបានចងក្រងជាពីរភាសា គឺភាសាខ្មែរ និងភាសាបារាំង ក្រោមកិច្ចសហការរវាងអ្នកនិពន្ធជនជាតិខ្មែរ និងបរទេស ក្នុងគោលបំណងបង្ហាញពីភាពសម្បូរបែបនៃអត្តសញ្ញាណជាតិ លក្ខណៈពិសេសរបស់ប្រជាជនខ្មែរ និងសម្រស់នៃប្រទេសកម្ពុជា ជូនដល់អ្នកអានទាំងក្នុងប្រទេស និងក្រៅប្រទេស ជាពិសេសសហគមន៍និយាយភាសាបារាំង។

តាមរយៈខ្លឹមសារក្នុងសៀវភៅនេះ អ្នកអាននឹងបានស្វែងយល់អំពីភាពរួសរាយរាក់ទាក់ ការបដិសណ្ឋារកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ ព្រមទាំងស្វែងយល់កាន់តែទូលំទូលាយអំពីប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ប្រពៃណី ម្ហូបអាហារ កេរដំណែល និងសម្បត្តិធម្មជាតិរបស់កម្ពុជា។ ខ្លឹមសារទាំងនេះបានបង្ហាញពីភាពទាក់ទាញរបស់កម្ពុជា តាមរយៈទិដ្ឋភាពនៃជីវិត និងអត្តសញ្ញាណរបស់ប្រជាជនខ្មែរ ដែលជាផ្នែកសំខាន់មួយនៃមរតកជាតិ។

ការបោះពុម្ពផ្សាយសៀវភៅនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរួមរបស់សារព័ត៌មានថ្មីៗមីឌៀគ្រុប និងគ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា ដើម្បីបង្កើតស្នាដៃដែលមានគុណភាព និងតម្លៃផ្នែកវប្បធម៌ សង្គម និងការផ្សព្វផ្សាយព័ត៌មានអំពីកម្ពុជា។ ជាពិសេស សៀវភៅនេះនឹងក្លាយជាមធ្យោបាយមួយក្នុងការផ្សព្វផ្សាយរូបភាពវិជ្ជមានរបស់កម្ពុជា ទៅកាន់មិត្តបរទេស ក្នុងឱកាសដែលកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Sommet de la Francophonie) នៅរាជធានីភ្នំពេញ នាថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ការរៀបចំកិច្ចប្រជុំកំពូលនេះ គឺជាឱកាសដ៏សំខាន់សម្រាប់កម្ពុជាក្នុងការបង្ហាញពីសមត្ថភាពរៀបចំព្រឹត្តិការណ៍អន្តរជាតិ ក៏ដូចជាលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងសហគមន៍ដែលប្រើប្រាស់ភាសាបារាំង។ ក្នុងបរិបទនេះ សៀវភៅ «ស្នាមញញឹមខ្មែរ» អាចចូលរួមជាចំណែកមួយក្នុងការនាំយករឿងរ៉ាវអំពីកម្ពុជា ទៅកាន់អ្នកអានអន្តរជាតិ និងបង្កើនការយល់ដឹងអំពីប្រជាជន វប្បធម៌ និងសង្គមកម្ពុជា។

សារដែលថា «ស្នាមញញឹមរបស់ប្រជាជនខ្មែរ គឺជាស្នាមញញឹមនៃសហគមន៍របស់អ្នកនិយាយភាសាបារាំង» បានបង្ហាញពីស្មារតីនៃមិត្តភាព ការយោគយល់គ្នា និងការតភ្ជាប់វប្បធម៌រវាងប្រជាជនកម្ពុជា និងសហគមន៍ហ្វ្រង់កូហ្វូនី។ សៀវភៅនេះមិនត្រឹមតែជាស្នាដៃបោះពុម្ពផ្សាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមធ្យោបាយមួយក្នុងការ បង្ហាញពីអត្តសញ្ញាណខ្មែរ និងនាំយកស្នាមញញឹមរបស់ប្រជាជនកម្ពុជាទៅកាន់ពិភពលោកផងដែរ៕